អន្តរជាតិ
ជំនួប G20 នៅ​ជប៉ុន ចាប់ផ្ដើម តែ​គ្របដណ្ដប់​ដោយ​ជម្លោះ​អាមេរិក​-​ចិន​
28, Jun 2019 , 2:02 pm        
រូបភាព
មេដឹកនាំប្រទេស G20 ថតរូបជុំគ្នាមុនជំនួបនៅអូសាកា។ រូបភាព AFP
មេដឹកនាំប្រទេស G20 ថតរូបជុំគ្នាមុនជំនួបនៅអូសាកា។ រូបភាព AFP
​មេដឹកនាំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ នៅ​ថ្ងៃទី​២៨ ខែមិថុនា បាន​បើក​ជំនួប​ប្រចាំឆ្នាំ​របស់ខ្លួន​ហើយ​ដែលមាន​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ​។ ជំនួប​នៅ​ទីក្រុង​អូ​សា​កា​លើក​នេះ ត្រូវបាន​គ្របដណ្ដប់​យ៉ាងខ្លាំង​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន បន្ថែម​ពីលើ​បញ្ហា​ប្រទាំង​ប្រទើស​ជាច្រើន​ទៀត​ដូចជា​បម្រែបម្រួល​អាកាសធាតុ ពាណិជ្ជកម្ម​សាកល ក៏ដូចជា​ភាព​តានតឹង​ក្នុងភូមិ​សាស្ត្រ​នយោបាយ​អន្តរជាតិ​ជាដើម​។

 
 
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​បើក​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស​រីកចម្រើន​ទាំង​២០ នៅ​ទីក្រុង​អូ​សា​កា ខណៈ​ពិភពលោក​កំពុង​ប្រឈមមុខ​បញ្ហា​ក្ដៅ​ជាច្រើន​។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ពីរ ស្ថិត​លើ​បញ្ជី​ប្រធានបទ​ដែល​ត្រូវ​ស្ថិតក្នុង​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់ ខណៈ​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​រវាង​អាមេរិក និង​អ៊ីរ៉ង់ ក៏​ទំនងជា​គ្របដណ្ដប់​លើ​ការពិភាក្សា​ផងដែរ​។ 
 
​នៅ​វគ្គ​ទីមួយ​នៃ​កិច្ចប្រជុំ​នេះ មេដឹកនាំ​ទាំងអស់ នឹង​ផ្ដោតលើ​សេដ្ឋកិច្ច​ឌីជីថល ដោយមាន​ឯកជន​ភាព និង​សន្តិសុខ​ជា​ប្រធានបទ​សំខាន់​។ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ លោក អា​បេ ប្រព័ន្ធ​ឌីជីថល​បាន​ផ្លាស់ប្ដូរ​ផ្នែក​ជាច្រើន​នៃ​សង្គម និង​សេដ្ឋកិច្ច​។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ វិញ បែរជា​ឆ្លៀតឱកាស​នេះ​វាយប្រហារ​ចិន ពិសេស​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ដែល​ត្រូវបាន​រដ្ឋាភិបាល​របស់​ដាក់​ក្នុង​បញ្ជីខ្មៅ​ហើយ​នោះ​។​
 
​តាមពិតទៅ មុន​ជំនួប​ចាប់ផ្ដើម ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក៏បាន​ឌឺដង​ផ្លែផ្កា​ដាក់​អាមេរិក​មិនតិច​ដែរ​។ នា​ជំនួប​ជាមួយ​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ចំនួន​បី​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ​នៅ​ថ្ងៃទី​២៧ ខែមិថុនា លោក ស៊ី និយាយ​ដោយ​មិន​ចំឈ្មោះ​អាមេរិក​ថា គំនិត​គាំពារ​និយម និង​ការប្រើ​កម្លាំង​គំរាមកំហែង​គេឯង ជាការ​គំរាម​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក សេដ្ឋកិច្ច​សាកល និង​បង្ក​ជា​បញ្ហា​ប្រឈម​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បរាជ័យ​នៃ​ការ​ឈានដល់​កិច្ចព្រមព្រៀង​ក្នុង​ខែឧសភា នឹងធ្វើ​ឲ្យ​ជំនួប​លោក ត្រាំ និង​លោក ស៊ី នៅ​ថ្ងៃទី​២៩ ខែមិថុនា កាន់តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង ហើយ​ខ្លាំង​ជាង​កិច្ចប្រជុំ G20 ទៅទៀត​។ យ៉ាងណាមិញ គេ​មិនទាន់​អាច​រំពឹងថា នឹងមាន​ឯកភាពគ្នា​អ្វី​ឡើយ ខណៈ​លោក ត្រាំ បាន​ផ្ញើ​សារ​គំរាម​ចិន​តាំង​ពីមុន​ទៅដល់​ជប៉ុន​ហើយ​នោះ​។​
 
​ស្របពេល​ភ្នែក​មនុស្ស​ទាំងឡាយ​រង់ចាំ​ជំនួប​មេ​ដឹក​អាមេរិក និង​ចិន​នោះ បញ្ហា​អ៊ីរ៉ង់​វិញ ក៏​ធ្វើ​ឲ្យ​មេដឹកនាំ​ប្រទេស G20 បារម្ភ​ដែរ​។ ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស ជា​រឿង​ដែល​ត្រូវតែមាន​ការជជែក​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ ជម្លោះ​នៅ​តំបន់​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​ការផ្គត់ផ្គង់​ថាមពល​អន្តរជាតិ​។ ច្រក​សមុទ្រ Hormuz នៃ​ឈូង​សមុទ្រ​នេះ ជា​ផ្លូវ​ដឹកនាំ​ជញ្ជូន​ប្រេង​សំខាន់បំផុត​របស់​ពិភពលោក ដូចនេះ​មេដឹកនាំ G20 នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​ឡើយ​៕ 
 

Tag:
 G20
  ជប៉ុន​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com