អន្តរជាតិ
រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ប្រឆាំងនឹង​អ៊ីរ៉ង់​នៅពេលដែល​ការតានតឹង​កើនឡើង​
28, Jun 2019 , 7:59 pm        
រូបភាព
លោក Mark Esper រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​ស្តីទី​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ពេល​បិទ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​នៅ​ស្នាក់ការ​កណ្ដាល​របស់​អង្គការ​អូតង់ ក្នុង​ទីក្រុង​ប៊្រុចសែល កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ២០១៩។
លោក Mark Esper រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​ស្តីទី​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ពេល​បិទ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​នៅ​ស្នាក់ការ​កណ្ដាល​របស់​អង្គការ​អូតង់ ក្នុង​ទីក្រុង​ប៊្រុចសែល កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ២០១៩។
ដោយ: VOA
​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​ស្តីទី​លោក Mark Esper កំពុង​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ធ្វើ​ការជជែក​ដេញដោល​ជា​លក្ខណៈ​អន្តរជាតិ​អំពី​ថា​តើ​ត្រូវ​ឆ្លើយតប​ទៅនឹង​ប្រទេស​អ៊ីរ៉ង់​យ៉ាងដូចម្តេច នៅពេលដែល​ភាព​តានតឹង​រីក​កាន់តែ​ធំ​ឡើង​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក​។

 
​ដោយបាន​និយាយ​នៅក្នុង​ការពិភាក្សា​សម្ងាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​សមាជិក​របស់​អង្គការ​អូតង់​នៅឯ​ទីស្នាក់ការ​ធំ​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល នៃ​ប្រទេស​បែលហ្ស៊ិក លោក​រដ្ឋមន្ត្រី​ការពា​ប្រទេស​ស្តីទី​អាមេរិក Esper បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា លោក​បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​ឲ្យ​ប្រឆាំងនឹង​អ៊ីរ៉ង់​នៅពេលដែល​ពិចារណា​ពី​ការចូលរួម​ក្នុង​ផែនការ​មុនដំបូង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​នៅ​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ Hormuz​។​
 
​លោក Esper ក៏បាន​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​ជួយ​បង្កើត​ដំណោះស្រាយ​ខាង​ការទូត​កាន់តែខ្លាំង​ឡើង​ចំពោះ​អ៊ីរ៉ង់​នៅក្នុង​ការ​ខំប្រឹងប្រែង​មួយ​ដើម្បី​បញ្ចៀស​ជម្លោះ​ខាង​យោធា​។​
 
​លោក Esper និយាយទៀតថា​៖ «​យើង​មិន​ស្វះ​ស្វែងរក​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​អ៊ីរ៉ង់​ទេ ក៏ប៉ុន្តែ យើង​ប្រុងប្រៀប​ខ្លួន​ជាស្រេច​ហើយ​ដើម្បី​ការពារ​កងទ័ព​និង​ផលប្រយោជន៍​សហរដ្ឋអាមេរិក​ក្នុង​តំបន់​»​។​
 
​លោក Jens Stoltenberg អគ្គលេខាធិការ​របស់​អង្គការ​អូតង់ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​៖ «​ការ​ខំប្រឹងប្រែង​ការគាំទ្រ​សម្ព័ន្ធមិត្ត​ដើម្បី​បន្ធូ​បន្ថយ​ការតានតឹង​ជាមួយ​អ៊ីរ៉ង់​ដែល​ចាប់ផ្តើម​រីក​កាន់តែ​ធំ​ឡើង​នៅពេលដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​បាន​ចុះហត្ថលេខា​ដោយ​មហាអំណាច​ពិភពលោក និង​អ៊ីរ៉ង់​ហើយ​បានដាក់​ទណ្ឌកម្ម​យ៉ាងខ្លាំង​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com