ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​
26, Jun 2019 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ការសិក្សា​បង្កើត​ផែនការមេ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង កំពុងស្ថិត​ក្នុង​ដំណើរការ​។


 
​នៅ​ថ្ងៃទី​២៥​ខែមិថុនា ម្សិលមិញ លទ្ធផល​នៃ​ការសិក្សា​បឋម​អំពី​ផែនការ​មេនេះ ត្រូវបាន​យកមក​ពិភាក្សា​។ កិច្ចពិភាក្សា​នេះ​ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មានការ​ចូលរួម​របស់​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋមន្ត្រី​ទទួលបន្ទុក​លេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ជាដើម​។​


 
​ការធ្វើផែនការ​មេនេះ ត្រូវបាន​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)​។ ហើយ​ការបង្កើត​ផែនការ​មេនេះ ត្រូវបាន​ជួយ​សិក្សា​ដោយ​វិទ្យាស្ថាន​នគរូបនីយកម្ម និង​រចនា​ស៊ិន​ជិន​របស់​ប្រទេស​ចិន​។ លោក Xiao Sima ប្រធាន​វិទ្យាស្ថាន​នេះ​បានធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​សិក្សា​បឋម​ពី​គម្រោង​ផែនការ​មេះ​នេះ​។​
 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច ផែនការ​មេនេះ​ត្រូវ​រួមបញ្ចូល​នូវ​ទិដ្ឋភាព​ជាច្រើន​។ ក្នុងនោះ​រួមមាន​៖ ចក្ខុវិស័យ​វែងឆ្ងាយ​ដោយ​ឈរលើ​គោលការណ៍​សំខាន់ៗ​ដូចជា តំបន់​បច្ចេកវិទ្យា​វ័យឆ្លាត បរិក្ខារ​សម្រាប់​ការ​រ​ស់​នៅ​លំដាប់​ពិភពលោក បរិស្ថាន​បៃតង តំបន់ឧស្សាហកម្ម និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ដើម្បី​បម្រើ​ឲ្យ​ខ្សែសង្វាក់​ផលិតកម្ម​ក្នុង​តំបន់​។​


រូបពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 
​ទិដ្ឋភាព​មួយទៀត ខេត្ត​ព្រះសីហនុ គឺជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដែលមាន​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បី​គាំទ្រ​វិស័យ​ឧស្សាហកម្ម​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប និង​នវានុវត្តន៍​។  ជាមួយគ្នានេះ ផែនការ​មេនេះ​ត្រូវ​បញ្ចូល​ទិដ្ឋភាព​ជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ខ្សែសង្វាក់​បៃតង​កសិកម្ម និង​តំបន់​លំនៅដ្ឋាន ព្រមទាំង​គិតគូរ​ដល់​ការផ្គត់ផ្គង់​សេវាសាធារណៈ​ដែលមាន​គុណភាព​ស្ដង់ដារ​ខ្ពស់​។​
 
​ការសិក្សា​ផែនការមេ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នេះ នឹង​បន្តធ្វើ​ទៀត​។ ជាមួយគ្នានេះ កិច្ចប្រជុំ​ខាងលើ​បានស្នើ​ឲ្យ​ក្រុមការងារ​នៃ​ការសិក្សា​នេះ គិតគូរ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ដាក់បញ្ចូល​ផែនការ​សកម្មភាព​អនុវត្ត​ជាក់លាក់​ទៅក្នុង​គម្រោង​ផែនការ​មេនេះ​៕

Tag:
 តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​
© រក្សាសិទ្ធិដោយ thmeythmey.com