ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង៖ អភិបាលខណ្ឌត្រូវទទួលខុសត្រូវ បើមានសំណង់ខុសច្បាប់បង្កគ្រោះថ្នាក់
26, Jun 2019 , 2:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញលិខិតមួយដល់រដ្ឋបាលខណ្ណទាំង១៤ ដោយបញ្ជាឲ្យអភិបាលខណ្ឌទាំងអស់ត្រូវខិតខំទប់ស្កាត់ការសាងសង់ដែលគ្មានច្បាប់អនុញ្ញាត ឬសង់ខុសច្បាប់អនុញ្ញាត។



លិខិតដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង នៅថ្ងៃទី២៥ខែមិថុនា បានគូសបញ្ជាក់ថា បើទោះជារដ្ឋបាលក្រុងណែនាំដល់រដ្ឋបាលខណ្ឌជាច្រើនលើកក៏ដោយ តែសំណង់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតមានជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោក ឃួង ស្រេង សង្កត់ធ្ងន់ដូច្នេះថា៖«ដើម្បីគ្រប់គ្រងការសាងសង់គ្រប់ប្រភេទឲ្យស្របតាមប្លង់គោលរាជធានី និងលក្ខណៈបច្ចេកទេសសំណង់ រដ្ឋបាលរាជធានីស្នើឲ្យលោកអភិបាលខណ្ឌត្រូវខិតខំទប់ស្កាត់រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ឲ្យខានតែបាន និងឲ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្តឹងការគោរពលិខិតបទដ្ឋានគតិយុត្ត និងធានាសុវត្ថិភាពនិងគុណភាពជូនប្រជាពលរដ្ឋ»។

អភិបាលខណ្ឌត្រូវទទួលវិន័យរដ្ឋបាល ចំពោះការថ្លោះធ្លោយឲ្យកើតមានករណីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលបណ្ដាលពីសំណង់ខុសច្បាប់ទាំងនោះ។ «ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាត ឬខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមាន ហើយបង្កឲ្យមានគ្រោះថ្នាក់ និងបង្កព្យសនកម្មដល់អាយុជីវិតប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លោកអភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាលតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

គួរបញ្ជាក់ថា បន្ទាប់ពីមានករណីបាក់រលំអគារនៅខេត្តព្រះសីហនុដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់នោះមក មិនថាក្រសួង ឬក៏រដ្ឋបាលថ្នាក់ក្រោមនោះទេ គឺកាន់តែរឹតបន្តឹងការអនុវត្តចំពោះសំណង់អគារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសឧបទ្ទវហេតុណាមួយ៕

Tag:
 សំណង់
  អភិបាលខណ្ឌ
  ភ្នំពេញ
  ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com