អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាំបាច់ ក្នុងការ​ផ្លាស់ប្តូរ​ទៅជា​ទីក្រុង​ឆ្លាត​វៃ​
26, Jun 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ទីក្រុង ហើយ​ស្ថិតក្នុង​ដំ ណាក់​កាល​ចាំបាច់ ក្នុងការ​ផ្លាស់​ទៅជា​ទីក្រុង​ឆ្លាត​វៃ​។ នេះ​បើ​យោងតាម​អ្នកជំនាញ ដែល​បានលើកឡើង ក្នុង​កិច្ចពិភាក្សា​មួយ​កាលពី​ថ្ងៃ​អង្គារ​។​
 
​កិច្ចពិភាក្សា​ទាក់ទង​នឹង ទីក្រុង​វៃឆ្លាត និង​អនាគត នៃ​ការអភិវឌ្ឍ​ទីក្រុង ត្រូវបាន​រៀបចំឡើង​នៅ​ភ្នំពេញ ដែលជា​កិច្ចសហការ​រៀបចំ​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ CBRE ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ DFDL និង​ក្រុមហ៊ុន​ផ្នែក​សំណង់ Archetype​។​
 
​លោក Guillaume Massin សហ​អគ្គនាយក​ក្រុមហ៊ុន DFDL Cambodia បានលើកឡើង​នៅក្នុង​កិច្ចពិភាក្សា​ថា​ទីក្រុង​ភ្នំពេញ គឺជា​ទីក្រុង​ដែលមាន​ការអភិវឌ្ឍ​លឿន​រហ័ស និង​ត្រូវបាន​ផ្លាស់ប្តូរ ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​រស់​រវើក​មួយ​។ លោក​លើកឡើងថា​៖«​កាលពី​១០ ឆ្នាំមុន យើង​ស្ទើរតែ​មិនដែល​ស្រមៃ​ផង​ថា សំណង់​ផ្សារ​ទំនើប​ធំៗ និង​អគា​ខ្ពស់ៗ នឹង​លេច​រូបរាង​ដូច​ពេលនេះ​»​។ 
 
​លោក​បន្តថា ការអភិវឌ្ឍ​គម្រោង​ថ្មី និង​ការសាងសង់​អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​ថ្មី​ជាដើម សុទ្ធសឹង​ធ្វើតាម​គោល​គំនិត​ទីក្រុង​ឆ្លាត​វៃ​។ លោក បន្ថែមថា​៖«​វា​នឹងមាន​គម្រោង​ច្រើន​ទៀត​ចូលមក ប៉ុន្តែ​កម្ពុជា ត្រូវតែ​ខិតខំ​ដើម្បី​ធ្វើ​ឲ្យ​ប្រដំ​ត្រសង​នឹង​ប្រទេស​ផ្សេង​។ ខ្ញុំ​គិតថា កម្ពុ​ជាមាន​ភាព​ប្រកួតប្រជែង​ទាក់ទង​នឹង​ការរៀបចំ​ទីក្រុង​»​។​
 
​ទីក្រុង​ឆ្លាត​វៃ គឺជា​ការអភិវឌ្ឍ​ទីក្រុង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​កត់សម្គាល់​ពី​បញ្ហា​ដូចជា​កង្វះខាត​ផ្ទះ ការស្ទះ​ចរាចរណ៍ និង​ការប៉ះពាល់​បរិស្ថាន​។​
 
​ទីក្រុង​ភ្នំពេញ បាត់ដំបង និង​សៀម​រាម ត្រូវបាន​ជ្រើសរើស​ជាទី​ក្រុង សម្រាប់​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​។ ទីក្រុង​ទាំងបី​នេះ បានទទួល​ជំនួញ​ពី​រដ្ឋាភិបាល​ជប៉ុន ដើម្បី​អភិវឌ្ឍ​គម្រោង​រៀបចំ​ទីក្រុង​។​
 
​ក្រៅពី​គម្រោង​ថ្នាក់ជាតិ គម្រោង​អភិវឌ្ឍន៍​ឯកជន​មួយចំនួន ក៏​កំពុង​តម្រង់ទិស​ការអភិវឌ្ឍ​ស្របតាម​គោលការណ៍​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​ដែរ​។ ទីក្រុង​ទាំងនោះ មានដូចជា​៖ ទីក្រុង​រណប​ជ្រោយចង្វារ របស់​ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី និង​ទីក្រុង​រណប អ៊ីង ស៊ី​ធី ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន អ៊ីង គ្រុប​។​
 
​លោក សេង វណ្ណៈ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង នៅក្នុង​កិច្ចពិភាក្សា​ថា ការលើក​តម្លើង​គុណ​តម្លៃ​ទីក្រុង​វៃឆ្លាត​គឺជា​ការល្អ ប៉ុន្តែ​វា​មាន​បញ្ហា​ច្រើនណាស់​ដែល​ត្រូវ​ប្រឈម​។​
 
​ក្នុងចំណោម​បញ្ហា​ប្រឈម​ធំៗ លោក វណ្ណៈ លើកឡើងថា​ការលើកកម្ពស់​ចំណេះដឹង ក្នុងចំណោម​ប្រជាជន​កម្ពុជា និង​ជួយ​ឲ្យ​ពួកគេ​យល់​ពី​ការផ្លាស់ប្តូរ និង​របៀប​នៃ​រស់នៅក្នុង​ទីក្រុង​វៃឆ្លាត គឺជា​បញ្ហា​ប្រឈម​ចម្បង​។ លោក​ថ្លែងថា​៖«​បញ្ហា​ប្រឈម​ចម្បង​ជាងគេ គឺ​ធ្វើ​ម៉េច​ជួយ​ប្រជាជន ឲ្យ​បាន​យល់​ពីអ្វី​ដែល​ពួកគេ​ត្រូវ​ចូលរួម​សហការ នៅក្នុង​ទីក្រុង និង​ថា​តើ​ពួកគេ​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ក្លាយជា​ចំណែក​មួយ​នៃ​ការអភិវឌ្ឍ​នោះ​»​។​
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com