អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​លេចធ្លោ​ទាំង​៥ ដែល​ទទួលបាន​ពានរង្វាន់ CSR ពី EuroCham Cambodia
27, Jun 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) បានរៀបចំ​សន្និសីទកាសែត​មួយ ស្តីពី​ការប្រកួតប្រជែង និង​ការប្រកាស​ពានរង្វាន់​សាជីវកម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) ឆ្នាំ​២០១៩ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា នៅ​សណ្ឋាគារ​ឡឺ រ៉ូយ៉ាល់​។ នេះ​គឺជា​ដំបូង​ហើយ ដែល EuroCham Cambodia  រៀបចំ​ការប្រកួតប្រជែង និង​ទទួល​ពានរង្វាន់ CSR​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែលជា​សមាជិក​របស់ខ្លួន ក៏ដូចជា​លើកស្ទួយ​ការទទួលខុសត្រូវ​សង្គម​របស់​វិស័យ​ឯកជន​។
 
​ក្រុមហ៊ុន​ចំនួន ៥ មកពី​វិស័យ​ផ្សេងៗ​គ្នា បាន​ពានរង្វាន់​សាជីវកម្ម​ទទួលខុសត្រូវ​សង្គម (CSR) ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាលពី​រាត្រី​ថ្ងៃទី​២៦ ខែមិថុនា នៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់​។ 


សភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំប្រទេសកម្ពុជា រៀបចំសន្និសីទកាសែតអំពីការប្រកួតនិងប្រកាសពានរង្វាន់ CSR កាលពីល្ងាចថ្ងៃទី ២៦​ មិថុនា 
 
​លោក Blaise Kilian នាយក​ប្រតិបត្តិ EuroCham Cambodia បាន​ថ្លែងថា​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​មុន​កម្មវិធី​ប្រកាស​បាន​រង្វាន់​ថា  នេះ​គឺជា​លើកទីមួយ ដែល​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រៀបចំ​ការប្រកួតប្រជែង​សាជីវកម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) នេះ​។ 
 


 
​លោក​ពន្យល់ថា​៖«​ការប្រកួតប្រជែង​នេះ គឺ​ដើម្បី​ផ្តល់​ការលើកទឹកចិត្ត ដល់​ក្រុមហ៊ុន​ដែលជា​សមាជិក​របស់​ស​ភា​ពាណិជ្ជកម្ម​អឺរ៉ុប ចំពោះ​សកម្មភាព​ទទួលខុសត្រូវ​សង្គម​របស់​ពួកគេ  ជាពិសេស​លើកស្ទួយ​ការទទួលខុសត្រូវ​សង្គម​របស់​វិស័យ​ឯកជន​»​។ 


 
លោក ហៃ ភិរម្យ តំណាង​ក្រុមប្រឹក្សាភិបាល​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប បាន​ឲ្យ​ដឹងថា សភាពាណិជ្ជកម្ម​អឺរ៉ុប ទទួលបាន​ពាក្យ​ចូលរួម​ប្រកួត​ចំនួន​២៥ ពី​ក្រុមហ៊ុន​ចំនួន​១៧ មកពី​វិស័យ​ផ្សេងៗ​គ្នា​។ ក្នុងចំណោម​នោះ មាន​ក្រុមហ៊ុន​តែ ៥​ប៉ុណ្ណោះ ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​ទទួលពាន​រង្វាន់​តាម​ផ្នែក​នីមួយៗ ដែល​កំណត់ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​។ លោក ហៃ ភិរម្យ​ដែលជា​គណៈកម្មការ​មួយរូប​ផង​នោះ បន្ថែមថា ក្រុមហ៊ុន​ដែល​ទទួលបាន​ពានរង្វាន់ ត្រូវបាន​ជ្រើសរើស និង​ផ្តល់​ពិន្ទុ​យ៉ាង​សម្រិតសម្រាំង​បំផុត ពី​សមាជិក​គណៈកម្មកា​រ​ដែលមាន​លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជា​សហប្រធាន​។ 


 
​លោក George EDGAR  ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ជា​សហប្រធាន​គណៈកម្មកា​រ​ផ្តល់​ពិន្ទុ បាន​ថ្លែងថា ក្រុមហ៊ុន​ដែល​ចូលរួម​ប្រកួតប្រជែង​សុទ្ធតែ​បាន​ព្យាយាម​បង្រួម​ផល​អវិជ្ជមាន​ទៅដល់​សង្គម​ឲ្យ​តិចតួច​បំផុត​តាម​ដែល​ធ្វើទៅបាន នៅក្នុង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ជាពិសេស​ផលប៉ះពាល់​បរិស្ថាន ផ្តល់​បរិយាកាស​ការងា​រ​, អត្ថប្រយោជន៍ និង​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ដល់​បុគ្គលិក រួមទាំង​ផ្តល់​ប្រយោជន៍​ទៅ​សហគមន៍​ផង​។ លោក George EDGAR  បញ្ជាក់ទៀតថា​៖«​ការជ្រើសរើស​ជ័យលាភី គឺ​ពិតជា​រឿង​ដ៏​លំបាក ពីព្រោះ​ក្រុមហ៊ុន​នីមួយៗ បានផ្តល់​គុណ​តម្លៃ និង​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា ទៅកាន់​សហគមន៍ ប៉ុន្តែ​សម្រាប់​សហភាព​អឺរ៉ុប ការអភិវឌ្ឍន៍​ដែលមាន​និរន្តរភាព គឺ​ត្រូវតែ​ជា​ចំណុច​ស្នូល​នៃ​គ្រប់​សកម្មភាព​អាជីវកម្ម​ទាំងអស់​»​។​
 
​ក្រុមហ៊ុន​ទាំង ៥ ដែល​បានទទួល​ពានរង្វាន់​សារ​ជីវ​កម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា រួមមាន ក្រុមហ៊ុន Chip Mong Insee ទទួលបាន​ពានរង្វាន់​«Jury's Choice-all Categories»​។ ក្រុមហ៊ុន Khmer Green Charcoal ទទួលបាន​ពានរង្វាន់ «SME Categories»​។ ក្រុមហ៊ុន Knai Bang Chatt ទទួល​ពានរង្វាន់ «Outstanding SME Categories»​។ ក្រុមហ៊ុន Kulara water  ទទួល​ពានរង្វាន់ «Large Categories» និង​ក្រុមហ៊ុន Artisans Angkor ទទួល​ពានរង្វាន់ «Outstanding Large Achievement Categories»​។​
 
​លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​សហប្រធាន​គណៈកម្មកា​ក្នុងការ​ប្រកួត​នេះ បាន​ថ្លែងថា ពានរង្វាន់​នេះ ពិតជា​មានន័យ​ណាស់​ធំធេង​ណាស់​សម្រាប់​ក្រុមហ៊ុន​ដែល​ឈ្នះ ព្រោះ​ពួកគេ​មានការ​ទទួលខុសត្រូវ​សង្គម និង​បរិស្ថាន​ខ្ពស់​ណាស់ ហើយ​បានរួម​ចំណែក​យ៉ាងច្រើន​ចំពោះ​សង្គម និង​ឆ្លងកាត់​លក្ខខណ្ឌ​វាយតម្លៃ​ច្រើន​ដំណាក់កាល​ណាស់​។​


 
​ជា​សហប្រធាន​គណៈកម្មកា​ក្នុងការ​ប្រកួត​នេះ បន្ថែម​ដូច្នេះ​៖«​ក្រុមហ៊ុន​ដែល​ប្រកួតប្រជែង មិន​ត្រឹមតែ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព ជីវភាព​របស់​បុគ្គលិក​ទេ និង​គោរព​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ​របស់​កម្ពុជា​នោះទេ ប៉ុន្តែ​គេ​បាន​អនុវត្តន៍​អ្វី ដែល​ច្បាប់​យើង​មិន​ទាមទារ​ផង​។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​សរសើរ​»​។ 




​​

​​

​​

​​

 
​សូមជម្រាបថា នេះ​គឺជា​លើក​ទី​១ ហើយ​ដែល​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា រៀបចំ​ការប្រកួតប្រជែង​ពាន រង្វាន់​សាជីវកម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម​នេះ​ឡើង​។ បន្ទាប់​ការប្រកាស​ពានរង្វាន់​នេះ សភាពាណិជ្ជកម្ម​អឺរ៉ុប សង្ឃឹមថា នឹងមាន​ក្រុមហ៊ុន​សាជីវកម្ម​កាន់តែច្រើន​ទៀត អនុវត្ត​គោល​ការទទួលខុសត្រូវ​សង្គម​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com