អន្តរជាតិ
ជម្លោះ​ពាណិជ្ជកម្ម​៖ លោក ត្រាំ ថា កិច្ចព្រមព្រៀង​ត្រូវ​លម្អៀង​ទៅ​អាមេរិក​ជាង​ចិន​
02, Jul 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃសមភាគីចិន ស៊ី ជិនភីង នាជំនួបនៅជប៉ុន។ រូបភាព Xinhua
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃសមភាគីចិន ស៊ី ជិនភីង នាជំនួបនៅជប៉ុន។ រូបភាព Xinhua
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែ​កក្ដ​ដា និយាយថា ការចរចា​រវាង​អាមេរិក និង​ចិន​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ចាប់ដំណើរការ​ឡើងវិញ​ហើយ ប៉ុន្តែ​មិន​បញ្ជាក់ថា ធ្វើឡើង​នៅ​កម្រិតណា​ឡើយ​។ ដោយ​មិន​សុខចិត្ត​នឹង​ឱនភាព​ពាណិជ្ជកម្ម និង​ការ​ចំណេញ​រាប់​ឆ្នាំ​ពី​សំណាក់​ចិន​នោះ លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀង​បញ្ចប់​បញ្ហា ត្រូវតែ​ឲ្យ​ប្រយោជន៍​ច្រើន​ទៅខាង​អាមេរិក ដើម្បី​ស៊ីសង​នូវ​ការខាតប់ង​ច្រើន​ឆ្នាំ​មកនេះ​។​

 
​ពីរ​ថ្ងៃក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ទឹកដី​ជប៉ុន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាសថា ការចរចា​ដើម្បី​រក​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម កំពុង​ធ្វើឡើង​ហើយ​។ នា​ជំនួប​អូ​សា​កា មេដឹកនាំ​អាមេរិក និង​ចិន​ផ្ដល់​សញ្ញា​ឲ្យ​មន្ត្រី​ចរចា​ទាំងពីរ​ចាប់ផ្ដើម​ការចរចា​រប​ស់​ខ្លួន សំដៅ​បង្កើត​កិច្ចព្រមព្រៀង​មួយ ហើយ​អាមេរិក​ក៏​យល់ព្រម​មិន​បន្ថែម​ពន្ធ​លើ​ទំនិញ​ចិន និង​បាន​បន្ធូរដៃ​ឲ្យ​ក្រុមហ៊ុន Huawei ទៀតផង​។​
 
​ប្រាប់​អ្នកសារព័ត៌មាន​ពី​សេត​វិមាន លោក ត្រាំ និយាយថា ការចរចា​បានចាប់ផ្ដើម​ឡើងវិញ​ហើយ ដោយ​មន្ត្រី​ចរចា​មិន​ត្រឹម​ជជែក​តាម​ទូរ​សព្ទ​ឡើយ តែ​ក៏បាន​ជួបគ្នា​ផងដែរ​។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ពី​ការចរចា​ឡើយ​។ ជុំវិញ​សមាសភាព​ក្រុម​ចរចា អាមេរិក​ដឹកនាំ​ដោយ​តំណាង​ចរចា​ពាណិជ្ជកម្ម Robert Lighthizer និង​រដ្ឋមន្ត្រី​រតនាគា​រ Steven Mnuchin ឯ​ចិន​ដឹកនាំ​ឧបនាយករដ្ឋមន្ត្រី លីវ ហឺ ដែលជា​មនុស្ស​ជំនិត​លោក ស៊ី ផ្ទាល់​។​
 
​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​មាន​អាយុ​ជិត​មួយឆ្នាំ​ទៅហើយ​។ មួយឆ្នាំ​នេះ អាមេរិក និង​ចិន​បានដាក់​ពន្ធ​នាំចូល​លើ​ទំនិញ​រៀងៗ​ខ្លួន​ទំហំ​លើសបី​រយ​ពាន់​លាន​ដុល្លារ​ទៅហើយ​។ ឯ​ដើមចម​វិញ គឺ​ដោយសារ​អាមេរិក​មិន​ពេញ​ចិត្តនឹង​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ក៏ដូចជា​ការ​នយោបាយ​ពាណិជ្ជកម្ម​របស់​ចិន​ដែល​កេងចំណេញ​លើ​អាមេរិក​ដូចជា ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ការបង្ខំ​ឲ្យ​ផ្ទេ​បច្ចេកវិទ្យា និង​ការ​រឹតត្បិត​ទីផ្សារ​ដោយ​ចិន​ជាដើម​។​
 
​អាស្រ័យហេតុនេះ លោក ត្រាំ ទាមទារ​ឲ្យ​កិច្ចព្រមព្រៀង​ដែល​នឹង​លេច​ជា​រូបរាង ត្រូវ​លំអៀង​ទៅខាង​អាមេរិក​។ និយាយ​ឲ្យ​ចំ គឺ​អាមេរិក​ត្រូវ​ចំណេញ​ជាង​ចិន​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា​៖ «​វា​ត្រូវតែ​អាមេរិក​ល្អ​ជាង​ចិន ព្រោះ​ចិន​កេងចំណេញ​ច្រើន​ឆ្នាំ​មកហើយ​។ ច្បាស់​ណាស់ យើង​មិន​អាចធ្វើ​វា​ឲ្យ​ទៅជា​៥០​ទល់​៥០​ឡើយ​។ វា​ត្រូវតែ​ជា​កិច្ចព្រមព្រៀង​ដែល​ផ្ដល់​ប្រយោជន៍​ច្រើន​ឲ្យ​អាមេរិក​។​»
 
​សម្រាប់​កិច្ចព្រមព្រៀង​នេះ លោក ត្រាំ ក៏បាន​ដាក់​លក្ខខណ្ឌ​ដែរ​ថា ដំណោះស្រាយ​ចុងក្រោយ នឹង​សម្រេចបាន​នៅពេលដែល​ការ​តថ្លៃ​របស់​ភាគី​ទាំង​សង​ត្រូវរ៉ូវ​គ្នា​។ ស្ថា​ភាព​ធូរស្រាល​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​នៅ​រយៈពេល​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​ទីផ្សារ​សាកល​មាន​ស្ថិរភាព​មួយកម្រិត ហើយ​គេ​រំពឹង​ក៏​ថា មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​នេះ នឹង​បញ្ចប់​ជម្លោះ​ឆាប់ៗ​នេះ​ដើម្បី​សេដ្ឋកិច្ចពិភពលោក​វិល​ទៅរក​ប្រក្រតី​ឡើងវិញ​៕ 
 

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com