ទីក្រុងតូក្យូ នៅថ្ងៃទី២៥ ខែមិថុនា បានចេញមកបដិសេធព័ត៌មានដែលផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ដកអាមេរិកចេញពីសន្ធិសញ្ញាការពាររវាងអាមេរិក និងជប៉ុន ព្រោះអាមេរិកខាតបង់ធំ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន Yoshihide Suga និយាយថា រដ្ឋាភិបាលលោក ត្រាំ ប្រាប់ជប៉ុនពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តតាមសន្ធិសញ្ញាដែលមានជាធរមានដដែល។ ប៉ុន្តែវានឹងមិនមែនជារឿងងាយឡើយ។
ព័ត៌មានដែលថា អាមេរិកចង់ដើរចេញពីសន្ធិសញ្ញាការពារទ្វេភាគីនោះ ត្រូវបានរាយការណ៍ដោយទូរទស្សន៍ Bloomberg នៅថ្ងៃទី២៤ ខែមិថុនា។ បើតាមទូរទស្សន៍នេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយជាមួយទីប្រឹក្សារបស់លោកជាលក្ខណៈឯកជនពីបំណងដកអាមេរិកចេញពីសន្ធិសញ្ញាជាមួយជប៉ុន។ នេះក៏ព្រោះលោកមិនពេញចិត្តនឹងសន្ធិសញ្ញាដែលលំអៀងទៅរកជប៉ុន ហើយធ្វើឲ្យអាមេរិកខាតបង់។
ប៉ុន្តែទូរទស្សន៍អាមេរិកដដែលបានស្រង់ប្រភពពីមន្ត្រីអាមេរិកថា ក្រោយនិយាយបែបនោះ លោក ត្រាំ ក៏មិនបានចេញបញ្ជាឲ្យដកអាមេរិកចេញនោះឡើយ ខណៈមន្ត្រីរដ្ឋបាលរបស់លោកនិយាយថា វាទំនងជាមិនអាចកើតឡើងបានទេ។
នៅឯទីក្រុងតូក្យូវិញ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ បានចេញមកបដិសេធដំណឹងនេះ។ លោក Yoshihide Suga អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមិថុនា ថា អាមេរិកនៅតែប្រកាន់ខ្ជាប់សន្ធិសញ្ញាការពារនេះដដែល ហើយអ្វីដែលមានផ្សាយតាមសារព័ត៌មាននោះ មិនមែនជាការពិតឡើយ។ បើតាមលោក Suga លោក ត្រាំ ជាអ្នកអះអាងដោយផ្ទាល់ពីជំហរបែបនេះ ថា ការដកខ្លួន មិនមែនស្របតាមនយោបាយអាមេរិកឡើយ។
សូមបញ្ជាក់ថា អាមេរិក និងជប៉ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារលើកដំបូងនៅឆ្នាំ១៩៥១ ព្រមគ្នានឹងការចុះសន្ធិសញ្ញា California ដែលបញ្ចប់ជាផ្លូវការសង្គ្រាមលោកលើកទីពីរ។ នៅឆ្នាំ១៩៦០ សន្ធិសញ្ញាទ្វេភាគីនេះ ត្រូវបានផ្លាស់ប្ដូរចំណុចខ្លះដែលក្នុងនោះមានការផ្ដល់សិទ្ធិឲ្យអាមេរិកបោះទីតាំងទ័ពនៅលើទឹកដីជប៉ុន ជាថ្នូរនឹងការសន្យារបស់អាមេរិកក្នុងការជួយជប៉ុនពេលរងការវាយប្រហារណាមួយ។
សន្ធិសញ្ញាការពារនេះហើយដែលបង្កើតជាសម្ព័ន្ធភាពចាក់ទឹកមិនលិចរវាងអាមេរិក និងជប៉ុនក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ។ ជប៉ុន ទទួលបានប្រយោជន៍ក្រាស់ក្រែលផងដែរពីការការពាររបស់អាមេរិក ព្រោះក្រោយការបញ្ចប់សង្គ្រាម មិនសូវបារម្ភពីការវាយប្រហារណាមួយ ហើយបែរជាមានពេលវេលា និងធនធានដើម្បីអភិវឌ្ឍប្រទេសយ៉ាងរហ័ស ហើយក្លាយជាប្រទេសរីកចម្រើនដូចសព្វថ្ងៃ។
ជាមួយនឹងការចាត់ទុកជារឿងលំអៀង លោកប្រធានាធិបតី ត្រាំ ដែលដកអាមេរិកចេញពីកិច្ចព្រមព្រៀងធំៗជាបន្តបន្ទាប់ បានរិះគន់សន្ធិសញ្ញាការពារមួយនេះទៀតថា តម្រូវឲ្យអាមេរិកចេញទ័ពជួយជប៉ុន តែមិនតម្រូវឲ្យជប៉ុនចេញទ័ពជួយអាមេរិកឡើយ។ ក្នុងន័យនេះ លោក ត្រាំ ដែលកំពុងអនុវត្តនយោបាយគិតគូរពីផលប្រយោជន៍អាមេរិកមុននោះ ចង់បានសន្ធិសញ្ញាថ្មីដែលមានទៅមានមក។
មិនមែនតែរឿងនេះមួយឡើយ លោក ត្រាំ កំពុងមិនសប្បាយចិត្តដែរជុំវិញការផ្លាស់ប្ដូរទីតាំងបន្ទាយទ័ពអាមេរិកនៅកោះអូគីណាវ៉ានោះ។ ក្រុងតូក្យូ រងសម្ពាធខ្លាំងពីសំណាក់ប្រជាជនក្នុងតំបន់ជុំវិញវត្តមានមូលដ្ឋានមួយដែលបង្កផលប៉ះពាល់កាន់តែខ្លាំងដល់ប្រជាជន។ ប៉ុន្តែលោក ត្រាំ ចង់ឲ្យជប៉ុនចេញថ្លៃចំណាយថ្លៃរើបន្ទាយទ័ពមួយនេះ៕