ក្លិបបាល់ទាត់ភ្នំពេញក្រោនបានចុះកិច្ចសន្យានាំចូលខ្សែបម្រើ Mustafa Zazai សមាជិកក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ដើម្បីពង្រឹងតំបន់កណ្តាល សម្រាប់ជំនួបជើងទី២ នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ។ ក្លិបជើងឯក៦សម័យកាលមួយនេះ ក៏បាននាំចូលខ្សែបម្រើខ្មែរ-បារាំង និងបន្តកិច្ចសន្យាជាមួយកីឡាករ៥រូបទៀតផងដែរ។
ខ្សែបម្រើប្រយុទ្ធ Mustafa Zazai ដែលទើបចុះកិច្ចសន្យាជាមួយភ្នំពេញក្រោន គឺជាសមាជិកជម្រើសជាតិអាហ្វហ្គានីស្ថាន ហើយធ្លាប់បង្ហាញខ្លួន៣០លើក ដោយរកបាន៤គ្រាប់។ មុនផ្ទេរមកភ្នំពេញក្រោនកីឡាករវ័យ២៦ឆ្នាំរូបនេះ លេងឲ្យក្លិប Kelantan FA ក្របខណ្ឌកំពូលម៉ាឡេស៊ី បានពាក់កណ្តាលរដូវកាលឆ្នាំ២០១៩ ដោយរកបាន៣គ្រាប់សម្រាប់ការបង្ហាញខ្លួន៩លើក។
ខ្សែបម្រើរូបនេះបានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូង ក្នុងជួរយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺម៉ង់ពីឆ្នាំ២០០៦-២០០៩។ បន្ទាប់មករូបគេបានផ្លាស់ទៅក្លិបអាល្លឺម៉ង់ SC Concordia Hamburg មុនផ្ទេរទៅ VfB Lübeck ចន្លោះពីឆ្នាំ២០១១-២០១២។
កីឡាករ សេង សារ៉ាវុធ ពេលបង្ហាញសមត្ថភាពក្រោយចុះកិច្ចសន្យាជាមួយភ្នំពេញក្រោន
កីឡាករវ័យ២៦ឆ្នាំរូបនេះ ត្រូវបានក្លិបអាល្លឺម៉ង់ VfB Lübeck ដំឡើងលេងកម្រិតអាជីពពីឆ្នាំ២០១២-២០១៣។ ក្រោយប្រឡូកជាមួយក្លិបនៅអាល្លឺម៉ង់ជាបន្តបន្ទាប់ នៅឆ្នាំ២០១៨ កីឡាកររូបនេះ បានផ្ទេរមកកាន់ទឹកដីអាស៊ាន ដោយលេងក្លិបអាជីពរបស់ថៃ Chachoengsao F.C។ ក្រោយលេងបានពាក់កណ្តាលរដូវកាលរូបគេបានផ្ទេរទៅលេងឲ្យក្លិប Phrae United នៅថៃដូចគ្នា មុននឹងរូបគេបានផ្លាស់ទៅលេងក្លិបម៉ាឡេស៊ី Kelantan FA នៅរដូវកាលឆ្នាំ២០១៩។
មុនចុះកិច្ចសន្យាជាមួយកីឡាករអាហ្វហ្គានីស្ថានខាងលើ ភ្នំពេញក្រោនបាននាំចូលខ្សែបម្រើប្រយុទ្ធខ្មែរ-បារាំង សេង សារ៉ាវុធ ដែលធ្លាប់លេងឲ្យក្លិបបារាំង Argentan FC ក្នុងកម្រិតអាយុក្រោម១៧ឆ្នាំ រួមទាំងក្លិប US Alencon, AS Sarceaux, AS Versin និងក្លិប Caen Sud Ouest។ ភ្នំពេញក្រោនរំពឹងថា ខ្សែបម្រើប្រយុទ្ធរូបនេះនឹងជួយឲ្យក្លិបទទួលបានលទ្ធផលល្អទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។
ក្លិបជើងឯក៦សម័យកាលមួយនេះ ក៏បានបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor រហូតដល់ឆ្នាំ២០២០ និងកីឡាករកម្ពុជា៤រូបរួមមាន ម៉ៅ ពិសិដ្ឋ, អ៊ន ចាន់ប៉ូលីន, ជួន ចាន់ចាវ និងអ្នកចាំទី សាវែង សំណាង រហូតដល់ឆ្នាំ២០២២ ផងដែរ។ ជាមួយគ្នានេះ ក្លិបភ្នំពេញក្រោនបានចែកផ្លូវជាមួយកីឡាករជប៉ុន Shuhei Mitsuhashi ក្រោយរួមរស់បានជិតពាក់កណ្តាលរដូវកាល២០១៩។ តែក្លិបមិនបានបញ្ជាក់ពីមូលហេតុនៃការចែកផ្លូវនេះឡើយ គ្រាន់តែបញ្ជាក់ថា ក្រោមហេតុផលផ្ទាល់ខ្លួន។
ក្រោយចប់ការប្រកួតជើងទី១ ភ្នំពេញក្រោនស្ថិតនៅលេខរៀងទី៦មាន២៤ពិន្ទុ ក្រោយឈ្នះ៨ និងចាញ់៥។ ភ្នំពេញក្រោនមានគម្លាត៩ពិន្ទុពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលមាន៣៣ពិន្ទុជាមួយកំណត់ត្រាមិនស្គាល់ចាញ់ឈ្នះ១០ ស្មើ៣៕