អន្តរជាតិ
ភាព​តានតឹង​អាមេរិក​-​អុីរ៉ង់​៖ ក្រុមប្រឹក្សាសន្តិសុខ ស្នើ​ឲ្យ​មាន​កិច្ចសន្ទនា តែ​អុីរ៉ង់​ប្រកែក​
25, Jun 2019 , 2:38 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ (UNSC) នៅ​ថ្ងៃទី​២៤ ខែមិថុនា បានស្នើ​ឲ្យ​មាន​កិច្ចសន្ទនា និង​វិធានការ​ដើម្បី​បិទ​បញ្ចប់​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​។ យ៉ាងណាមិញ អ៊ីរ៉ង់ បានប្រកាស​បិទផ្លូវ​ច​រ​ចា​ជាមួយ​សហរដ្ឋ​អាម​រិ​ក ក្រោយពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ក្តៅៗ​លើ​ក្រុង​តេ​ហេ​រ៉ង់ ។

 
​ក្នុង​សេចក្តីថ្លែងការណ៍​ជា​ឯកច្ឆន្ទ​មួយ ដែល​បាន​តាក់តែង​ដោយ​ប្រទេស​កូ​វ៉ែត ក្រុមប្រឹក្សាសន្តិសុខ បាន​ថ្កោលទោស​ការវាយប្រហារ​កា​លពី​ថ្មីៗ​នេះ​លើ​នាវា​ដឹក​ប្រេង ដោយ​ចាត់ទុក​រឿងនេះ​ថា ជាការ​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ថាមពល​របស់​ពិភពលោក ព្រមទាំង​សន្តិសុខ និង​សន្តិភាព​អន្តរជាតិ​ផងដែរ​។ 
 
​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​២​ម៉ោង​រួច ស្ថាប័ន​កំពូល​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បាន​យល់ព្រម​លើ​សេចក្តីថ្លែងការណ៍​មួយ ដែល​ពុំ​និយាយ​ចំៗ​លើ​អ៊ីរ៉ង់ ប៉ុន្តែ​បានចេញ​ជំហរ​យ៉ាងច្បាស់​លាស់​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់ គួរតែ​ដើរ​ចេញពី​ការប្រឈមមុខ​ដាក់គ្នា​ដោយ​កម្លាំងយោធា​។ 
 
​ខណៈ​សមាជិក​នៃ​ក្រុមប្រឹក្សាសន្តិសុខ បាន​ជួបគ្នា នៅ​ថ្ងៃទី ២៤ ខែមិថុនា តប​តាម​ការស្នើសុំ​របស់​ក្រុង​វ៉ាស៊ីនតោន អគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ លោក Majid Takht Ravanchi បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ថានការណ៍​នេះ ពុំ​អាច​វិ​វត្ត​ដល់​កិច្ចសន្ទនា​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។ 
 
​លោក Ravanchi និយាយ​បែបនេះ​៖«​អ្នក មិនអាច​ចាប់ផ្តើម​កិច្ចសន្ទនា​ជាមួយ​នរណាម្នាក់ ដែល​កំពុង​គំរាមកំហែង​អ្នក និង​កំពុង​បំភ័យ​អ្នក​ឡើយ​»​។ លោក សង្កត់ធ្ងន់ថា នេះ​ពុំមែន​ជា​ពេលវេលា​សក្តិសម​សម្រាប់​កិច្ចសន្ទនា​នោះទេ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ជំហរ​រួមគ្នា​ពី​មហាអំណាច​ពិភពលោក​នេះ បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​លើ​អ៊ឺ​រ៉ង់ ។ សម្រាប់​ទណ្ឌកម្ម​នេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន សំដៅលើ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei និង​មេបញ្ជាការ​អ៊ីរ៉ង់​ចំនួន ៨​នាក់​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ ក្រុមប្រឹក្សាសន្តិសុខ UN ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ និង​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់ ត្រូវតែ​អនុវត្ត​ការអត់ធ្មត់​ខ្លាំង​បំផុត ព្រមទាំង​ចាត់វិធានការ និង​សកម្មភាព​នានា  ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។ បើតាម​សេចក្តីថ្លែងការណ៍​ដែល​គាំទ្រ​ដោយ​រុស្ស៊ី និង​សហរដ្ឋអាមេរិក សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ស្នើសុំ​ថា ភាពខុសគ្នា​នានា ត្រូវ​ដោះស្រាយ​ដោយ​សន្តិភាព និង​តាមរយៈ​កិច្ចសន្ទនា​។ ចំណែក ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បានស្នើ​ឲ្យ​មានការ​កាត់បន្ថយ​ភាព​តានតឹង និង​បង្កើត​កិច្ចសន្ទនា​ដោយ​គោរព​ពេញលេញ​លើ​វិធាន​អន្តរជាតិ​។ 
 
​អ៊ីរ៉ង់ ចង់​ឲ្យ​សហរដ្ឋអាមេរិក​ប​ញ្ឍ​ប់​ការដាក់ទណ្ឌកម្ម 
 
​អគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ UN លើកឡើងថា សហរដ្ឋអាមេរិក ត្រូវតែ​បញ្ឈប់​សង្គ្រាម​សេដ្ឋកិច្ច​របស់ខ្លួន​ ប្រឆាំងនឹង​ប្រជាជន​អ៊ីរ៉ង់ និង​បង្កើត​ជាថ្មី​ នូវ​ឱកាស​សម្រាប់​រៀបចំ​កិច្ចពិភាក្សា​តំបន់​ស្តីពី​កិច្ចការ​សន្តិសុខ ក្រោម​ការឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ​។ មន្ត្រី​ទូត​រូបនេះ និយាយថា ដរាបណា​ការគំរាមកំហែង​នៅតែ​បន្ត​កើតមាន វា​គ្មាន​ផ្លូវ​ណា​ដែល​អ៊ីរ៉ង់ និង​អាមេរិក​អាច​ចាប់ផ្តើម​កិច្ចសន្ទនា​បានឡើយ​។ 
 
​មែនទែនទៅ ភាព​តានតឹង ឡើងក​ម្តៅ​ខ្លាំង​ទៅៗ ក្រោយពី​អ៊ីរ៉ង់ កាលពី​សប្តាហ៍​មុន បាន​បាញ់​ទម្លាក់​ដ្រូ​ន​ស៊ើបការណ៍​អាមេរិក​មួយគ្រឿង ដែល​ក្រុង តេ​ហេ​រ៉ង់ អះអាងថា បាន​ហោះចូល​ដែនអាកាស​ខ្លួន ប៉ុន្តែ​ការលើកឡើង​នេះ ត្រូវបាន​ក្រុង​វ៉ាស៊ីនតោន​ទាត់ចោល​។ 
 
​ក្រោយ​ហេតុការណ៍​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី ២១ មិថុនា បានប្រកាស​ឲ្យ​បើក​ការវាយប្រហារ​ដែនអាកាស​លើ​អ៊ីរ៉ង់ ប៉ុន្តែ​លោក បាន​ដក​បទបញ្ជា​នេះ​ទៅវិញ ដោយ​លើក​ហេតុផល វា​នឹង​បង្ក​ការខូចខាត​ លើ​ភាគី​ទាំងសងខាង​ធ្ងន់ធ្ងរ​ពេក​។ 
 
​ម្យ៉ាងវិញទៀត អំឡុង​កិច្ចប្រជុំ​សន្តិសុខ សហរដ្ឋអាមេរិក ក៏បាន​បង្ហាញ​ពី​ភស្តុតាង ដែល​អះអាងថា អ៊ីរ៉ង់ នៅ​ពីក្រោយ​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​ ដោយ​បង្កប់​គ្រាប់បែក​លើ​នាវា​។ យ៉ាងណាមិញ ក្រុង​តេ​ហេ​រ៉ង់ បដិសេធ​នឹង​ការចោទប្រកាន់​នេះ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  អ៊ីរ៉ង់​
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com