អន្តរជាតិ
ជប៉ុន រឹតត្បិត​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងត្បូង​ដោយសារ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​?
01, Jul 2019 , 4:35 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (ឆ្វេង) និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ប្រភពរូប៖​ AFP)
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (ឆ្វេង) និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ប្រភពរូប៖​ AFP)
ដោយ:
​ជប៉ុន បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​១ ខែកក្កដា ថា ខ្លួន នឹង​រឹតត្បិត​ការនាំចេញ​ទៅកាន់​កូរ៉េខាងត្បូង​ចំពោះ​សារ​ធាតុគីមី​មួយចំនួន​ដែល​ប្រើ​ក្នុង​ផលិតកម្ម​ទូរ​សព្ទ​ឆ្លាត​វៃ និង​បន្ទះ​ឈី​ប ។ ចំណាត់ការ​ថ្មី​នេះ ធ្វើឡើង​ខណៈដែល​មានកា​រ​ឃ្នើសចិត្ត​ជាមួយ​ទីក្រុង​សេ​អ៊ូ​លពាក់​ព័ន្ធ​នឹង​ការចាប់​បង្ខំ​ប្រជាជន​កូរ៉េខាងត្បូង​ធ្វើការ​ធ្ងន់​អំឡុងពេល​សង្គ្រាម​។

 
​វិធាន​ច្បាប់​ថ្មី ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​តទៅ ត្រូវបាន​ដាក់ចេញ ក្រោយពី​តុលាការ​កូរ៉េខាងត្បូង បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ចេញថ្លៃ​សំណង​ដល់​ប្រជាជន ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ក្នុងពេល​សង្គ្រាម ។ សម្រាប់​បញ្ហា​ចាប់បង្ខំ​ពលកម្ម​នេះ ក្រុង​តូ​ក្យូ​ធ្លាប់បាន​អះអាងថា វា​ត្រូវបាន​ដោះស្រាយ​រួចហើយ នៅពេលដែល​ប្រទេស​ទាំងពីរ ចាប់ផ្តើម​បន្ត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រព័ន្ធគ្រប់គ្រង​ការនាំចេញ ត្រូវបាន​បង្កើតឡើង ដោយ​អាស្រ័យ​លើ​ភាព​ទុកចិត្ត​គ្នា​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​រវាង​រដ្ឋ និង​រដ្ឋ​។ ត្រង់ចំណុច​នេះ ក្រសួង​ដដែល​នេះ បន្ថែមទៀតថា ក្រោយពី​មានការ​សើរើ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ​រួចមក លទ្ធផល បង្ហាញ​យ៉ាងច្បាស់​ថា ភាព​ទុកចិត្ត​គ្នា​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង មាន​ភាព​រកាំរកូស​ខ្លាំង​។ 
 
​ការ​រឹតត្បិត​ថ្មី​នេះ នឹង​អនុវត្ត​លើ​ការនាំចេញ​​សារ​ធាតុគីមី​មួយចំនួន​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ផលិតកម្ម​ទូរ​សព្ទ​ឆ្លាត​វៃ និង​បន្ទះ​ឈី​ប ក៏ដូចជា​ការផ្ទេរ​បច្ចេក​វិទ្យា​នៃ​ការផលិត​ផងដែរ តាមរយៈ​ការដក​សារធាតុ​នេះ​ចេញពី​បញ្ជី​ដែល​អាច​បាន​នាំចេញ​លឿន​។ នេះ​មានន័យថា បណ្តា​ក្រុមហ៊ុននាំចេញ​ជប៉ុន​នានា នឹងមាន​កាតព្វកិច្ច​ដាក់​សំណើសុំ​ការអនុញ្ញាត​រាល់ពេល​នៃ​ការនាំចេញ​ទំនិញ​របស់​ពួកគេ​ទៅកាន់​កូរ៉េខាងត្បូង ហើយ​ដំណើរការ​នៃ​ការស្នើសុំ​នេះ ត្រូវការ​ពេល​រហូតដល់ ៩០​ថ្ងៃ ក្នុង​មួយ​លើកៗ ។ 
 
​ជប៉ុន និង​កូរ៉េខាងត្បូង មាន​ចំណុច​ដូចគ្នា​មួយចំនួន​រួមមាន ការគោរព​លទ្ធិប្រជាធិបតេយ្យ ការប្រកាន់​ខ្ជាប់​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​ជា​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក​។ យ៉ាងណាមិញ ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​នេះ មាន​ភាព​ល្អក់កករ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារតែ​ភាពឃោរឃៅ​របស់​ជប៉ុន​ចន្លោះ​ឆ្នាំ​១៩១០ ដល់​ឆ្នាំ​១៩៤៥ ពោលគឺ​អំឡុងពេល​នៃ​ការដាក់​អាណានិគម​លើ​ឧបទ្វីប​កូរ៉េ​។ 
 
​ភាព​តានតឹង ចេះតែ​បន្ត​កើនឡើង ក្រោយពី​សាលក្រម​ជា​បន្តបន្ទាប់​ដែល​បានប្រកាស​ដោយ​តុលាការ​កូរ៉េខាងត្បូង បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រជាជន​កូរ៉េ​ដោយ​បង្ខំ​ក្នុងអំឡុង​សម័យ​សង្គ្រាម បង់ថ្លៃ​សំណង​ដល់​ជនរងគ្រោះ​។ កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង តូ​ក្យូ បានស្នើ​ដោះស្រាយ​បញ្ហា​នេះ​តាម​ម​ជ្ឈ​ត្ត​កម្ម​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំងពីរ​ពេល​ចំណងទាក់ទង​​ត្រូវបាន​ស្ដារឡើងវិញ​។ 
 
​ប៉ុន្តែ​ភាគី​កូរ៉េខាងត្បូង បាន​វាយបក​ជាមួយនឹង​សំណើ​ថ្មី​មួយ​ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន និង​កូរ៉េខាងត្បូង បង្កើត​មូលនិធិ​នៃ​ទូទាត់​សំណង​ដោយ​ស្ម័គ្រចិត្ត​មួយ​។ តែ​ក្រុង​តូ​ក្យូ បាន​បដិសេធ​សណើ​នេះ ដោយ​ចាត់ទុកថា ជា​រឿង​មិនអាច​ទទួលយកបាន​៕
 

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  ពាណិជ្ជកម្ម​
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com