កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ Messi បន្ត​ខកចិត្ត ក្រោយ​អា​ហ្ស​ង់​ទីន​ហាលអាវ ដោយសារ​ប្រេ​ស៊ី​ល​
03, Jul 2019 , 9:23 am        
រូបភាព
កីឡករប្រេស៊ីលអបអរគ្រាប់បញ្ចូលទីរបស់ Gabriel Jesus ខណៈអាហ្សង់ទីន​របស់ Messi បន្ត​រងការខកចិត្ត។ រូបថត AFP
កីឡករប្រេស៊ីលអបអរគ្រាប់បញ្ចូលទីរបស់ Gabriel Jesus ខណៈអាហ្សង់ទីន​របស់ Messi បន្ត​រងការខកចិត្ត។ រូបថត AFP
ដោយ: ថ្មីៗ
ប្រេ​ស៊ី​ល​បាន​យកឈ្នះ​អា​ហ្ស​ង់​ទីន ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Copa America ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Estadio Mineirao នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែកក្កដា នេះ [​ម៉ោង​នៅ​កម្ពុជា​]​។ Gabriel Jesus ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​១៩ ហើយ Roberto Firmino បន្ថែម​គ្រាប់​ទី​២​នៅ​នាទី​៧១​។ កីឡាករ​ដែល​លេង​នៅ​ក្របខណ្ឌ Premier League ទាំងពីរ​នាក់​នេះ បាន​បញ្ចូនបាល់​ឲ្យ​គ្នា​ស៊ុត​ទៅវិញទៅមក​។​



​ប្រេ​ស៊ី​ល​ទទួលបាន​ឱកាស​ឡើងទៅ​ដណ្តើមពាន​ប្រចាំ​ទ្វីបអាមេរិក​ឡាទីន ជា​លើក​ទី​៩ ដោយ​លើកចុងក្រោយ​បំផុត ពួកគេ​ទទួលបាន​នៅ​ឆ្នាំ​២០០៧ ក្រោយ​ឈ្នះ​អា​ហ្ស​ង់​ទីន ៣-០ នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។ ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ រង់​ចាំមើល​ជំនួប​រវាង​ស៊ី​លី និង​ប៉េ​រូ នា​ម៉ោង​៧ និង​៣០​នាទី ព្រឹកស្អែក​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។​

​ដោយឡែក​អា​ហ្ស​ង់​ទីន បន្ត​ទទួលរង​នូវ​ការខកចិត្ត ដែល​មិនអាច​ទៅ​ប្រជែង​យកឈ្នះ​ពាន​ជា​លើក​ទី​១៥ ដោយ​ចុងក្រោយ​បំផុត​ពួកគេ​ទទួល​តាំងពី​ឆ្នាំ​១៩៩៣​មក ក្រោយ​ឈ្នះ​ម៉ិ​ក​ស៊ិ​ក ២-១ នៅ​ទឹកដី​អេ​ក្វា​ឌ័​រ​។​

​នេះ​ជាការ​កំណត់ត្រា​ដ៏​ខកចិត្ត​មួយ​ផងដែរ សម្រាប់​ខ្សែប្រយុទ្ធ Lionel Messi ដោយ​រូបគេ​មិនអាច​សង្គ្រោះ​អា​ហ្ស​ង់​ទីន បាន បន្ទាប់ពី​ការសម្រេច​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​វិញ​។ Messi បាន​ជោគជ័យ​ដ៏​ធំធេង​ជាមួយ Barcelona ប៉ុន្តែ​មិន​ធ្លាប់​លើក​ពាន​ធំ​ណាមួយ​ជាមួយ​អា​ហ្ស​ង់​ទីន​ឡើយ ក្រោយពី​ឈ្នះ​មេដាយមាស​អូឡាំពិក​កាលពី​ឆ្នាំ​២០០៨​។​

​កាលពី​៣​ឆ្នាំមុន ស៊ី​លី​បាន​ក្លាយជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ក្រោយ​ឈ្នះ​អា​ហ្ស​ង់​ទីន ៤-២ ដោយ​ប៉ាល់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី ខណៈ​ការប្រកួត​១២០​នាទី គ្មាន​ការ​ស៊ុត​បញ្ចូល​ទីនោះ​ឡើយ​៕


Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com