អន្តរជាតិ
ជប៉ុន បន្ត​នាំមុខ​ចិន ក្នុងការ​ប្រជែង​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ីអាគ្នេយ៍
26, Jun 2019 , 9:46 am        
រូបភាព
ប្រភពរូប៖​ AFP
ប្រភពរូប៖​ AFP
ដោយ:
​ជប៉ុន នៅតែ​បន្ត​នាំមុខ​ក្នុងការ​ប្រណាំងប្រជែង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តទល់​នឹង​ចិន ជាមួយនឹង​គម្រោង​នានា​ដែល​នៅ​ពុំទាន់​សម្រេច មានតម្លៃ​ស្ទើរតែ ១,៥ ដង ច្រើនជាង​ដៃគូ​ប្រជែង​ខ្លួន​។ នេះ​យោងតាម​ទិន្នន័យ​ចុងក្រោយ​ពី Fitch Solutions ។

 
​គម្រោង​នានា​ដែល​គាំទ្រ​ដោយ​ជប៉ុន ក្នុងប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​៦​ក្នុង​តំបន់ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម មានតម្លៃ​ស្មើនឹង ៣៦៧​ពាន់​លាន​ដុល្លារ​។ ចំណែក តួលេខ​របស់​ចិន ស្មើនឹង ២៥៥​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ដដែល ដែល​ដក​ក​ស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​។ 
 
​របាយការណ៍​ខាងលើ កត់សម្គាល់​ពី​តម្រូវការ​យ៉ាង​ធំធេង​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា ការឈាន​មុខរប​ស់ជ​ប៉ុន​លើ​ចិន ទោះបីជា​ការជំរុញ​រប​ស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុងការ​ចំណាយ​លើ​ការសាងសង់​កំពង់ផែ និង​ផ្លូវដែក​ជាដើម តាមរយៈ​គំនិត​ផ្តួចផ្តើម​វិថី និង​ខ្សែក្រវាត់​ក៏ដោយ​ក្តី ។​
 
​ដោយឡែក តួលេខ​ចុងក្រោយ​របស់ Fitch Solutions រាប់បញ្ចូល​តែ​គម្រោង​នានា​ដែល​ស្ថិតក្នុង​ដំណាក់កាល​រង់​ចាំ​រួមមាន កំពុង​រៀបចំ​ផែនការ សិក្សា ត្រៀម​ស្នើច្បាប់ និង​បច្ចុប្បន្ន​ស្ថិតក្រោម​ការសាងសង់​។ ទិន្នន័យ​របស់ Fitch ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បង្ហាញថា ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជប៉ុន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ស្មើនឹង ២៣០​ពាន់​លាន​ដុល្លារ រីឯ​ចិន​ស្មើនឹង ១៥៥​ពាន់​លាន​ដុល្លារ​។ 
 
​តាម Bloomberg ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ប៉ាន់​ស្មានថា បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នឹង​ត្រូវការ​ការវិនិយោគ​ប្រមាណ ២១០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០៣០ ក្នុង​គោលដៅ​ដើម្បី​រក្សា​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​។​
 
​សូមបញ្ជាក់ថា វៀតណាម ជា​គោលដៅ​ធំ​បំផុត​សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជប៉ុន​ក្នុង​តំបន់​ជាមួយ​គម្រោង​នានា​ដែល​នៅ​រង់ចាំ​មានតម្លៃ​ស្មើនឹង ២០៩​ពាន់​លាន​ដុល្លារ ពោលគឺ​ច្រើនជាង​ពាក់កណ្តាល​នៃ​លុយ​វិនិយោគ​សរុប​របស់​ជប៉ុន​។  ក្នុងចំណោម​គម្រោង​ទាំងនោះ ក៏មាន​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​តម្លៃ ៥៨,៧​ពាន់​លាន​ដុល្លារ​ដែល​ភ្ជាប់​រវាង​រដ្ឋធានី ហាណូយ និង​ទីក្រុង​ហូជីមិញ​ផងដែរ​។ 
 
​សម្រាប់​ចិន ឥណ្ឌូណេស៊ី គឺជា​អតិថិជន​ស្នូល ដែលមាន​ខ្ទង់​វិនិយោគ ៩៣​ពាន់​លាន​ដុល្លារ ឬ​ប្រមាណ ៣៦​ភាគរយ នៃ​លុយ​វិនិយោគ​សរុប​របស់​ចិន​ក្នុង​តំបន់​។ ក្នុងចំណោម​នោះ គម្រោង​ដែលមាន​តម្លៃ​ជាងគេ គឺជា ទំនប់​វា​រី​អគ្គិសនី​ទន្លេ Kayan ក្នុង​ខេត្ត North Kalimantan ដែល​ស្មើនឹង ១៧,៨​ពាន់​លាន​ដុល្លារ​។ 
 
​តាម Bloomberg នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ (​លើកលែង​ទី​ម័​រ​ខាងកើត​) បច្ចុប្បន្ននេះ ជប៉ុន មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​ម្ចាស់ផ្ទះ​ចំនួន ២៤០ គម្រោង​។ ចំណែក​ចិន​មាន ២១០​គម្រោង ៕

Tag:
 ​ជប៉ុន​
  ចិន​
  អាស៊ីអាគ្នេយ៍​
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com