សង្គមស៊ីវិលសង្ឈឹមថា ខេត្តព្រះសីហនុអាចនឹងស្ដាមុខមាត់ឡើងវិញ ក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលខេត្តថ្មី ដែលទើបតែចូលកាន់តំណែង នាព្រឹកថ្ងៃទី ២៩ មិថុនា នេះ។ សង្គមស៊ីវិលក៏បានស្នើឲ្យលោកដោះស្រាយបញ្ហាប្រឈមដែលខេត្តមាត់សមុទ្រមួយនេះ កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
បញ្ហាដែលខាងសង្គមស៊ីវិលបានលើឡើងនោះរួមមាន សន្តិសុខ, បរិស្ថាន, អំពើពុករលួយ, សំណង់, ហេដ្ឋារចនាសម្ព័ន្ធ, គ្រឿងញៀន, ល្បែងស៊ីសង, ចរាចណ៍, គ្រឿងញៀន, ជម្លោះដីធ្លី និងទប់ស្កាតការលាងលុយកង្វក់ជាដើម។
លោក មឿន តុលា នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានស្នើឲ្យអភិបាលខេត្តថ្មី ត្រូវចុះត្រួតពិនិត្យលើគុណភាព និងបទដ្ឋានស្តង់ដារ លើសំណង់ទាំងអស់ ដែលមាននៅក្នុងខេត្ត ខណៈបច្ចុប្បន្នលោកសង្កេតឃើញថាសំណង់ភាគច្រើនមិនមានច្បាប់អនុញ្ញាត្តនោះទេ។ លោកក៏សង្កេតឃើញពីភាពអនាធិបតេយ្យ នៃការបើកបររបស់ជនជាតិចិនក្នុងខេត្តមួយនេះ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៀតផង។ លោកបន្តែមថា បញ្ហាប្រឈមមួយទៀត គឺសន្តិសុខ សណ្ដាប់ធ្នាប់ ដែលបង្កឡើងដោយជនជាតិចិន ក៏ជាដើមចមដែលអាចធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន រអាលមិនហ៊ាននៅលេងក្នុងខេត្តព្រះសីហនុផងដែរ។
នាយកអង្គការសម្ព័ន្ធភាពការងាររូបនេះ ក៏បានស្នើដល់រដ្ឋាភិបាល ត្រូវផ្តល់អំណាចដល់មន្ត្រីថ្នាក់ក្រោម ក្នុងការអនុវត្តច្បាប់ កុំនៅតែអនុវត្តវប្បធម៌អន្តរាគមន៍ពីថ្នាក់លើ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកបាននិយាយថា៖« កុំឲ្យតែដាវ តែមិនឲ្យគ្នាដកដាវ។ បើឲ្យដាវគ្នាហើយ ត្រូវតែឲ្យគ្នាអាចប្រើប្រាស់ដាវនោះបានផង»។
ជាមួយគ្នានេះលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានសង្កត់ធ្ងន់លើបញ្ហាសំណង់អាគារដែលបានបាក់រលំកាលពីថ្ងៃទី ២២ មិថុនា បណ្ដាលឲ្យកម្មករ ២៨នាក់ស្លាប និងជាច្រើននាក់ទៀតរងរបួស។ លោកបានចោទជាសំនួរថា ហេតុអ្វីសំណង់គ្មានច្បាប់ ប៉ុន្តែអាចសាងសង់រហូត៧ជាន់? ចោទសួរបែបនេះហើយលោក បានស្នើឲ្យអភិបាលថ្មី ត្រូវតែស៊ើបអង្កេត និងស្រាវជ្រាវរកអ្នកនៅពីក្រោយ ដើម្បីដាក់ទោសទៅតាមច្បាប់។
ក្រៅពីនេះបញ្ហាគ្រឿងញៀន ជម្លោះដីធ្លី និងការបង្កបទល្មើសផ្សេងៗដែលបង្កឡើងដោយជនបរទេស ជាពិសេសជនជាតិចិននោះ សុទ្ធតែជាវិញ្ញាសារដែលលោក គួច ចំរើន ត្រូវតែដោះស្រាយ។ នេះជាការលើកឡើងរបស់លោក អំ សំអាត។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានស្នើឲ្យលោក គួច ចំរើន ស្នើឲ្យអភិបាលខេត្តថ្មីលុបបំបាត់ និងទប់ស្កាត់ការលាងលុយកង្វក់ ដោយលោកបានមើលឃើញថា ខេត្តមាត់សមុទ្រមួយនេះជាគោលដៅរបស់វិនិយោគិនទុច្ចរិត។
លោកបន្ថែមទៀតថា លោក គួច ចំរើន ត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងមាត់ចំពោះជនគ្រប់រូប ។ ត្រង់ចំណុចនេះ លោក ព្រាប កុល សង្កត់ធ្ងន់ថា អភិបាលខេត្តថ្មី ឈប់ប្រើពាក្យ «ស្នើសុំឲ្យជនបរទេសគោរពច្បាប់» ខណៈកម្ពុជាមានច្បាប់ដែលជនទាំងឡាយយត្រូវតែគោរព។ ដើម្បីដោះស្រាយបញ្ហាទាំងនេះបានលោកលើកឡើងថា អភិបាលខេត្តថ្មី ត្រូវតែមានតម្លាភាព។
មន្ត្រីសង្គមស៊ីលខាងលើ ក៏ស្នើឲ្យលោកអភិបាលព្រះសីហនុថ្មី ធ្វើកំណែទម្រង់រដ្ឋបាលលើការងាររបស់មន្ត្រីក្នុងខេត្តទាំងអស់ និងលុបបំបាត់បក្សពួកនិយម រួមទាំងអំពើពុករលួយ ទើបអាចពង្រឹងបាននូវប្រសិទ្ធភាព និងនិរន្តភាពការងារ ក្នុងខេត្តទាំងមូល៕