អន្តរជាតិ
អង់គ្លេស ផ្អាក​នាំចេញ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​កៅស៊ូ​ទៅ​ហុងកុង
26, Jun 2019 , 2:13 pm        
រូបភាព
ប៉ូលិសហុងកុងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ហ្វូងបាតុករ។ រូបភាព AFP
ប៉ូលិសហុងកុងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ហ្វូងបាតុករ។ រូបភាព AFP
​ចក្រភព​អង់គ្លេស បាន​ផ្អាក​នាំចេញ​សម្ភារ​គ្រប់គ្រង​ការប្រមូលផ្ដុំ​មាន​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​កៅស៊ូ​ជ័រ​ទៅកាន់​ហុងកុង​។ ការផ្អាក​នេះ ធ្វើឡើង​ស្របពេល​ដែល​ទីក្រុង​ឡុង​ដ៍​អំពាវនាវ​ទៅកាន់​រដ្ឋាភិបាល​ហុងកុង​ឲ្យ​ស៊ើបអង្កេត​ការប៉ះទង្គិច​រវាង​ប៉ូលិស និង​ក្រុមបាតុករ​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​នាំ​ឲ្យ​មនុស្ស​រាប់សិប​នាក់​រងរបួស ដោយសារ​ប៉ូលិស​ហុងកុង បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​កៅស៊ូ​ដើម្បី​បំបែកហ្វូង​បាតុករ​។

 
​អតីត​ម្ចាស់​អាណានិគម​ហុងកុង គឺ​អង់គ្លេស នៅតែ​ខ្វល់ខ្វាយ​សភាពការណ៍​នៅ​អតីត​ទឹកដី​របស់ខ្លួន ដែល​កំពុងតែ​ញាប់​ញ័រ​ដោយសារ​រលក​បាតុកម្ម​តវ៉ា​នឹង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​មួយ​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ជេ​រេ​មី ហាន់ ប្រាប់​សមាជិកសភា​នៅ​ថ្ងៃទី​២៥ ខែមិថុនា ថា អង់គ្លេស នៅតែ​បារម្ភ​ពី​ស្ថានភាព​នៅ​ហុងកុង​ដដែល​។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​តំបន់​ស្វយ័ត​មួយ​នេះ បើ​ការស្រាវជ្រាវ​ឯករាជ្យ​មួយ​ដើម្បី​រក​ការពិត​ក្នុង​អំពើហិង្សា​អំឡុងពេល​តវ៉ា​។​
 
​ក្រោយ​ការប៉ះទង្គិច​នៅ​ហុងកុង អង់គ្លេស​ក៏​ផ្អាក​ការនាំចេញ​សម្ភារៈ​គ្រប់គ្រង​ការជួបជុំ​ទៅកាន់​ហុងកុង​សិន រហូតដល់​សភាពការណ៍​ល្អប្រសើរ​ឡើងវិញ​។ លោក ហាន់ ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​សភា​ថា លទ្ធផល​នៃ​ការស៊ើបអង្កេត នឹងត្រូវ​ប្រើ​ក្នុងការ​វាយតម្លៃ​លើ​សំណើ​ទិញ​សម្ភារ​ទាំងនោះ​នៅ​ថ្ងៃ​អនាគត ហើយ​អង់គ្លេស​នឹងមិន​ផ្ដល់​សិទ្ធិ​ឲ្យ​មានការ​នាំចេញ​នេះ​ឲ្យ​ប៉ូលិស​ហុងកុង​ឡើយ បើ​មិន​ទទួលបាន​ការបកស្រាយ​ពេញចិត្ត​ទាក់ទង​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​មូលដ្ឋាន​នៅ​ហុងកុង​ទេនោះ​។​
 
​ទីក្រុង​ឡុង​ដ៍​ផ្ដល់​សិទ្ធិ​នាំចេញ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅ​ឲ្យ​ប៉ូលិស​ហុងកុង​ចុងក្រោយ​បំផុត​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​សិទ្ធិ​នាំចេញ​គ្រាប់កាំភ្លើង​កៅស៊ូ ត្រូវបាន​ផ្ដល់​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ។ ប៉ុន្តែ​នៅ​ខែមេសា ឆ្នាំ​២០១៩ អង់គ្លេស​បាន​ផ្អាក​ការនាំចេញ​ខែល​ការពារ​ដែល​ប៉ូលិស​ហុងកុង​ត្រូវការ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បាតុកម្ម​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​បច្ចុប្បន្ន​ត្រូវបាន​ព្យួរ​ដោយ​គ្មាន​ពេល​កំណត់ ជាការ​តវ៉ា​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ហុងកុង​ក្រោយ​អង់គ្លេស​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ចិន​ក្នុង​ឆ្នាំ​១៩៩៧ ។ ពលរដ្ឋ​ហុងកុង​រាប់សិប​ម៉ឺន​នាក់ បាន​ចុះ​ដើរ​តាម​ដងផ្លូវ​ដើម្បី​ទាមទារ​ឲ្យ​គ្រវែង​សំណើ​ច្បាប់​នេះ​ចោល និង​ទាមទារ​ឲ្យ​ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស Carrie Lam ចុះ​ចេញពី​តំណែង​។ បាតុករ​ក៏​ទាមទារ​ឲ្យ​ស៊ើបអង្កេត​លើ​ប៉ូលិស​ដែល​លេង​ខ្លាំង​ដៃ​ពេល​ប៉ះទង្គិច​ជាមួយ​អ្នកប្រឆាំង​។​
 
​កាត​វ៉ា​របស់​ប្រជាជន​មិនទាន​ចប់​ឡើយ ព្រោះ​ការទាមទារ​សំខាន់ៗ​របស់​ពួកគេ មិន​ត្រូវបាន​រដ្ឋាភិបាល​គិតគូរ​ឡើយ ដ្បិត​លោកស្រី Lam បាន​សុំទោស​ពីរដង​ពិតមែន តែ​មិនបាន​និយាយ​ដល់​រឿង​លាលែង​ពី​តំណែង​អ្វី​ឡើយ ខណៈ​សំណើ​ច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​បើកផ្លូវ​ដល់​ការបញ្ជូន​ជនសង្ស័យ​ទៅ​កាត់ក្ដី​នៅ​តុលាការ​ចិនដីគោក​នោះ ក៏​មិនទាន់​ត្រូវបាន​បោះបង់​ទាំងស្រុង​ដែរ ដោយ​ត្រឹមតែ​ផ្អាក​ការជជែក​នៅ​សភា​ហុងកុង​ប៉ុណ្ណោះ​៕ 

Tag:
 អង់គ្លេស​
  ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com