ជាតិ
សេដ្ឋកិច្ច
ក្រោយរដូវភ្លៀង ផ្លូវជាតិលេខ២ ត្រូវចាប់ផ្ដើមសាងសង់ដែលចំណាយ៤៥លានដុល្លារ
× ភ្នំពេញ៖ កិច្ចព្រមព្រៀងគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ខែមិថុនានេះ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ។
ការសាងសង់ក្នុងគម្រោងនេះ គឺកម្ពុជាទទួលកម្ចីពីភាគីកូរ៉េ ដែលគ្រោងនឹងចំណាយ ៤៥,៧លានដុល្លារ ដោយមិនទាន់គិតប្រាក់បម្រុង ៨លានដុល្លារ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ។
ផ្លូវជាតិលេខ២នេះ នឹងត្រូវចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៩ខាងមុខនេះ និងប្រើរយៈពេល៣០ខែដើម្បីបញ្ចប់។ លោក ស៊ុន ចាន់ថុល ឲ្យដឹងដូច្នេះថា«ឥឡូវយើងចុះកិច្ចព្រមព្រៀង តែក៏មិនអាចទាន់ចាប់ផ្ដើមសាងសង់ភ្លាមដែរ ចាំដល់រដូវភ្លៀងធ្លាក់ផុតសិន ដែលអាចខែវិច្ឆិកា ឬយ៉ាងយូរខែធ្នូ»។
គម្រោងនេះត្រូវបែងចែកជា៣កំណាត់ ដោយផ្លូវត្រូវក្រាលបេតុងកៅស៊ូ( AC)។ ទី១ ចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ ប្រវែងជាង៨គីឡូម៉ែត្រ ដោយពង្រីកទៅជា៤គន្លង ទទឹង១៥ម៉ែត្រសម្រាប់តំបន់នប្រជុំជន និង២០,៥ម៉ែត្រនៅក្រៅទីប្រជុំជន។ ទី២ ចាប់ពីរង្វង់មូលស្ដ្រីបីកួរស្រូវ ដល់រង្វងមូលអូរចំបក់ជិតទីរួមខេត្តតាកែវ ប្រវែង ៥៣,៨គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះមាន២គន្លង និងទទឹង១៣ម៉ែត្រ។ ទី៣ ផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោមប្រវែងជាង៩គីឡូម៉ែត្រ។ សរុបប្រវែងផ្លូវនៃគម្រោងនេះគឺសរុប ៧២គីឡូម៉ែត្រ។
រីឯការដោះស្រាយផលប៉ះពាល់ចំពោះគម្រោងផ្លូវជាតិលេខ២នេះ រដ្ឋមន្ត្រីក្រសួងសាធារណការអះអាងថា មានការដោះស្រាយត្រឹមត្រូវ។ សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com