កីឡាអន្តរជាតិ
អន្តរជាតិ
អេ​ស្ប៉ា​ញ​ក្លាយជា​ម្ចាស់​ពាន Euro U-21 លើក​ទី​៥ ក្រោយ​ឈ្នះ​អាល្លឺម៉ង់ ២-១
01, Jul 2019 , 12:20 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្រោម​អាយុ​២១​ឆ្នាំ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro U-21 ឆ្នាំ​២០១៩ ជា​លើក​ទី​៥ បន្ទាប់ពី​យកឈ្នះ​ម្ចាស់​ជើងឯក​ចាស់​អាល្លឺម៉ង់​ក្នុង​លទ្ធផល ២-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​ដោយ​សហ​ម្ចាស់ផ្ទះ អ៊ីតាលី និង​សាំង​ម៉ា​រ៉ាំ​ង​។​



​ក្នុងជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃទី​៣០ ខែមិថុនា នៅ​កីឡដ្ឋាន Stadio Friuli ក្នុងប្រទេស​អ៊ីតាលី ខ្សែបម្រើ Fabian Ruiz ជា​អ្នករក​គ្រាប់​បាល់​បើកឆាក​ឲ្យ​អេ​ស្ប៉ា​ញ​នាំមុខ​តាំងពី​៧​នាទី​ដំបូង​នៃ​វគ្គ​ទី​១​។

​ចូលដល់​តង់​ទី​២ ខ្សែបម្រើ Daniel Olmo បន្ថែម​គ្រាប់​បាល់​ទី​២ នៅ​នាទី​៦៩ មុនពេល Nadiem Amiri វាយបក​ឲ្យ​អាល្លឺម៉ង់​មួយគ្រា​ប់​វិញ​នៅ​នាទី​៨៨​។ បញ្ចប់​ការប្រកួត​អេ​ស្ប៉ា​ញ​ឈ្នះ​អាល្លឺម៉ង់ ២-១ ដើម្បី​ក្លាយជា​ម្ចាស់​ពាន Euro U-21 ឆ្នាំ​២០១៩ និង​ជា​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​បំបែក​កំណត់ត្រា​របស់​អ៊ីតាលី​ដែល​ឈ្នះ​៥​លើក​ដូចគ្នា​។​

សម្រាប់​ពាន Golden Boot (​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​) ក្នុង​ព្រឹត្តិការណ៍​នេះ ខ្សែប្រយុទ្ធ​របស់​អាល្លឺម៉ង់ Luca Waldschmidt ដែល​សម្រេច​ទី​បាន​ចំនួន​៧​គ្រាប់​។​

គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២១​ឆ្នាំ ដែល​ឈ្នះ Euro U-21 ចំនួន​៥​លើក​មាន​អេ​ស្ប៉ា​ញ (១៩៨៦, ១៩៩៨, ២០១១, ២០១៣ និង ២០១៩) អ៊ីតាលី (១៩៩២,១៩៩៤, ១៩៩៦, ២០០០ និង ២០០៤)​។ ក្រុម​ដែល​ឈ្នះ​ពីរលើក​មាន​អង់គ្លេស (១៩៨២, ១៩៨៤) អាល្លឺម៉ង់ (២០០៩, ២០១៧) និង​មួយ​លើក​មាន បារាំង (១៩៨៨) ស៊ែ​ប៊ី (១៩៧៨)៕

​សូម​ទស្សនា​វីដេអូ​

Tag:
 បាល់ទាត់​
  Euro U-21
  អេ​ស្ប៉ា​ញ
© រក្សាសិទ្ធិដោយ thmeythmey.com