សម្ដេច ស ខេង ផ្ដាំ​លោក គួច ចំរើន ថា ការបែងចែក​ផល​ប្រកបដោយ​សមធម៌ និង​យុត្តិធម៌ គឺជា​គ​ន្លឹះ​ល្អ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ផ្ដាំ​លោក គួច ចំរើន ថា ការបែងចែក​ផល​ប្រកបដោយ​សមធម៌ និង​យុត្តិធម៌ គឺជា​គ​ន្លឹះ​ល្អ​
29, Jun 2019 , 2:31 pm        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ដាំ​ឲ្យ​លោក គួច ចំរើន បន្ត​ការដឹកនាំ​អភិវឌ្ឍន៍​ខេត្ត​ទេសចរណ៍ ឲ្យ​កាន់​តែមាន​សក្ដានុពល​ខ្លាំងក្លា​ថែមទៀត ដោយ​ធ្វើ​យ៉ាង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ហើយ​ចៀសវាង​ផ្ដល់​ផល​ផ្លែផ្កា​ទៅដល់​មនុស្ស​មួយក្រុម​។

 
​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត និង​មន្ត្រី​អាជ្ញាធរ​នានា សម្ដេច ស ខេង បាន​លើកយក​បញ្ហាដីធ្លី សំណង់ និង​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​លោក គួច ចំរើន ដែល​ត្រូវ​គ្រប់គ្រង​ខេត្ត​នេះ ជំនួស​លោក យន្ត មីន យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​បានល្អ ដើម្បី​បញ្ចៀស​ហានិភ័យ​ណាមួយ ដែល​អាច​កើតឡើង​ជាយថាហេតុ​។ តាមរយៈ​ការណែនាំ​នេះ សម្ដេច ស ខេង ក៏​ផ្ដាំ​ឲ្យ​លោក គួច ចំរើន បន្ត​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​សមធម៌ ក្នុង​ការផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពោលគឺ​មិនត្រូវ​ឲ្យ​មានការ​រិះគន់ថា ការអភិវឌ្ឍ​ផ្ដល់​ផល​ទៅ​មនុស្ស​មួយក្រុម​នោះទេ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ដូច្នេះ​ថា​៖« ត្រូវ​ធានា​ដល់​ការបែងចែក​ផល​ប្រកបដោយ​សមធម៌ និង​យុត្តិធម៌​។ នេះ​គឺជា​កត្តា​គន្លឹះ​មួយ ព្រោះ​មានការ​អភិវឌ្ឍ​ខ្លះ វា​បាន​ទៅ​តែម​នុស្ស​មួយក្រុម វា​មិនបាន​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​។ សួរថា​តើ ការអភិវឌ្ឍ​នោះ​វា​ល្អ​ទេ ប្រជាជន​សប្បាយ​ទេ ប្រជាជន​គាំទ្រ​ទេ គាត់​មិន​គាំទ្រ​ទេ​។ អ៊ីចឹង​ហើយ​ខិតខំ​រក​វិធី និង​ចាត់វិធានការ​នានា​ជាច្រើន​ដើម្បី​ធានា​ឲ្យ​ការអភិវឌ្ឍ​នេះ វា​បាន​ទៅដល់​មនុស្ស​គ្រប់គ្នា ទោះបី​តិច​ឬ​ច្រើន ដែល​គេ​ហៅថា សមធម៌​។ វា​មិនអាច​ថា ម្នាក់ៗ​អាច​បាន​១០០​ដុល្លារ​គ្រប់គ្នា​ទេ ព្រោះ​ជួន​អី​អ្នកខ្លះ​បាន​៥០​ដុល្លារ អ្នកខ្លះ​បាន​១០០​ដុល្លារ អ្នកខ្លះ​បាន​១០០០​ដុល្លារ អ្នកខ្លះ​បាន​១០០០០​ដុល្លារ ប៉ុន្តែ​ធ្វើ​ម៉េច​ឲ្យ​វា​សមធម៌ ហើយ​បាន​ទៅលើ​មនុស្ស​ទូទៅ មិនមែន​សម្រាប់​មនុស្ស​មួយក្រុម​ទេ​។ អ្នកមាន មាន​កប់​ពពក អ្នកក្រ ក្របាត់​ដី​។ បញ្ហា​នេះ វា​បង្កើត​ឲ្យ​មាន​សង្គម​មួយ​អយុត្តិធម៌​»​។​
 
​ក្រៅពីនេះ​សម្ដេច ស ខេង ក៏​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរខេត្ត​ព្រះសីហនុ ជួយ​ដោះស្រាយ​ការរកស៊ី​របស់​ប្រជាពលរដ្ឋ​ផង ខណៈដែល​ការវិនិយោគ និង​អាជីវកម្ម​បរទេស​មួយចំនួន​នៅក្នុង​ខេត្ត​នេះ កំពុង​ប្រជែង​មុខរបរ​ពលរដ្ឋ​ក្នុងស្រុក​ជាខ្លាំង​។​
 
«​ខ្ញុំ​បានឮ​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ដែរ ទាក់ទង​នឹង​ការប្រកបមុខរបរ​គាត់​។ គាត់​ថា​ពីមុន​អាច​រកស៊ី​បាន (​គាត់​ប្រាប់ថា​)​ខ្ញុំ​កាត់​ក្រចក ធ្វើ​មុខ ធ្វើ​មាត់ កែ​សម្ផស្ស​អីហ្នឹង ឬក៏​ហាង​តូចតាច​អី​របស់ខ្ញុំ​លក់ដាច់ ប៉ុន្តែ​ឥឡូវ​ដល់​មាន​គេ​មក​(​លក់​ដែរ​) លែង​ដាច់​។ ហើយ​យើង​ក៏​ពិចារណា​ដែរ​ថា ត្រូវធ្វើ​យ៉ាងម៉េច​ឥឡូវ​ហ្នឹង តើ​យើង​អាចធ្វើ​ច្បាប់​មួយ ហាមឃាត់​ជនបរទេស មិន​ឲ្យ​ប្រកប​របរ​ណាមួយ​ទេ​។ ពី​សង្គម​មុន​មាន​(​កំណត់​) ទុក​មុខរបរ​ងាយៗ​ឲ្យ​ខ្មែរ​អ្នកធ្វើ ។​ប៉ុន្តែ​យើង​ក៏​គិត​កត្តា​មួយ​ទៀតថា បើ​(​ហាម​ជនបរទេស​លក់ដូរ​) វា​ហាក់ដូចជា​មានការ​រើសអើង​។ ទី​២ វា​អត់​មានការ​ប្រកួតប្រជែង វា​មិន​ទៅមុខ​ទេ​។ អ៊ីចឹង​ហើយ​បាន​ថា បើ​គាត់​ចង់​លក់ដាច់ យើង​ត្រូវ​ជួយ​គាត់ ការពារ​គាត់ ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​មុខរបរ​ហ្នឹង​ត​ទៀត ហើយ​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន ហើយ​ស្រូបយក​អតិថិជន​បាន ឧទាហរណ៍​ម្ហូបអាហារ ណែនាំ​គាត់​ឲ្យ​មាន​អនាម័យ ធានា​សុវត្ថិភាព​អ្នក​ហូប​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ​។​
 
​ងាក​មក​បញ្ហាដីធ្លី​វិញ សម្ដេច ស ខេង បាន​សម្គាល់​ឃើញថា វា​កើតឡើង​ដោយសារតែ​អ្នកមានអំណាច រំលោភ​អំណាច ឬ​មានការ​ក្លែងបន្លំ​ឯកសារ​ទិញ​លក់ រួមទាំង​ការ​រត់ការ​ឯកសារ​ខុសច្បាប់​ជាដើម​។ ជាមួយគ្នានេះ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហាដីធ្លី ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​ជាធំ ចៀសវាង​ការប្រើប្រាស់​ហិង្សា និង​អំណាច​រំលោភច្បាប់​។​
 
​ចំណែក​បញ្ហា​គុណភាព​សំណង់ , ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ , ប្រព័ន្ធ​ប្រឡាយ​លូ ទឹក​កខ្វក់ ជំនន់​ទឹកភ្លៀង រួមទាំង​សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល​ចំណុះ​ក្រុងព្រះសីហនុ សុទ្ធតែជា​គោលដៅ​ដែល​ថ្នាក់ដឹកនាំ​ខេត្ត ត្រូវ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ស្របតាម​គោលការណ៍​រដ្ឋាភិបាល ដែល គ្រោង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​៕

Tag:
 ស ខេង​
  គួច ចំរើន​
  រលំ​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com