អត្ថបទពាណិជ្ជកម្ម
«​ពិព័រណ៍​ការកម្សាន្ត និង​ការវិនិយោគ​ប្រចាំ​តំបន់​អាស៊ី​ឆ្នាំ​២០១៩» ជា​វេទិកា​ដោះដូរ​និង​ពង្រីក​អាជីវកម្ម​
28, Jun 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្ត​ព្រះសីហនុ​៖ ពិព័រណ៍​ការកម្សាន្ត និង​ការវិនិយោគ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩ (Asia Entertainment and Investment Expo2019) បាន​ត្រូវធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៧ និង​២៨ ខែមិថុនា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។​
 
​វេទិកា​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Worldex Expo Cambodia នេះ​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​ទីផ្សារ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និង​បដិសណ្ឋារកិច្ច​។​
 
​អ្នកវិនិយោគ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៨០​នាក់ មកពី​បណ្តា​ប្រទេស​ចំនួន​១៥​ដូចជា ចក្រភព​អង់គ្លេស ចិន សហរដ្ឋអាមេរិក ហុងកុង ម៉ា​កាវ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី ម៉ា​ល់តា តៃវ៉ាន់ ហ្វីលីពីន រុស្សី និង​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ ដែលមាន​៦០​ស្តង់​។​


 
​លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើក កាលពី​ថ្ងៃទី​២៧ ខែមិថុនា​៖«​ថា​ស្រប​ពេលដែល​ប្រទេស​កម្ពុជា ជា​ម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច តាងនាម​ឱ្យ​ក្រសួងពាណិជ្ជកម្ម​យើង ពិត​ជាមាន​មោទកភាព ដែល​ប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសតាំង​ជា​កន្លែង​ប្រជុំ​ទីផ្សារ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ជជែក​ពិភាក្សា ទាក់ទង​នឹង​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និង​បដិសណ្ឋារកិច្ច ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ឆ្នាំ​២០១៨​នេះ​»​។​
 
​លោក មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ពិព័រណ៍​ការកម្សាន្ត និង​ការ​វិយោគ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩  គឺជា​ឱកាស​ដ៏​ឧ​ត្ត​ម​មួយ សម្រាប់​ការជួបជុំ​សហការ ដោះដូរ និង​ពង្រីក​អាជីវកម្ម រវាង​ម្ចាស់​អាជីវកម្ម អ្នកជំនួញ​ជាពិសេស​វិនិយោគិន​ជាតិ និង​វិនិយោគិន​បរទេស ដែល​សកម្មភាព​ទាំងនេះ បាន​បង្កើន​ការចាប់អារម្មណ៍ លើ​ការវិនិយោគ​នៅ​កម្ពុជា កាន់តែ​ខ្លាំងក្លា និង​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា មាន​ភាពល្អ​ប្រសើរឡើង ថែម​មួយកំរិត​ទៀត​។​


 
​ឆ្លៀត​ក្នុងឱកាស​នេះ លោក​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បណ្ដា​ក្រុមហ៊ុន ដែល​កំពុងមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​(AGE2019) ចំនួន​ជាង​៦0​ស្ដង់ ដែល​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​អន្តរជាតិ អញ្ជើញ​មកពី​ប្រទេស​អង់គ្លេស ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ម៉ា​ល់តា អូស្ត្រាលី ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ ដែល​បាន​ចូលរួម​គាំទ្រ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ ដើម្បី​បង្កើត​នូវ​ព្រឹត្តិការណ៍រ​ដ៏​ធំ និង​មាន​សារៈប្រយោជន៍​នេះ​ឡើង​។​
 
​លោក Dato' Jerel Soo  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Worldex Trade Media Asia បាន​ថ្លែងថា ពិព័រណ៍​ការកម្សាន្ត និង​ការ​វិយោគ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩ ឬ Asia Entertainment and Investment Expo2019 ហៅ​កាត់​ថា AGE2019» មាន​គោលដៅ​បង្កើន​ការរីកដុះដាល នៃ   បច្ចេកវិទ្យា​ទំនើប ដើម្បី​បង្កើន​ឱកាស​ទំនាក់ទំនង​លើ​កិច្ចការងារ​ជាច្រើន ដែល​រួមមាន​ផ្នែក​ឧស្សាហកម្ម​ផងដែរ​។ លោក Dato' Jerel Soo បញ្ជាក់បន្ថែម​៖«​យើង​រំពឹងទុក​ថា នឹងមាន​អ្នកចូលរួម​ទស្សនា​ជាង ៣,៥០០​នាក់ ដែល​នឹង​អាចជា​សក្តានុពល ក្នុងការ​ជំរុញឱ្យមាន​ចរន្ត​សាច់ប្រាក់ ច្រើនជាង​៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​២​ថ្ងៃនេះ​»​។​
 
​វេទិកា​នេះ ទាក់ទាញ​ភ្ញៀវកិត្តិយស​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៨០ មកពី​បណ្តា​ប្រទេស​ចំនួន​១៥ មានដូចជា ប្រទេស​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក ចិន ហុងកុង ម៉ា​កាវ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី ម៉ា​ល់តា តៃវ៉ាន់ ហ្វីលីពីន រុស្សី និង​ប្រទេស​កម្ពុជា​៕















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com