ជាតិ
សេដ្ឋកិច្ច
សង្គ្រាមពាណិជ្ជកម្ម៖ ក្រុមហ៊ុនដែលផ្លាស់ទីពីចិន នឹងទៅវៀតណាមច្រើន ព្រោះកម្ពុជានៅខ្វះខាត
× ភ្នំពេញ៖ ដោយសារការដំឡើងពន្ធរបស់អាមេរិកលើផលិតផលចិន រោងចក្រផលិតកម្មមួយចំនួននៅប្រទេសចិនត្រូវបានគេមើលឃើញថានឹងត្រូវផ្លាស់ទី មកបណ្ដាប្រទេសអាស៊ាន ដើម្បីអាចនាំចេញក្នុងកម្រិតពន្ធធម្មតា ឬអនុគ្រោះ។ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា វៀតណាមនឹងទាក់ទាញខ្លាំងចំពោះលំហូរនេះ ខណៈកម្ពុជានៅប្រឈមបញ្ហាកង្វះកម្លាំងពលកម្មជំនាញ និងតម្លៃដើមផលិតនៅខ្ពស់។ នេះបើតាមលើកឡើងរបស់អ្នកជំនាញ និងមន្ត្រីស្ថាប័នរដ្ឋ ក្នុងវេទិកាពិភាក្សាអំពីបញ្ហាជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្នុងបរិបទកម្ពុជា នៅថ្ងៃទី២៨ខែមិថុនា។
វាគ្មិនមួយរូបគឺលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឲ្យកម្ពុជាសម្លឹងឱកាសចាប់យកការផ្លាស់ទីរោងចក្រពីចិន ដែលចង់គេចចេញពីឥទ្ធិពលសង្គ្រាមពាណិជ្ជកម្ម។ លោកថ្លែងដូច្នេះថា៖«សង្រា្គមពាណិជ្ជកម្មនេះ ប៉ះពាល់ដល់ក្រុមហ៊ុននៅប្រទេសទាំងពីរចិន និងអាមេរិក តែអាស៊ានអាចទទួលផលចំណេញ ព្រោះក្រុមហ៊ុនដែលចេញពីចិន មកអាស៊ាន ដែលកម្ពុជាទទួលបានមួយចំនួន តែអ្នកដែលទទួលបានខ្លាំងជាងគេគឺវៀតណាម និងឥណ្ឌូណេស៊ី»។
តែលោក លឹម ហេង មានប្រសាសន៍ថា ប្រទេសវៀតណាម នឹងក្លាយជាអ្នកទាក់ទាញខ្លាំងនូវលំហូរប្ដូរទីតាំងទាំងនោះ ព្រោះតែកត្តាកម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងថ្លៃដើមផលិត ដូចជា ថ្លៃអគ្គិសនីទាបជាដើម។
អុនរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុជាតិ ក៏យល់ឃើញស្រដៀងគ្នានេះដែរ។ លោកនិយាយដូចនេះថា៖«បើសិនផ្លាស់មកកម្ពុជា ខ្ញុំគិតថាពិបាក ព្រោះសព្វថ្ងៃយើងខ្វះកម្លាំងពលកម្មជំនាញ យើងកំពុងត្រៀមខ្លួនសម្រាប់ការវិនិយោគដែលត្រូវការពលកម្មជំនាញ ខណៈវៀតណាមមានលទ្ធភាពហើយស្រាប់ ដូចនេះហើយចិនងាយនឹងប្ដូរមកវៀតណាមជាងមកកម្ពុជា ហើយកត្តាភូមិសាស្ត្រវៀតណាមជិតចិនជាង»។
ទោះយ៉ាងណាមិនទាន់មានការបង្ហាញតួលេខណាមួយ ដែលបញ្ជាក់អំពី ក្រុមហ៊ុនផ្លាស់ទីពីប្រទេសចិនចំនួនប៉ុន្មានចូលមកកម្ពុជានៅឡើយ។ អ្នកវិភាគសេដ្ឋកិច្ចបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានមើលឃើញពីការខកខានចាប់យកឱកាសផ្លាស់ទីផលិតកម្មពីចិននេះដែរ។ លោកឲ្យដឹងដូច្នេះថា៖«ដើម្បីទប់នឹងវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មនេះក្នុងរយៈពេលខ្លី ចិនចាប់ផ្ដើមផ្លាស់ទៅវៀតណាម។ ហេតុអ្វីអត់មកកម្ពុជា? ព្រោះផលិតភាពនៃផលិតកម្មនៅវៀតណាមខ្ពស់ជាង ថ្លៃដើមគេតិចជាង»។
ទាក់ទងឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មនេះ មិនថាអ្នកជំនាញក្នុងស្រុក ឬអន្តរជាតិ ច្រើនតែចោទជាពីរករណី ពោលគឺសង្គ្រាមនេះកើតឡើងរយៈពេលខ្លី ឬអូសបន្លាយ ខណៈអ្នកជំនាញមួយចំនួនមើលឃើញថាសង្គ្រាមនេះនឹងបញ្ចប់ត្រឹមការអស់អាណត្តិរបស់ប្រធានាធិបតី ដូណាល់ត្រាំ។
លោក អូន ព័ន្ធមុនីរ័ត្ន កាលពីចុងខែឧសភា បានលើកឡើងថា សង្គ្រាមពាណិជ្ជកម្ម នឹងមានឥទ្ធិពលលើកម្ពុជាក្នុងពីររូបភាព។ បើជាសង្គ្រាមរយៈពេលខ្លី នោះមិនទាន់មានផលវិបាកភ្លាមកើតចេញពីសង្គ្រាមនេះទេ ព្រោះកម្ពុជាជាប្រទេសបើកចំហរ និងមានសក្ដានុពលនាំចេញ។ លោកបន្ថែមថា សង្គ្រាមពាណិជ្ជកម្មនេះក៏អាចបង្កើតឱកាស ក្នុងការពង្រីកទីផ្សារនាំចេញ និងទាញយកលំហូរវិនិយោគបន្ថែម។ ប៉ុន្តែករណីសង្គ្រាមនេះអូសបន្លាយរយៈពេលវែង កម្ពុជាអាចនឹងប្រឈមផលប៉ះពាល់អវិជ្ជមាន ដូចជាថយចុះលំហូរទេសចរអន្តរជាតិ និងលំហូរវិនិយោគបរទេស ដែលបណ្ដាលពីកំណើនយឺតនៃសេដ្ឋកិច្ចសកល៕
Tag:
សង្គ្រាមពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com