អន្តរជាតិ
ជប៉ុន បដិសេធ​ព័ត៌មាន​លោក ត្រាំ ប្រុង​ដើរ​ចេញពី​សន្ធិសញ្ញា​ការពារ​ទ្វេភាគី​
25, Jun 2019 , 8:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សួ អាបេ នៅឯមូលដ្ឋានទ័ពអាមេរិក Yokosuka ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សួ អាបេ នៅឯមូលដ្ឋានទ័ពអាមេរិក Yokosuka ។ រូបភាព AFP
​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​២៥ ខែមិថុនា បាន​ចេញមក​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ការពារ​រវាង​អាមេរិក និង​ជប៉ុន ព្រោះ​អាមេរិក​ខាត​បង់ធំ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន Yoshihide Suga និយាយថា រដ្ឋាភិបាល​លោក ត្រាំ ប្រាប់​ជប៉ុន​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​អនុវត្តតាម​សន្ធិសញ្ញា​ដែលមាន​ជា​ធរមាន​ដដែល​។ ប៉ុន្តែ​វា​នឹង​មិនមែនជា​រឿង​ងាយ​ឡើយ​។​

 
​ព័ត៌មាន​ដែលថា អាមេរិក​ចង់​ដើរ​ចេញពី​សន្ធិសញ្ញា​ការពារ​ទ្វេភាគី​នោះ ត្រូវបាន​រាយការណ៍​ដោយ​ទូរទស្សន៍ Bloomberg នៅ​ថ្ងៃទី​២៤ ខែមិថុនា​។ បើតាម​ទូរទស្សន៍​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ជាមួយ​ទីប្រឹក្សា​របស់លោក​ជា​លក្ខណៈ​ឯកជន​ពី​បំណង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ជាមួយ​ជប៉ុន​។ នេះ​ក៏​ព្រោះ​លោក​មិន​ពេញ​ចិត្តនឹង​សន្ធិសញ្ញា​ដែល​លំអៀង​ទៅរក​ជប៉ុន ហើយ​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​។​
 
​ប៉ុន្តែ​ទូរទស្សន៍​អាមេរិក​ដដែល​បាន​ស្រង់​ប្រភពពី​មន្ត្រី​អាមេរិក​ថា ក្រោយ​និយាយ​បែប​នោះ លោក ត្រាំ ក៏​មិន​បានចេញ​បញ្ជា​ឲ្យ​ដក​អាមេរិក​ចេញ​នោះឡើយ ខណៈ​មន្ត្រីរដ្ឋបាល​របស់លោក​និយាយថា វា​ទំនងជា​មិនអាច​កើតឡើង​បានទេ​។​
 
​នៅឯ​ទីក្រុង​តូ​ក្យូ​វិញ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បាន​ចេញមក​បដិសេធ​ដំណឹង​នេះ​។ លោក Yoshihide Suga អ្នកនាំពាក្យ​ជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែមិថុនា ថា អាមេរិក​នៅតែ​ប្រកាន់ខ្ជាប់​សន្ធិសញ្ញា​ការពារ​នេះ​ដដែល ហើយ​អ្វី​ដែលមាន​ផ្សាយ​តាម​សារព័ត៌មាន​នោះ មិនមែនជា​ការពិត​ឡើយ​។ បើតាម​លោក Suga លោក ត្រាំ ជា​អ្នកអះអាង​ដោយផ្ទាល់​ពី​ជំហរ​បែបនេះ ថា ការដកខ្លួន មិនមែន​ស្របតាម​នយោបាយ​អាមេរិក​ឡើយ​។ 
 
​សូមបញ្ជាក់ថា អាមេរិក និង​ជប៉ុន បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ការពារ​លើកដំបូង​នៅ​ឆ្នាំ​១៩៥១ ព្រម​គ្នា​នឹង​ការចុះ​សន្ធិសញ្ញា California ដែល​បញ្ចប់​ជា​ផ្លូវការ​សង្គ្រាមលោកលើកទី​ពីរ​។ នៅ​ឆ្នាំ​១៩៦០ សន្ធិសញ្ញា​ទ្វេភាគី​នេះ ត្រូវបាន​ផ្លាស់ប្ដូរ​ចំណុច​ខ្លះ​ដែល​ក្នុងនោះ​មានការ​ផ្ដល់​សិទ្ធិ​ឲ្យ​អាមេរិក​បោះទីតាំង​ទ័ព​នៅ​លើ​ទឹកដី​ជប៉ុន ជា​ថ្នូរ​នឹង​ការសន្យា​របស់​អាមេរិក​ក្នុង​ការជួយ​ជប៉ុន​ពេល​រង​ការវាយប្រហារ​ណាមួយ​។ 
 
​សន្ធិសញ្ញា​ការពារ​នេះហើយ​ដែល​បង្កើតជា​សម្ព័ន្ធភាព​ចាក់ទឹកមិនលិច​រវាង​អាមេរិក និង​ជប៉ុន​ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ​មកនេះ​។ ជប៉ុន ទទួលបាន​ប្រយោជន៍​ក្រាស់ក្រែល​ផងដែរ​ពី​ការការពារ​របស់​អាមេរិក ព្រោះ​ក្រោយ​ការបញ្ចប់​សង្គ្រាម មិនសូវ​បារម្ភ​ពី​ការវាយប្រហារ​ណាមួយ ហើយ​បែរ​ជាមាន​ពេលវេលា និង​ធនធាន​ដើម្បី​អភិវឌ្ឍ​ប្រទេស​យ៉ាង​រហ័ស ហើយ​ក្លាយជា​ប្រទេស​រីកចម្រើន​ដូច​សព្វថ្ងៃ​។ 
 
​ជាមួយនឹង​ការចាត់​ទុកជា​រឿង​លំអៀង លោក​ប្រធានាធិបតី ត្រាំ ដែល​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ធំៗ​ជា​បន្តបន្ទាប់ បាន​រិះគន់​សន្ធិសញ្ញា​ការពារ​មួយ​នេះ​ទៀតថា តម្រូវ​ឲ្យ​អាមេរិក​ចេញ​ទ័ព​ជួយ​ជប៉ុន តែ​មិន​តម្រូវ​ឲ្យ​ជប៉ុន​ចេញ​ទ័ព​ជួយ​អាមេរិក​ឡើយ​។ ក្នុងន័យនេះ លោក ត្រាំ ដែល​កំពុង​អនុវត្ត​នយោបាយ​គិតគូរ​ពី​ផលប្រយោជន៍​អាមេរិក​មុន​នោះ ចង់បាន​សន្ធិសញ្ញា​ថ្មី​ដែលមាន​ទៅ​មានមក​។​
 
​មិនមែន​តែ​រឿងនេះ​មួយ​ឡើយ លោក ត្រាំ កំពុង​មិន​សប្បាយចិត្ត​ដែរ​ជុំវិញ​ការផ្លាស់ប្ដូរ​ទីតាំង​បន្ទាយទ័ព​អាមេរិក​នៅ​កោះ​អូ​គី​ណា​វ៉ា​នោះ​។ ក្រុង​តូ​ក្យូ រង​សម្ពាធ​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់​ជុំវិញ​វត្តមាន​មូលដ្ឋាន​មួយ​ដែល​បង្ក​ផលប៉ះពាល់​កាន់តែខ្លាំង​ដល់​ប្រជាជន​។ ប៉ុន្តែ​លោក ត្រាំ ចង់​ឲ្យ​ជប៉ុន​ចេញថ្លៃ​ចំណាយ​ថ្លៃ​រើ​បន្ទាយទ័ព​មួយ​នេះ​៕   
 

Tag:
 ជប៉ុន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com