ក្របខណ្ឌខេមបូឌានលីគត្រូវប្រកួតបញ្ចប់ជើងទី១នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនានេះ ដោយមានការប្រកួតចំនួន៤គូ ដែលរៀបចំនៅទីលានផ្សេងៗគ្នា។ វាជាការប្រកួតដ៏ទាក់ទាញ ដោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងត្រូវប្រជែងជាមួយក្រុមណាហ្គាវើល ដែលកំពុងស្ថិតនៅលេខ២ ខណៈក្រុមវិសាខាប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)។ ចំណែកក្រុមបឹងកេត និងភ្នំពេញក្រោនត្រូវតទល់ជាមួយគូប្រកួតនៅក្រៅទឹកដី។
ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើល វេលាម៉ោង៦ល្ងាននៅកីឡដ្ឋានខេត្តស្វាយរៀង
នេះជាការប្រកួតដ៏ជក់ចិត្តនិងទាក់ទាញបំផុត ដ្បិតក្រុមជើងខ្លាំងទាំងពីរសុទ្ធតែត្រូវការឈ្នះ ដើម្បីបំពេញមហិច្ឆតារៀងៗខ្លួន ក្នុងនោះណាហ្គាវើលត្រូវការឈ្នះក្នុងការរក្សាគន្លាតឲ្យកាន់តែជិតជាមួយក្រុមកំពូលតារាង។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះដើម្បីបន្តគ្រងកំពូលតារាងជាមួយកំណត់ត្រាមិនស្គាល់ចាញ់។ ទោះបីព្រះខ័នស្វាយរៀងចាញ់ក្នុងការប្រកួតនេះ ក៏ពួកគេនៅតែបន្តគ្រងកំពូលតារាងក្នុងសប្តាហ៍នេះដែរ។ ដ្បិតបច្ចុប្បន្នក្រុមមិនទាន់ស្គាល់ចាញ់មួយនេះ ស្ថិតនៅកំពូលតារាងដោយមាន៣២ពិន្ទុ ខណៈណាហ្គាវើលស្ថិតនៅលេខរៀងទី២មាន២៧ពិន្ទុ។
៣ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង គឺយកឈ្នះវិសាខា ៥-៣ ក្រសួងការពារជាតិ ២-១ និងអាស៊ីអឺរ៉ុប ២-០ ខណៈណាហ្គាវើលក្រោយចាញ់បឹងកេត ២-០ បន្តចាញ់វិសាខា ៣-២ តែយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ៣-០។ សម្រាប់ការប៉ះគ្នានៅថ្ងៃនេះ ស្វាយរៀងទំនងជាអាចមានប្រៀបជាងដោយសារការប្រកួតធ្វើឡើងនៅលើទឹកដីរបស់ពួកគេ ដែលមានអ្នកគាំទ្រយ៉ាងច្រើននៅទីនោះ។
វិសាខា ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានវិសាខា
ក្រោយយកឈ្នះណាហ្គាវើល ៣-២ វិសាខារំពឹងបន្តឈ្នះប៉ូលិសនៅថ្ងៃនេះ ដើម្បីបាន៣ពិន្ទុបន្ថែមក្នុងការបន្តក្តីសង្ឃឹមសម្រាប់ប្រជែងដណ្តើមជើងឯក ដ្បិតបច្ចុប្បន្នក្រុមស្ថិតនៅលេខរៀងទី៦មួយនេះ មានគម្លាត១០ពិន្ទុជាមួយក្រុមកំពូលតារាង។ វិសាខា ក៏ត្រូវការជ័យជម្នះ ដើម្បីស្តារមុខមាត់ដែលពួកគេបានចាញ់៣ប្រកួតជាប់គ្នាកន្លងមកផងដែរ ក្នុងនោះវិសាខាចាញ់ក្រសួងការពារជាតិ ១-០ ព្រះខ័នរាជស្វាយរៀង ៥-៣ និងអាស៊ីអឺរ៉ុប ៣-១។
ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ប៉ូលិស ក៏ត្រូវការឈ្នះនៅថ្ងៃនេះផងដែរ បន្ទាប់ពីពួកគេបានហាក់ទទួលបានលទ្ធផលមិនសូវល្អមួយរយៈកន្លងមកនេះ។ បច្ចុប្បន្នក្រុមស្ថិតនៅលេខរៀងទី១០មាន១៣ពិន្ទុមួយនេះស្គាល់ជ័យជម្នះ៤ ស្មើ១ និងចាញ់៧។
គីរីវង់សុខសែនជ័យ ប៉ះ បឹងកេត វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានគរុកោសល្យខេត្តតាកែវ
ក្រោយចាញ់សូលទីអង្គរ ៥-៤ បឹងកេតត្រូវការឈ្នះគីរីវង់សុខសែនជ័យដើម្បីស្តារមុខមាត់ឡើងវិញ ក៏ដូចជារក្សាគម្លាតកុំឆ្ងាយពីតំបន់កំពូលតារាង។ ដ្បិតបច្ចុប្បន្នក្រុមស្ថិតនៅលេខរៀងទី៥មាន២៣ពិន្ទុមួយនេះ មានគម្លាត៩ពិន្ទុជាក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង។ ចំណែកក្រុមគីរីវង់សុខសែនជ័យក្រោយចាញ់៣ប្រកួតជាប់គ្នា ពួកគេបានយកឈ្នះក្រុមកំពង់ចាមក្នុងលទ្ធផល ១២-០ កាលពីសប្តាហ៍។ ជ័យជម្នះសម្រាប់គីរីវង់សុខសែនជ័យទំនងជាលំបាកកើតឡើងនៅថ្ងៃនេះ ដ្បិតបឹងកេតជាក្រុមខ្លាំង។ ដូច្នេះពួកគេរំពឹងត្រឹមអាចធ្វើបានល្អ កុំឲ្យមានការស៊ុតបញ្ចូលទីច្រើនពីភ្ញៀងបឹងកេតតែប៉ុណ្ណោះ។
កំពង់ចាម ប៉ះ ភ្នំពេញក្រោន វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានស្តាតចាស់
ក្រោយយកឈ្នះអគ្គិសនីកម្ពុជា ១-០ នាជំនួបបើកឆាកសប្តាហ៍ទី១ កំពង់ចាមមិនទាន់អាចស្វែងរកជ័យជម្នះលើកទី២របស់ខ្លួនបាននៅឡើយទេ ផ្ទុយទៅវិញពួកគេបានរងបរាជ័យ១១ប្រកួតជាប់គ្នា។ សម្រាប់ការប៉ះភ្នំពេញក្រោនលើកនេះ កំពង់ចាមមិនហ៊ានដាក់ក្តីរំពឹងរហូតឈ្នះនោះឡើយ តែពួកគេសង្ឃឹមអាចរារាំងកុំមានការស៊ុតបាល់បញ្ចូលទីច្រើនពីភ្ញៀវ។
គេសង្កេតឃើញភ្នំពេញក្រោនក្រោមការដឹកនាំរបស់លោក ស៊ុំ វណ្ណា មួយរយៈកន្លងមកនេះហាក់ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ជាងក្រោមការដឹកនាំរបស់គ្រូបង្វឹកប្រេស៊ីល Leonardo Vitorino។ ភ្នំពេញក្រោនទទួលបានជ័យជម្នះជាប់គ្នាសម្រាប់៤ប្រកួតកន្លងមកនេះ ក្នុងនោះពួកគេបានយកឈ្នះគីរីវង់សុខសែនជ័យ ២-១ ក្រសួងការពារជាតិ ៣-១ អគ្គិសនីកម្ពុជា ៥-០ និងអង្គរថាយហ្គឺរ ១-0។ ជ័យជម្នះជាបន្តបន្ទាប់នេះ ជួយឲ្យភ្នំពេញក្រោនឡើងទៅឈរលេខរៀងទី៨មាន២១ពិន្ទុ។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមសូលទីឡូអង្គរបានយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ២-១ ខណៈអង្គរថាយហ្គឺរយកឈ្នះអគ្គិសនីកម្ពុជា ៣-១ មុនក្រសួងការពារជាតិយកឈ្នះអាស៊ីអឺរ៉ុប ៤-១៕