ជាតិ
សង្គមជាតិ
សង្គមស៊ីវិល៖ អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាកើនឡើង ខណៈអាយុក្រោម៣៥ឆ្នាំ រងសម្ពាធខ្លាំង កញ្ញា លី ពិសី ថ្លែងក្នុងកិច្ចសន្ទនា (រូបពីហ្វេសប៊ុករបស់លោក កែវ រ៉េមី)
× សហគមន៍ឥន្ទធនូកម្ពុជា អះអាងថា អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា មានការកើនឡើង បើទោះបីជាមិនមានលេខច្បាស់លាក់ក៏ដោយ។ អ្នកស្រឡាញ់ភេទដូចគ្នា ដែលហ៊ានចេញមុខចូលរួមជាមួយសមាជិកក្នុងសហគមន៍ឥន្ទធនូមានជាង២ពាន់នាក់ ហើយអ្នកដែលប្រឈមបញ្ហារងសម្ពាធខ្លាំងជាងគេគឺ អាយុក្រោម៣៥ឆ្នាំ។
ក្នុងកិច្ចសន្ទនាស្ដីអំពី ច្បាប់និងគោលនយោបាយសាធារណៈគាំពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ កញ្ញា លី ពិសី ប្រធានផ្នែកសម្របសម្រួលនៃសហគមឥន្ទធនូ លើកឡើងថា នៅកម្ពុជា អ្នកស្រឡាញ់ភេទដូចគ្នាក្រោមអាយុ៣៥ឆ្នាំ គឺទទួលរងសម្ពាធពីគ្រួសារ ការឃាត់ឃាំង និងបង្ខំឲ្យរៀបការជាមួយភេទផ្ទុយគ្នា។ ហើយពួកគេ បានរងសម្ពាធផ្លូវការផ្លូវចិត្ត និងរងការរើសអើងពីសង្គម រហូតបណ្ដាលឲ្យរត់ចេញពីផ្ទះក៏មាន។ លើសពីនេះ ពួកគេ ប្រឈមបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយមិនមានការងារធ្វើ ដែលងាយនឹងបោះបង់ការសិក្សាជាដើម។
កញ្ញា លី ពិសី បន្តថា អ្នកស្រឡាញ់ភេទដូចគ្នា ព្រួយបារម្ភពីបញ្ហាសុខភាពផ្លូវចិត្ត សុភាពផ្លូវភេទ និងផ្នែកហិរញ្ញវត្ថុ។ ដោយឡែកអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានអាយុ៣៥ឆ្នាំឡើង អាចនឹងមិនសូវរងសម្ពាធ ដោយសារពួកគាត់អាចនឹងមានផ្នែកហិរញ្ញវត្ថុឬការងារ និងគ្រួសារឬអ្នកជុំវិញខ្លួនទទួលស្គាល់ថាគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នា។
កិច្ចសន្ទានានេះ ធ្វើឡើងក្នុងគោបំណងកំណត់ជំហានបន្ទាប់ក្នុងការរៀបរៀងច្បាប់និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងបញ្ហា ដែលមានសមភាពអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារនិងស្នាក់នៅ រួមទាំងនីតិវិធីស្មុំកូន។ ក្រៅពីនេះ គឺដើម្បីឆ្លើយតបនឹងបញ្ហា អំពើហិង្សាក្នុងគ្រួសាររបស់អ្នកស្រឡាញ់ភេទដូចគ្នា ឱកាសការងារ ការរើសអើងនៅកន្លែងធ្វើការ និងច្បាប់ប្រឆាំងនឹងការរើសអើង។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា រដ្ឋាភិបាលកម្ពុជានិងគណៈកម្មាធិការសិទ្ធិមនុស្សគាំទ្រក្នុងការលុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។ សេចក្ដីព្រាងច្បាប់និងគោលនយោបាលសាធារណៈគាំពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា នឹងត្រូវរៀបរៀង ដោយគាំទ្រពីក្រសួងយុតិ្តធម៌ ដើម្បីដាក់ទៅព្រឹទ្ធសភាសម្រាប់អនុម័ត។
លោក កែវ រ៉េមី បានសង្កត់ធ្ងន់ថា «ដំបូងយើងគ្រប់គ្នាត្រូវចូលរួមគាំទ្រលុបបំបាត់ការរើសអើងពីគ្រួសារនិងសង្គម រួមទាំងអំពើហិង្សាជាមុនសិន។» លោក បានអំពាវនាវឲ្យអ្នកស្រឡាញ់ភេទដូចគ្នា ការពារនិងទប់ស្កាត់ជំងឺឆ្លងលើបញ្ហាសុខភាព ជាពិសេសជំងឺអេដស៍។
របាយការណ៍ដែលចងក្រងដោយសហគមន៍ឥន្ទធនូកម្ពុជា បង្ហាញថា អ្នកស្រឡាញ់ភេទដូចគ្នា៤៧ភាគរយ ត្រូវការស្មុំកូន ឬសុំកូនយកទៅចិញ្ចឹម ៣៨ភាគរយ ត្រូវការការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ៣៣ភាគរយ ចង់ឱ្យមានការជំរុញឯកសារផ្លូវច្បាប់ ដូចជា អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារមាន ៣២ភាគរយ ត្រូវការច្បាប់ប្រឆាំងឧក្រិដ្ឋកម្មដែលបង្កឡើងដោយសារការស្អប់លើអត្តសញ្ញាណបុគ្គល ៣២ភាគរយ ចង់បានការផ្តល់ឱកាសការងារដល់អ្នកស្រឡាញ់ភេទដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com