ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុគួរឲ្យភ្ញាក់ផ្អើលដែលធ្វើឲ្យលើសសម្ពាធឈាម
× យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការជក់បារី និងការញ៉ាំអាហារប្រៃៗច្រើនតែធ្វើឲ្យលើសសម្ពាធឈាមបាន។ ប៉ុន្តែតើអ្នកមានដឹងទេថា មានរឿងជាច្រើនផ្សេងទៀតដែលអាចធ្វើឲ្យលើសសម្ពាធឈាមដែរ។
ខាងក្រោមនេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយចំនួន ដែលធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់បាន៖
ចូលចិត្តញ៉ាំផ្អែម
ការញ៉ាំរបស់ផ្អែមៗច្រើនមិនត្រឹមតែមិនល្អចំពោះធ្មេញទេ តែក៏ប៉ះពាល់ដល់សម្ពាធឈាមដែរ។ នេះដោយសារតែ ជាតិផ្អែមកែឆ្នៃនេះអាចជំរុញដល់ការរលាកក្នុងខ្លួន។ អ្នកជំនាញនិយាយថា ការរលាកនេះអាចធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ហើយការលើសសម្ពាធឈាមក៏ជាផ្នែកមួយរបស់វាដែរ។
ញ៉ាំគ្រឿងស្រវឹងច្រើនៗ
ខណៈពេលដែលវាជាការពិតមួយថា គ្រឿងស្រវឹងអាចជំរុញដល់សុខភាពនៅពេលញ៉ាំក្នុងកម្រិតមធ្យម តែការញ៉ាំច្រើនពេកអាចបង្កជារឿងផ្ទុយគ្នាវិញ។ រឿងមួយក្នុងចំណោមរឿងជាច្រើនដែលអាចកើតចេញពីការញ៉ាំគ្រឿងស្រវឹងច្រើនៗគឺ លើសសម្ពាធឈាមតែម្តង។
គេងបាត់ដង្ហើម
បើសិនជាអ្នកភ្ញាក់ពីគេងមកមិនមានអារម្មណ៍ស្រស់ស្រាយ ព្រមទាំងស្រមុកឮៗទៀតនោះ មានន័យថាអ្នកកំពុងតែមានបញ្ហាគេងបាត់ដង្ហើមហើយ ដែលវាអាចនឹងធ្វើឲ្យលើសសម្ពាធឈាមបាន។ បញ្ហានៃការគេងនេះមិនអាចធ្វើឲ្យអ្នកទទួលបានគុណភាពនៃការគេងឡើយទោះបីជាអ្នកគេងលក់ក៏ដោយ។
ស្ត្រេសគ្រប់ពេល
អ្នកជំនាញនិយាយថា ស្ត្រេសរ៉ាំរ៉ៃគឺជារឿងដែលត្រូវការគ្រប់គ្រងឲ្យបាន ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កបញ្ហាដល់សុខភាពច្រើនផង។ ចូរព្យាយាមចៀសវាងមូលហេតុនាំឲ្យស្ត្រេសឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
នៅក្នុងបន្ទប់សូណា និងងូតទឹកក្តៅ
និយាយដល់អ្នកស្ត្រេសវិញ មនុស្សភាគច្រើនប្រើប្រាស់ការនៅក្នុងបន្ទប់សូណា និងងូតទឹកក្តៅដើម្បីរំងាប់អារម្មណ៍ស្ត្រេស។ ប៉ុន្តែបើសិនជាអ្នកលើសសម្ពាធឈាម អ្នកគួរតែស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍ផ្សេងវិញ ព្រោះថា វិធីទាំងពីរនេះអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់បាន។ ដើម្បីសុវត្ថិភាព គួរតែពិគ្រោះជាមួយគ្រូពេទ្យជានិច្ច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com