ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ជនជាតិ​កូរ៉េ ចូ ខ្យុ​ង​មី រៀនអក្សរ​សាស្ត្រ​ខ្មែរ ព្រោះ​ចង់​យល់​ពី​វប្បធម៌​ខ្មែរ និង​ជនជាតិខ្មែរ
29, Jun 2019 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី ចូ ខ្យុ​ង​មី គឺ​ជនជាតិ​កូរ៉េ ដែល​កំពុង​សិក្សា​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ អ្នកស្រី ចូ ឲ្យ​ដឹងថា​មូលហេតុ​ដែល អ្នកស្រី រៀនអក្សរ​សាស្ត្រ​ខ្មែរ ព្រោះ​អ្នកស្រី​ចង់​ស្វែងយល់​ពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ជនជាតិខ្មែរ​។ សម្រាប់​អ្នកស្រី ចូ ភាសា​ខ្មែរ ស្រួល​និយាយ ប៉ុន្តែ​ពិបាក​សរសរ  ព្រោះ​មាន​កម្ចី​ភាសា​ដ៏​សម្បូរបែប មាន​តាំងពី​កម្ចី​ពី​ភាសាបាលី​,​ភាសាសំស្ក្រឹត និង​កម្ចី​ពី​បរទេស​ផង​។



សូមអញ្ជើញអានបទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖

បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជាទី​កន្លែង​ដ៏​ពេញនិយម​សម្រាប់​និស្សិត​ជួបជុំគ្នា​ធ្វើ​កិច្ចការ​សាលា ឬ​រំ​ឮ​ក​មេរៀន​។ មិន​ខុសពី​ក្រុមនិស្សិត​ដទៃ​ដែរ អ្នកស្រី ចូ ខ្យុ​ង​មី (Cho Kyoung Mi) ដែលជា​ជនជាតិ​កូរ៉េ ក៏​កំពុង​ធ្វើ​កិច្ចការ​សាលា​ជាមួយ​មិ​ត្ភ​រួម​ថ្នាក់​យ៉ាង​រីករាយ​ដែរ នៅក្បែរ​រូបសំណាក​សម្តេច​សង្ឃរា​ជ ជួន ណាត​។  
 
​អ្នកស្រី ចូ ខ្យុ​ង​មី ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​ភាសា​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ និស្សិត​កូរ៉េ​រូបនេះ មាន​វ័យ​៤១​ឆ្នាំ មាន​រាង​ស្គម​បន្តិច សម្បុរ​ស និង​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ផង​។ ជា​មនុស្ស​រួសរាយ​រាក់ទាក់ ទឹកមុខ​ញញឹម​ជាប់​ជានិច្ច អ្នកស្រី ចូ បាន​ឆ្លៀត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​សិក្សា​ភាសា​ខ្មែរ ដោយសារតែ​ចង់​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​របៀប​រស់នៅ​រប​ស់​ប្រជា​ខ្មែរ​។ អ្នកស្រី ចូ ខ្យុ​ង​មី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​អាច​នឹង​រស់នៅ​កម្ពុជា​យូរ​ប្រហែល​១០​ទៅ​២០​ឆ្នាំ​។ អ៊ីចឹង ខ្ញុំ​ចង់​រៀន​ភាសា​ខ្មែរ ព្រោះ បើសិន​ខ្ញុំ​រៀនអក្សរ​សាស្ត្រ​ខ្មែរ ខ្ញុំ​អាច​រៀន​មុខវិជ្ជា​ផ្សេងៗ​ទៀត ដូចជា​ប្រវត្តិសាស្ត្រ និង​សាសនា​ជាដើម​។ ខ្ញុំ​ចង់ដឹង​ពី​វប្បធម៌​ខ្មែរ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​»​។​
 
តាមពិតទៅ នៅឯ​ប្រទេស​កំណើត អ្នកស្រី បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​កុមារ​នៅ​ប្រទេស​តាំងពី​អាយុ​២៤​មកម្ល៉េះ និង​បាន​ធ្វើជា​គ្រូម​តេ្ត​យ្យ​អស់​រយៈពេល​១០​ឆ្នាំ​ផងដែរ​។ ប៉ុន្តែ​ក្រោយពី​បានមក​រស់នៅ​ជាមួយ​ស្វាមី​ដែលជា​សាស្ត្រាចារ្យ​ផ្នែក​នរវិទ្យា​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​កម្ពុជា ប្រមាណ​៥​ឆ្នាំ​មក អ្នកស្រី ចូ ក៏​កើត​ចិត្ត​ស្រឡាញ់ ចង់ដឹង ចង់​យល់​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិខ្មែរ​។ ហេតុ​ដូច្នេះហើយ ទើប​ជំរុញ​ឲ្យ​អ្នកស្រី ចូ ចូលរៀន​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ​តែម្តង​។ 
 
​ដ្បិតតែ​ពេលនេះ និស្សិត​កូរ៉េ​រូបនេះ អាច​និយាយ ស្តាប់ និង​សរសេរ​ភាសា​ខ្មែរ​បានល្អ​គួរសម ល្មម នឹង​អាច​ទំនាក់​ទំនាក់​ជាមួយ​ជនជាតិខ្មែរ​យល់​គ្នា​បាន​ក៏ពិតមែន ប៉ុន្តែ​គាត់​ក៏​ឆ្លៀត​រអ៊ូរទាំ​ពី​ការរៀន​ភាសា​ខ្មែរ​ដែរ​។ អ្នកស្រី ចូ ខ្យុ​ង​មី ថា​ភាសា​ខ្មែរ​ស្រួល​និយាយ ប៉ុន្តែ​តែ​ពិបាក​សរសេរ ហើយ​គាត់​តែងតែមាន​កំហុស នៅពេល​សរសេរ​ភាសា​ខ្មែរ​ម្តងៗ​។ 
​អ្នកស្រី​រៀបរាប់​បន្ថែម​៖«​ភាសា​ខ្មែរ​លំបាក​រៀន​មែនទែន​។ ពិសេស​មុនដំបូង ខ្ញុំ​រៀន​ភាសា​ខ្មែរ ព្យញ្ជនៈ និង​ស្រៈ មាន​ច្រើន​មែនទែន​។ អ៊ីចឹង​វេយ្យាករណ៍ មិនមាន​ភាពទៀងទាត់​នោះទេ​។ ពេលខ្លះ​តាម​ភាសាបាលី ពេលខ្លះ​តាម​ភាសាសំស្ក្រឹត​។ អ៊ីចឹង ខ្ញុំ​រៀន​យល់​ហើយ តែ​មិនអាច​អាន​អក្សរ​នោះ ព្រោះ​អក្សរ​នីមួយៗ បាន​ខ្ចី​ពី​ភាសាបាលី និង​ភាសាសំស្ក្រឹត​។ បើ​ធៀប​នឹង​ភាសា​កូរ៉េ ភាសា​កូរ៉េ​ស្រួល​រៀន​ជាង ព្រោះ​ខ្ញុំ​ជា​ជនជាតិ​កូរ៉េ​។ ភាសា​ខ្មែរ ស្រួល​និយាយ​តែ​ពិបាក​សរសេរ ប៉ុន្តែ​ភាសា​កូរ៉េ​ស្រួល​អាន និង​ស្រួល​សរសេរ តែ​ពិបាក​និយាយ​។ វា​ខុសគ្នា​»​។ 
 
 
​អ្នកស្រី ចូ ខ្យុ​ង​មី មានគំនិត​ចង់​បោះបង់ចោល​ការសិក្សា​ម្តង ជា​ពីរដង​ដែរ កាល​រៀន​នៅ​ឆ្នាំ​ទី​១ ដោយសារតែ​អ្នកស្រី​ស្តាប់​ការពន្យល់​របស់​គ្រូបង្រៀន​ជា​ភាសា​ខ្មែរ​មិនបាន​។ ក្រៅពី​របាំង​ភាសា អ្នកស្រី  ចូ  ក៏​ពិបាក​សម្រប​ខ្លួន​ជាមួយ​មិត្ត​រួម​ថ្នាក់​ជនជាតិខ្មែរ​ផងដែរ ដោយ​អ្នកស្រី​អះអាងថា មកពី​វប្បធម៌ ទំនៀមទម្លាប់ និង​របៀប​គិត​របស់​ជនជាតិ​ទាំងពីរ​មាន​ភាពខុសគ្នា​។ 
​និស្សិត​រូបនេះ​រៀបរាប់​ដូច្នេះ​៖«​បញ្ហា​ទីមួយ ពិបាក​ស្តាប់ ពិបាក​យល់​គ្នា​។ បញ្ហា​ទី​ពីរ ខ្ញុំ​ពិបាក​រាប់អាន​ជាមួយ​មិត្ត​រួម​ថ្នាក់​ជនជាតិខ្មែរ​។ ខ្ញុំ​យល់ថា វប្បធម៌​ខុសគ្នា ពិបាក​យល់​ពី​អារម្មណ៍ ពិបាក​យល់​គ្នា​។ មុនដំបូង​ពិបាក​រាប់អាន ប៉ុន្តែ​ឥឡូវ​មិន​អី​ទេ​»​។​
 
​បច្ចុប្បន្ន ក្រៅពី​សិក្សា អ្នកស្រី ចូ ខ្យុ​ង​មី មិនទាន់​រក​ការងារ​ធ្វើ​នោះទេ​។​ដោយ​មើលឃើញថា នៅ​កម្ពុជា​ពុំមាន​ការបណ្តុះបណ្តាល​លើ​ជំនាញ​អប់រំ​កុមារ ហើយ​គ្រូបង្រៀន​សា​លាម​តេ្ដ​យ្យ​ភាគច្រើន​មិនទាន់​ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រឹមត្រូវ​នោះ បានធ្វើ​ឲ្យ អ្នកស្រី ចូ ខ្យុ​ង​មី ប៉ង​រៀបចំ​ការបណ្តុះបណ្តាល​គ្រូម​តេ្ត​យ្យ​នៅ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​ដល់​ពួកគេ​ឲ្យ​កាន់​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដែល​អាច​បង្រៀន​ដល់​កុមារ​នៅ​កម្ពុជា​ឲ្យ​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ អ្នកស្រី​រៀបរាប់​ពី​បញ្ហា​ការអប់រំ​កុមារ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​កម្ពុជា មាន​សា​លាម​តេ្ត​យ្យ​ច្រើន​មែនទែន ប៉ុន្តែ​អត់​មានមុខ​វិជ្ជា​ការអប់រំ​សម្រាប់​កុមារា​កុមារី​។ ដូច្នេះ ខ្ញុំ​បារម្ភ​ថា អ្នកគ្រូ​សាលា​ម​តេ្ត​យ្យ ត្រូវតែ​យល់ដឹង​ពី​កុមារា​កុមារី ប៉ុន្តែ​ពួកគេ​មិនដឹង អត់​មានចំណេះដឹង​អំពី​កុមារ​នោះទេ​។ អ៊ីចឹង​ពេល​បង្រៀន ខ្ញុំ​គិតថា មាន​ខុស​ច្រើន​។ ដូច្នេះ ខ្ញុំ​ចង់​បង្រៀន​វិធីសាស្ត្រ​បង្រៀន​សម្រាប់​កុមារា​កុមារី​ដល់​គ្រូ​សា​លាម​តេ្ត​យ្យ​»​។  
 
​ក្រៅពី​មហិច្ឆតា​ចង់​បណ្តុះបណ្តាល​គ្រូម​តេ្ត​យ្យ​នៅ​កម្ពុជា​ហើយ​នោះ អ្នកស្រី ចូ ខ្យុ​ង​មី ក៏​គ្រោង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​អប់រំ​នៅ​កម្ពុជា​ទៀតផង ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នេះ មក​អភិវឌ្ឍន៍​ការងារ​របស់ខ្លួន​ឲ្យ​មានដំណើរ​ការល្អ និង​ទទួលបាន​ជោគជ័យ​តាម​គម្រោង​របស់ខ្លួន​៕     
 
 
 
  

Tag:
 (​ចូ​ខ្យុ​ង​មី​
 ​ ភាសា​ខ្មែរ​
 ​ និស្សិត​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com