អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ាន មិន​បន្ទោស​តែ​ចង់ឃើញ​មី​យ៉ាន់​ម៉ា អនុវត្ត​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​បង់​ក្លា​ដែ​ស​ឲ្យ​បាន​ពេញលេញ​
29, Jun 2019 , 10:19 pm        
រូបភាព
ដោយ:
​មេដឹកនាំ​អាស៊ាន ទើបតែ​បញ្ចប់​ជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៤ ក្រោម​ការសម្របសម្រួល​ដោយ​ប្រធាន​វិលជុំ​ថៃ ជាមួយនឹង​លទ្ធផល​ផ្លែផ្កា​ច្រើន​សម្រាប់​ការអភិវឌ្ឍ​សមាគម​ក្នុង​តំបន់​មួយ​នេះ​។ គួរកត់សម្គាល់ បញ្ហា​ជនភៀសខ្លួន​របស់​មី​យ៉ាន់​ម៉ា ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាំ​តាមដាន​ចំណាត់ការ​របស់​អាស៊ាន ដើម្បី​សង្គ្រោះ ក៏ត្រូវ​បានលើកឡើង និង​បញ្ញត្តិ​នៅក្នុង​សេចក្តីថ្លែងការណ៍​លទ្ធផល​នៃ​ជំនួប​ផងដែរ​។​

 
​ទោះបីជា​អាស៊ាន​រក្សា​ជំហរ​នឹងធឹង​មិន​ដាក់​សម្ពាធ​ផ្ទាល់​ទៅកាន់​មី​យ៉ាន់​ម៉ា​ក៏ដោយ តាមរយៈ​សេចក្តីថ្លែងការណ៍​នៃ​ជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៤ មេដឹកនាំ​អាស៊ាន បាន​គូសបញ្ជាក់​ត្រង់ៗ​ពី​ដំណោះស្រាយ ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា គួរតែ​ធ្វើ​ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​ទៅលើ​ប្រជាជន​ដែល​រស់នៅក្នុង​ទឹកដី​របស់ខ្លួន និង​កំពុងតែ​ជាប់គាំង​ក្នុងស្ថានភាព​រស់នៅ​ដ៏​ប្រថុយប្រថាន​។​
 
​តាម​សេចក្តីថ្លែងការណ៍​ដែលមាន​ក្រាស់​១៤​ទំព័រ​របស់​អាស៊ាន មេដឹកនាំ​អាស៊ាន ក៏បាន​បង្ហាញ​ពី​ការគាំទ្រ និង​សារៈសំខាន់​នៃ​ការធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព និង​សន្តិសុខ​ជូន​គ្រប់​សហគមន៍​នៅក្នុង​រដ្ឋ​រ៉ា​ខាន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជំរុញ​ការវិល​ត្រលប់​ដោយ​ស្ម័គ្រចិត្ត​របស់​ជន​គ្មាន​ទីលំនៅ​។ 
 
​មេដឹកនាំ​អាស៊ាន តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ក្នុងការ​ចង់ឃើញ​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​ទៅលើ​អនុស្សារណៈ​យោគយល់​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​, ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ការងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ និង​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ ក៏ដូចជា​ការបន្ត​កិច្ចសន្ទនា​រវាង​បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា​លើ​ការងារ​ប​ញ្ចូ​ន​ជនភៀសខ្លួន​វិញ​។ 
 
​អាស៊ាន ក៏បាន​គូសបញ្ជាក់​ពី​តម្រូវ​ការចាំបាច់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដោះស្រាយ​ឬ​សគល់ នៃ​វិវាទ ហើយ​បង្កើត​បរិយាកាស​មួយ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​សហគមន៍​រង​ផលប៉ះពាល់ អាច​កសាង​ជីវិត​ជាថ្មី បាន​ដោយ​សុខ​ស្រួល​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ដោយសារតែ​បញ្ហា​សន្តិសុខ​នៅក្នុង​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា​កាលពី​ចុងឆ្នាំ​២០១៧ ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជាង​កន្លះ​លាន​នាក់ បាន​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​។ មកទល់ពេលនេះ ពួកគេ នៅ​មិនទាន់​វិល​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ឡើយ​។ តាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ ពួកគេ នៅតែមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ ពោលគឺ​ការគំរាមកំហែង​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​តែម្តង​៕ 

Tag:
 អាស៊ាន​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com