អន្តរជាតិ
លោក មូ​ន ចេ​អុី​ន​៖ អាមេរិក​និង​កូរ៉េខាងជើង ជួបគ្នា​ក្រោយ​ឆាក​ដើម្បី​រៀបចំ​ជំនួប​ត្រាំ​-​គីម​លើក​ទី​បី​
26, Jun 2019 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៦ ខែមិថុនា បាន​បង្ហើប​ពី​ការជជែក​ជាសំងាត់​រវាង​អាមេរិក និង​កូរ៉េខាងជើង​ជុំវិញ​ការរៀប​ចំនួប​មេដឹកនាំ​លើក​ទី​បី​។ បើតាម​លោក មូ​ន អាមេរិក ក៏បាន​ស្នើ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​រៀបចំ​ជំនួប​ថ្នាក់​ក្រុមការងារ​ផងដែរ ខណៈ​ភាគី​ទាំងពីរ​មិនបាន​ជួបគ្នា​ច្រើន​ខែ​ហើយ ពិសេស​ក្រោយ​ជំនួប​បរាជ័យ​នៅ​វៀតណាម​មក​។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ទេ​ថា លទ្ធផល​នៃ​ការជជែក​ក្រៅ​ឆាក​នេះ មាន​លទ្ធផល​យ៉ាងណា​ឡើយ​។

 
​ក្នុង​សំណេរ​ឆ្លើយតប​នឹង​សំណួរ​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ល្បីៗ​ចំនួន​៦ ប្រធានាធិបតី​កូរ៉េខាងត្បូង អះអាងថា ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង មិនមែន​ជាប់គាំង​ដូច​គេ​មើលឃើញ​ឡើយ ទោះ​គ្មាន​ការជួប​មុខ​គ្នា​ផ្លូវការ​នោះ​។ លោក មូ​ន និយាយថា ភាគី​ទាំង​ពីរបាន​ទាក់ទង​គ្នា​នៅ​ខាងក្រោយ​ឆាក​ដើម្បី​ពិនិត្យមើល​លទ្ធផល​រៀប​ចំនួប​មេដឹកនាំ​លើក​ទី​បី ក៏ដូចជា​សំណើ​របស់​អាមេរិក​ក្នុងការ​រៀបចំ​ជំនួប​មន្ត្រី​ក្រុមការងារ​។​
 
​ក្នុងការ​ឆ្លើយតប​នៅ​ថ្ងៃទី​២៦ ខែមិថុនា លោក មូ​ន ដែល​ដើរតួ​សំខាន់​ក្នុង​ការរៀបចំ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បន្តថា ភាគី​បាន​ទាក់ទង​គ្នា​ដោយ​ផ្អែកលើ​ការស្វែងយល់​ពី​ជំហរ​ភាគី​ម្ខាង​ទៀត​អំឡុងពេល​ជំនួប​នៅ​វៀតណាម​។ ខណៈ​អាមេរិក​ចង់​ឲ្យ​មាន​ជំនួប​មន្ត្រី​ថ្នាក់ក្រោម​នោះ ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ទទូច​ឲ្យ​កូរ៉េខាងជើង​ត្រឡប់​ចូល​តុ​ចរចា​ឲ្យ​បាន​ឆាប់​បំផុត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ដែល​បាន​ផ្ញើ​សំណួរ​ទៅកាន់​លោក មូ​ន ដែរ​។​
 
​ការបញ្ចេញ​ព័ត៌មាន​ដោយ​មេដឹកនាំ​កូរ៉េខាងត្បូង​ពេលនេះ ជា​សញ្ញា​ល្អ​សម្រាប់​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ ខណៈ​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​មិន​មើលមុខ​គ្នា​បួន​ខែ​ទៅហើយនោះ​។ ប៉ុន្តែ លោក មូ​ន មិន​ចាត់ទុក​បរាជ័យ​នៃ​ជំនួប​នៅ​ហាណូយ ជា​រឿង​អាក្រក់​ឡើយ​។ លោក​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​៦ ថា​៖ «​ខ្ញុំ​មើលមិនឃើញ វា​ជា​បរាជ័យ​ឡើយ ទោះ​គ្មាន​កិច្ចព្រមព្រៀង​ក៏ដោយ តែ​អ្វីដែល​បាន​ជជែក នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការចរចា​ក់នៅ​ដំណាក់កាល​បន្ទាប់​។​»
 
​តាមរយៈ​ចម្លើយ​ដដែល លោក មូ​ន ក៏​លើកឡើង​ពី​តម្រូវការ​ពេលវេលា​ក្នុងការ​ស្ដារ​ទំនុកចិត្ត​រវាង​អាមេរិក និង​កូរ៉េខាងជើង ដែល​ធ្លាប់​ប្រយុទ្ធ​យ៉ាង​ស៊ីសាច់ហុតឈាម​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣ ដែល​ចុងក្រោយ​បញ្ចប់​ត្រឹម​យុទ្ធសន្តិភាព​។ មេដឹកនាំ​មាន​និន្នាការ​សេរីនិយម​រូបនេះ​បញ្ជាក់ថា ជាមួយនឹង​ទំនាក់ទំនង​ពោរពេញ​ដោយ​អរិភាព​ជាង​៧០​ឆ្នាំ​មកនេះ វា​ជា​រឿង​លំបាក​ក្នុងការ​ហែល​កាត់​សមុទ្រ​នៃ​ភាពមិន​ទុកចិត្ត​ភ្លាមៗ​ណាស់​។​
 
​សព្វថ្ងៃ ដ្បិត​មិនបាន​ជួប​មុខ​គ្នា​ផ្លូវការ​មែន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ឆ្លើយឆ្លង​គ្នា​តាមរយៈ​សំបុត្រ​។ សម្រាប់​លោក មូ​ន ការផ្លាស់ប្ដូរ​សំបុត្រ​នេះ ជាការ​រក្សា​ឆន្ទៈ​ក្នុង​ការបន្ត​កិច្ចសន្ទនា​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ លោក មូ​ន ផ្ទាល់ ក៏​កំពុង​ស្វែងរក​ឱកាស​ដើម្បី​ជួបចរចា​លោក គីម ជា​លើក​ទី​បួន​ដែរ ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​អ្វី​ពី​មេដឹកនាំ​កូរ៉េខាងជើង​នៅឡើយ​ទេ​៕

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com