រដ្ឋមន្ត្រី​ដែនដី ស្នើ​ម្ចាស់​សំណង់ កុំ​ឲ្យ​មាន​ទម្លាប់ «​ហុច​ស្រោមសំបុត្រ​» ទៅ​មន្ត្រី​
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ដែនដី ស្នើ​ម្ចាស់​សំណង់ កុំ​ឲ្យ​មាន​ទម្លាប់ «​ហុច​ស្រោមសំបុត្រ​» ទៅ​មន្ត្រី​
27, Jun 2019 , 8:59 pm        
រូបភាព
លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំមួយម្ចាស់ម៉ៅការសំណង់ និងគណៈកម្មការត្រួតពិនិត្យ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំមួយម្ចាស់ម៉ៅការសំណង់ និងគណៈកម្មការត្រួតពិនិត្យ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានស្នើ​ដល់​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ម៉ៅការ​ទាំងអស់ ត្រូវ​បញ្ឈប់​ទម្លាប់​ហុច​ស្រោមសំបុត្រ ពេលដែល​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​របស់​ពួកគេ​។ លើសពីនេះ លោក បានស្នើ​ឲ្យ​មន្ត្រី​នៃ​គណៈកម្មការ​ត្រួតពិនិត្យ ត្រូវធ្វើ​ការ​តាម​ជំនាញ និង​គោរព​តាម​វិជ្ជាជីវៈ​របស់ខ្លួន​។

 
​ការលើកឡើង​របស់លោក ជា សុផារ៉ា គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ជាមួយនឹង​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៃ​គណៈកម្មកា​ទាំង​ត្រួតពិនិត្យ ដើម្បី​ណែនាំ​មុននឹង​ចុះ​ត្រួតពិនិត្យ​គុណភាព​និង​លក្ខណៈ​បច្ចេកទេស​នៃ​សំណង់​ទាំងអស់ ដែល​កំពុង​សាងសង់​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​។ 
 
​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ទាំងអស់ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មុននឹង​សាងសង់ ត្រូវមាន​ច្បាប់​អនុញ្ញាត និង​លិខិត​បើក​ការដ្ឋាន ជាដើម​។ លោក ក៏បាន​ប្រាប់​ម្ចាស់​សំណង់​ទាំងអស់ ឲ្យ​ត្រៀម​ឯកសារ​ទាក់ទិន​នឹង​សំណង់​របស់ខ្លួន​ផងដែរ ហើយ​មិន​ត្រូវមាន​ទម្លាប់​ហុច​ស្រោមសំបុត្រ ពេល​គណៈកម្មការ ចុះទៅ​ត្រួតពិនិត្យ​នោះទេ​។ ប៉ុន្តែ​លោក​មិនបាន​លើកឡើង​ពី​ការដាក់ពិន័យ​ចំពោះ​មន្ត្រី​ដែល​ទទួល​ស្រោមសំបុត្រ​នោះឡើយ​។ 
 
​រដ្ឋមន្ត្រី​ដែនដី សង្កត់ធ្ងន់​បែបនេះ​ថា ៖«​មន្ត្រី​ទាំងអស់​ត្រូវបំពេញ​បេសកកម្ម គឺ​អនុវត្តតាម​ជំនាញ និង​វិជ្ជាជីវៈ​ប្រកបដោយ​ក្រមសីលធម៌​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទាក់ទាញ​វិនិយោគ​កាន់តែ​ធំ កាន់តែច្រើន កាន់តែ​ល្អ​ថែមទៀត នៅក្នុង​ខេត្ត​ព្រះសីហនុ​»​។ 
 
​លើ​លស​ពីនេះ លោក ក៏បាន​អំពាវនាវ​ដល់​វិនិយោគិន កុំ​ឲ្យ​មានការ​ភិតភ័យ  ព្រោះ​គណៈកម្មការ​ចុះទៅ​នេះ មិនមែន​បំភិតបំភ័យ​នោះទេ ប៉ុន្តែ វា ជាការ​គាំទ្រ​ឲ្យ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ធានា​បរិមាណ និង​គុណភាព​។  
 
​គួរ​បញ្ជាក់ថា គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នេះ ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​កើតមាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ដែល​បណ្ដាល​ឲ្យ​មនុស្ស​២៨​នាក់​ស្លាប់ និង​រងរបួស​២៦​នាក់​។ គណៈកម្មការ​នេះ មាន​ក្រុមការងារ​បច្ចេកទេស​និង​ជំនាញ​៨​ក្រុម​៕ 

Tag:
 ជា សុផារ៉ា​
  សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com