NGO ស្នើ​ឲ្យ​ក្រសួង​ដែនដី ស៊ើបអង្កេត​លើ​ករណី​ដីធ្លី​ពលរដ្ឋ​១៩៧​គ្រួសារ​ម្ដងទៀត ក្រោយ​ក្រសួង​មិន​ដោះស្រាយ​
ជាតិ
សង្គមជាតិ
NGO ស្នើ​ឲ្យ​ក្រសួង​ដែនដី ស៊ើបអង្កេត​លើ​ករណី​ដីធ្លី​ពលរដ្ឋ​១៩៧​គ្រួសារ​ម្ដងទៀត ក្រោយ​ក្រសួង​មិន​ដោះស្រាយ​
01, Jul 2019 , 6:02 pm        
រូបភាព
​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រកាស​មិន​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ចំនួន ១៩៧​គ្រួសារ ក្រោម​ហេតុផល​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ​ផលិត​ស្ករស​នោះទេ​។ តែ​សង្គម​ស៊ីវិល ចាត់ទុក​ការសម្រេច​របស់​ក្រសួង​ជា​រឿង​មិន​ត្រឹមត្រូវ ដោយ​ស្នើ​ឲ្យ​ស៊ើបអង្កេត​លើ​ករណីនេះ​ម្ដងទៀត​។​

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី បាន​ឲ្យ​ដឹងថា ក្រសួង​បាន​ដោះស្រាយ​ករណី​ជម្លោះដីធ្លី​រវាង ៩៨៧ គ្រួសារ និង​ក្រុមហ៊ុន​ដាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង រួចរាល់​ជា​ស្ថាពរ​ហើយ​។ ចំណែក​ពលរដ្ឋ​១៩៧​គ្រួសារ ដែល​ឡើងមក​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​១ កក្កដា​នេះ ក្រសួង មិន​ដោះស្រាយ​បញ្ហា​នោះឡើយ ដោយសារតែ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​នេះ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង បានស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ពលរដ្ឋ​ទាំងនោះ​ផងដែរ​។ 
 
​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ហួរ អ៊ី​ន មន្ត្រី​នៃ​អង្គការ​លីកាដូ​ប្រចាំខេត្ត​កោះកុង បាន​និយាយថា ប្រជាពលរដ្ឋ​១៩៧ គ្រួសារ​ពិតជា​មាន​ជម្លោះ​ជាមួយនឹង ឧកញ៉ា ហេង ហ៊ុយ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​យកទៅ​ដាំ និង​ផលិត​ស្ករអំពៅ​មែន ។​ហើយ​មកដល់ពេលនេះ​មិនទាន់​ទទួលបាន​សំណង​នោះទេ​។ 
 
​ត្រង់ចំណុច​នេះ​លោក អ៊ី​ន បាន​បញ្ជាក់ថា ការដោះស្រាយ​របស់​ក្រសួង​លើ​ករណី​ប្រជាពលរដ្ឋ​៩៨៧ គ្រួសារ គឺជា​ករណី​មួយ​ផ្សេងទៀត ដែល​ទាក់ទង​នឹង​ករណី​ជម្លោះ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់លោក​ឧក​ញា លី យ៉ុង​ផាត ដែល​លក់​ឲ្យ​ក្រុមហ៊ុន​ថៃ​មួយ បន្ត​អនុវត្ត​ការងារ​បច្ចុប្បន្ន​ប៉ុណ្ណោះ​។ រីឯ​ករណី​ពលរដ្ឋ ១៩៧​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ ឧកញ៉ា ហេង ហ៊ុយ ជា​ករណី​ផ្សេង​មួយទៀត​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រី​អង្គការ​លីកាដូ​ប្រចាំខេត្ត​កោះកុង ដែល​តាមដាន​លើ​ករណី​ដីធ្លី​នេះ បាន​និយាយថា​៖«​ខ្ញុំ​បាន​អាន​លិខិត​របស់​ក្រសួង​ដែរ គាត់​បាន​អះអាងថា​បាន​ដោះស្រាយ​ចប់​លើ​ករណី​ដីធ្លី ៩៨៧ គ្រួសារ​។ ការដោះស្រាយ​ចប់​នេះ គឺជា​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ (​ក្រុមហ៊ុន​ថៃ​) វា​ជា​ករណី​ពីរ​ផ្សេងទៀត ។ ហើយ​វា​មិនមែនជា​ដំណោះស្រាយ​លើ​ករណី​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជាមួយនឹង​លោក ឧកញ៉ា ហេង ហ៊ុយ នោះទេ​»​។ 
 
​ជាមួយគ្នានេះ​លោក ហួរ អ៊ី​ន ស្នើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ស៊ើបអង្កេត​ប​ន្តែ​ម​លើ​ករណីនេះ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន មុននឹង​ច្រានចោល​លើ​បណ្ដឹង​របស់​ពលរដ្ឋរ​ង​គ្រោះ​។ 
 
​នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ១៩៧ គ្រួសារ​មកពី​ឃុំ​ជីខ ស្រុកស្រែ​អំបិល ខេត្ត កោះកុង ដែល​អះអាងថា ខ្លួន​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ បានមក​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី ដើម្បី​ឲ្យ​ក្រសួង​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគេ​។ ប្រជាពលរដ្ឋ​ទាំងនោះ បានដាក់​ញាតិ​នៅ​ក្រសួង​ដែនដី ដោយ​ទាមទារ​សំណង​ដី​ចំនួន ២ ហិច​តា និង​ប្រាក់​សំណង ៧​ពាន់​ដុល្លារ​។​
 
​គួរ​បញ្ជាក់ថា ករណី​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​ជិត​២០០​គ្រួសារ​ខាងលើ ដែល​ស្ថិតនៅ​ឃុំ​ជីខ ស្រុកស្រែ​អំបិល ខេត្តកោះកុង​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ​។ នេះ​បើតាម​មន្ត្រី​អង្គការ​លីកាដូ​៕
 

Tag:
 ជម្លោះដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com