ជាតិ
អាជ្ញាធរ​ភ្នំពេញ ប្តេជ្ញា​បង្ក្រាប​គ្រឿងញៀន​តាម​ក្លិប​កម្សាន្ត​ឲ្យ​អស់ ត្រឹម​ឆ្នាំ​២០១៩
27, Jun 2019 , 8:29 am        
រូបភាព
រូបភាពពី AKP
រូបភាពពី AKP
​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អះអាងថា អាជ្ញាធរ នឹង​ចាត់វិធានការ​បង្ក្រាប​គ្រឿង​ញៀន​តាម​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ឲ្យ​អស់​នៅ​រាជធានី​ភ្នំពេញ នៅត្រឹម​ឆ្នាំ​២០១៩​នេះ ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។

 
​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា «​កិច្ចការពារ​សន្តិសុខ គឺជា​ការងារ​របស់​ស​ម​ត្ថ​កិច្ច និង​អាជ្ញាធរ ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​។ ពាក់ព័ន្ធ​នឹង​ក្លិប​កម្សាន្ត​នានា ទោះបី​តូច ឬ​ធំ នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវតែ​ចុះ​ត្រួតពិនិត្យ ហើយ​បើ​ដឹងថា​នៅក្នុង​ក្លិប​កម្សាន្ត​មាន​បង្កប់​គ្រឿងញៀន ដាច់ខាត​ត្រូវតែ​ធ្វើការ​បង្ក្រាប​បិទ​អាជីវកម្ម​ក្លិប​ទាំងនោះ​តែម្ដង​។​» ការអះអាង​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ កងកម្លាំង​សមត្ថកិច្ច និង​មន្ទីរ​ពាក់ព័ន្ធ​។ 
 
​ក្នុង​កិច្ចប្រជុំ​នេះ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​គ្រឿងញៀន​នៅតែ​អនុវត្ត​បន្ត​នៅតាម​ក្លិប​កម្សាន្ត​នានា​នៅក្នុង​រាជធានី​ភ្នំពេញ បើទោះបី​នៅតាម​ក្លិប​កម្សាន្ត​ទាំងនោះ មាន​ខ្នងបង្អែក​ប៉ុណ្ណា​ក៏ដោយ​។ គ្រប់​អង្គភាព​ពាក់ព័ន្ធ នឹងត្រូវ​អនុវត្តតាម​គោល​ការ​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា​នៅ​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ លុបបំបាត់​ឲ្យ​អស់​បញ្ហា​គ្រឿងញៀន​នៅតាម​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​នានា​នៅ​ទូទាំងប្រទេស​។​
 
​លោក ស ថេត បាន​លើកឡើងថា នៅតាម​ក្លិប​កម្សាន្ត ភាគច្រើន​លើសលុប គឺ​សុទ្ធតែជា​ស្រទាប់​យុវជន  ដែល​សេប​គ្រឿងញៀន​នៅក្នុង​ក្លិប​ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​មនុស្ស​។ សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប​ឲ្យ​អស់​បទល្មើស​នានា​នៅតាម​មូលដ្ឋាន រួមទាំង​បទល្មើស​ក្មេង​ទំនើង​អុកឡុក​នៅតាម​មូលដ្ឋាន​ជាដើម​។ ទាំងនេះ​គឺ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​ជឿជាក់​មកលើ​កងកម្លាំង​សមត្ថកិច្ច​៕ 

Tag:
 លុ​បំបាត់​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com