ជាតិ
សង្គមជាតិ
​លោក សុខ ទូច​៖ បញ្ញវន្ត​កុំ​មានគំនិត​តួឯក អញ​និយម ត្រូវ​រួមគ្នា​ដើម្បី​ភាសាជាតិ​
27, Jun 2019 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ (​ក​.​ជ​.​ភ​.​ខ​) នៃ​រាជបណ្ឌិត្យសភាកម្ពុជា នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមិថុនា នេះ បានរៀបចំ​សិក្ខាសាលា​ស្តីពី «​បញ្ហា​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​»​។ ថ្លែង​នា​ពិធី​បើក​សិក្ខាសាលា លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានស្នើ​ឲ្យ​មានការ​ចូលរួម​ពិភាក្សា​ឲ្យ​បាន​ផុសផុល​ដើម្បី​ឲ្យ​មានការ​ឯកភាពគ្នា​ក្នុងការ​ប្រើប្រាស់​ភាសាជាតិ​។

 
«​វិទ្យាសាស្ត្រ​រីកចម្រើន ភាសា​មិនអាច​អភិរក្ស​បានទេ ត្រូវតែ​អភិវឌ្ឍ បើ​មិន​អភិវឌ្ឍ យើង​មិនអាច​ទាន់​ការរីកចម្រើន​នៃ​វិទ្យាសាស្ត្រ​ឡើយ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។ លោក សុខ ទូច បាន​បន្ថែមថា គ្មាន​ភាសា​ណាមួយ​ដែល​មិនមាន​ការអភិវឌ្ឍ​ទេ លើកលែងតែ​អ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រ គេង​លក់ ទើប​ភាសា​លក់​តាម​។​
 
​តាមរយៈ​សិក្ខាសាលា​ស្តីពី «​បញ្ហា​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» លោក សុខ ទូច បាន​អះអាងថា ពលរដ្ឋ​ខ្មែរ​ដាក់​ក្តីសង្ឃឹម​ខ្ពស់​លើ​បណ្ឌិត និង​អ្នកឯកទេស​ភាសា ដើម្បី​ឲ្យ​មានការ​ឯកភាព​លើ​ការប្រើប្រាស់​ភាសា​។​
 
​លោក​បានលើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ (​ក​.​ជ​.​ភ​.​ខ​) ដែល​តម្រូវ​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ជំនាញ​មួយ​នេះ​។ «​ក្រសួង​អប់រំ​ចេញ​ផ្សេង កសិកម្ម​ចេញ​ផ្សេង បរិស្ថាន​ចេញ​ផ្សេង តើ​មាន​ទេ​ឯកភាព​ជាតិ​?» នេះ​ជាការ​ចោទសួរ​របស់លោក សុខ ទូច ដោយ​លោក​ស្នើ​ឲ្យ​គ្រប់​ក្រសួង​ទាំងអស់ យក​គំរូ​តាម​ក្រសួងបរិស្ថាន ដែល​ចេញ​សទ្ទានុក្រម ដោយ​ឆ្លងកាត់​ការពិគ្រោះ​យោបល់ និង​ការសម្រេច​ពី​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​។ 
 
​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ទទួលស្គាល់ថា លោក​ជា​អ្នករៀបចំ​គោលនយោបាយ តែ​ពេល​សរសេរ​មួយ​បន្ទាត់ អាច​ខុស​ដល់​ទៅ​ពីរ​បី ដោយសារ​បញ្ហា​ភ្នែក និង​ភាពមិន​ចំណាប់​ក្នុងការ​សរសេរ​។ «​នេះ​ជាការ​ពិត ខ្ញុំ​ទទួលយក​ការពិត បើ​មិន​ទទួលយក​ការពិត​ទេ លើ​លោក​នេះ មិនអាច​កែប្រែ​បានឡើយ​»​។​
 
​ជាមួយគ្នា លោក សុខ ទូច បានស្នើ​សុំ​ឲ្យ​អ្នកមាន​សមត្ថភាព​ភាសា​ទាំងអស់​ចូលរួម​ផ្តល់យោបល់ និង​បង្ហាញ​សមត្ថភាព​របស់ខ្លួន ដោយ​កុំ​ឲ្យ​កើតមាន​ជំងឺ​តួឯក​។ ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ បាន​លើកឡើងថា​៖ «​បញ្ញវន្ត​ត្រូវ​រួមគ្នា​ដើម្បី​ប្រយោជន៍​ជាតិ អញ​និយម​មិនត្រូវ​ការ​ទេ ខ្ញុំ​ធ្វើការ​អ្វីមួយ​ខ្ញុំ​តែងតែ​យកគំនិត​សហគមន៍ បញ្ញវន្ត​»៕
 

Tag:
 សុខ ទូច​
 ​រាជបណ្ឌិត្យសភា​
© រក្សាសិទ្ធិដោយ thmeythmey.com