អន្តរជាតិ
ការស្ទង់មតិ​៖ លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ​ជាង​ការរំពឹងទុក នៅ​ជុំវិញ​ពិភពលោក
26, Jun 2019 , 8:29 am        
រូបភាព
ដោយ:
​ត្រឹម​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​លើ​ពិភពលោក គិតថា ប្រទេស​របស់​ពួកគេ គោរព​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​។ នេះ​បើតាម​ការស្ទង់មតិ​មួយ ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ២៥ មិថុនា ដោយបាន​រកឃើញ​ទៀតថា ប្រជាជន​អឺរ៉ុប​ជាច្រើន យល់ឃើញថា ឧស្សាហកម្ម​ធនាគារ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គឺជា​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​។

 
​ការស្ទង់មតិ​លើ​មនុស្ស​ជាង ១៥​ម៉ឺន​នាក់ មកពី​បណ្តា​ប្រទេស​ចំនួន ៥៧ ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ចំនួន​ពីរ រួមមាន Dalia Research និង  Alliance of Democracies Foundation បាន​រកឃើញថា ទោះបីជា​ក្នុង​បណ្តា​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​ក្តី ប្រជាជន​ប្រមាណ ៣៨​ភាគរយ មិន​ពេញចិត្ត​ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការគ្រប់គ្រង​របស់​រដ្ឋ​ឡើយ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Dalia Research លោក Nico Jaspers គូសបញ្ជាក់ថា បច្ចុប្បន្ននេះ ហានិភ័យ​ធំ​បំផុត​សម្រាប់​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ គឺថា ប្រជាជន លែង​មើលឃើញ​ប្រទេស​ទាំងនោះ​ថា ជា​ប្រទេស​គោរព​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ទៀតហើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ក្នុង​សហរដ្ឋអាមេរិក ត្រូវបាន​បែងចែក​ជា​២ ដែល​ក្នុងនោះ ៤៦​ភាគរយ ជឿជាក់ថា ប្រទេស​ខ្លួន គោរព​លទ្ធិប្រជាធិបតេយ្យ ចំណែកឯ ៤០​ភាគរយ ជឿជាក់ថា ប្រទេស​ខ្លួន គោរព​លទ្ធិប្រជាធិបតេយ្យ​ពុំទាន់​គ្រប់គ្រាន់​នៅឡើយ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​អាមេរិក និយាយថា សហរដ្ឋអាមេរិក មាន​ឥទ្ធិពល​វិជ្ជមាន​លើ​លទ្ធិប្រជាធិបតេយ្យនៅ​ជុំវិញ​ពិភពលោក ទោះបីជា​មនុស្ស​ភាគច្រើន​ក្នុង​បណ្តា​ប្រទេស​លោកខាងលិច ដូចជា កាណាដា និង​ភាគច្រើន​ក្នុង​តំបន់​អឺរ៉ុប មាន​អារម្មណ៍​ថា ឥទ្ធិពល​នោះ មាន​លក្ខណៈ​អវិជ្ជមាន​។ 
 
​ដោយឡែក ប្រជាជន​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ភាគច្រើន យល់ឃើញថា ឧស្សាហកម្ម​ហិរញ្ញវត្ថុ និង​ធនា​គារ មាន​ឥទ្ធិពល​អវិជ្ជមាន ​លើ​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​ពួកគេ ក្នុងនោះ​ប្រទេស​ក្រិ​ក ទទួលរង​ការរិះគន់​ខ្លាំងជាងគេ​​​។ ការស្ទង់មតិ បាន​រកឃើញ​បែបនេះ ដោយ​លើកឡើង​ពី​ឧទាហរណ៍​ថា ១០​ឆ្នាំ​ក្រោយពី​វិបត្តិ​បំណុល ដែល​បាន​រុញច្រាន​ប្រជាជន​ក្រិ​ក​ជាច្រើន ​ឲ្យ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​។ 
 
​បន្ថែម​ពី​រឿងនេះ ច្រើនជាង ៤០​ភាគរយ ​នៃ​ប្រជាជនដែល​រស់នៅក្នុង​សហរដ្ឋអាមេរិក កាណាដា និង​អូទ្រីស ជឿជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជា Facebook និង Twitter មាន​ឥទ្ធិពល​អ​វិ​ជ្ច​មាន​ លើ​លទ្ធិប្រជាធិបតេយ្យ​៕
 

Tag:
 ​លទ្ធិប្រជាធិបតេយ្យ​
  ការស្ទង់មតិ
© រក្សាសិទ្ធិដោយ thmeythmey.com