ទូត​អាមេរិក​ទទូច​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​រក្សា​នយោបាយ​នៅ​កណ្តាល គ្រា​មានការ​ប៉ាន់ស្មាន​នៃ​វត្តមាន​កងទ័ព​ចិន​
ជាតិ
ទូត​អាមេរិក​ទទូច​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​រក្សា​នយោបាយ​នៅ​កណ្តាល គ្រា​មានការ​ប៉ាន់ស្មាន​នៃ​វត្តមាន​កងទ័ព​ចិន​
03, Jul 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ការពា​រ​ជំហរ​នយោបាយ​អព្យាក្រឹត​របស់ខ្លួន ដោយ​សម្តែង​ពី​កង្វល់​ទាក់ទង​ទៅនឹង​លទ្ធភាព​វត្តមាន​របស់​កង​យោធា​ចិន​នៅ​តំបន់​សមុទ្រ​កម្ពុជា​។​

 
​ការទទូច​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ធ្វើឡើង បន្ទាប់ពី​លោក Joseph H. Felter ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ បាន​ផ្ញើលិខិត​មួយ​ជូន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ដោយ​លើក​ពី​ចំណោទ​ដែល​អាចមាន​វត្តមាន និង​ទីតាំង​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​កម្ពុជា​នៅ​ឆ្នេរសមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ​។ ចំណោទ​នេះ​ធ្វើឡើង​ក្រោយពី​ប្រទេស​កម្ពុជា​បដិសេធ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជួសជុល​ទីតាំង​មូលដ្ឋាន​កងទ័ពជើងទឹក​នេះ​។​
 
​លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថាន​បេសកកម្ម​ការទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា លទ្ធភាព​នៃ​ការ​មាន​វត្តមាន​ទីតាំង​យោធា​ចិន​នៅ​កម្ពុជា គឺជា «​កង្វល់​ដ៏​ពិតប្រាកដ​មួយ​»​។​
 
​លោកស្រី​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ី​ម៉ែ​ល​ក្នុងន័យ​ដើម​ថា​៖ «​បើ​មើល​ទៅលើ​កម្រិត​ខ្ពស់​នៃ​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នោះ ការណ៍​នេះ​គឺជា​ការព្រួយបារម្ភ​មួយ​យ៉ាងពិត​ប្រាកដ​»​។​
 
​លោកស្រី​បាន​បន្ថែមថា​៖ «​ទង្វើ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ឯករាជ្យភាព​កម្ពុជា​ចុះខ្សោយ ឬក៏​បើកឱកាស​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា នឹង​ក្លាយជា​ក្តីបារម្ភ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​សហរដ្ឋអាមេរិក ហើយ​អាច​គំរាមកំហែង​ដល់​ភាព​ដែល​គួរ​ឲ្យ​ជឿជាក់​បាន និង​ភាពជា​អ្នក​ឈរ​នៅ​កណ្តាល​របស់​សមាគម​អាស៊ាន​។ យើង​ទទូច​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​កម្ពុជា​រក្សា​ការតាំង​ចិត្ត​នៃ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ចំពោះ​នយោបាយ​ការបរទេស​ឯករាជ្យ ហើយ​ត្រូវការពារ​យ៉ាង​រស់​រវើក​នូវ​ឯករាជ្យភាព​រប​ស់​កម្ពុជា​សម្រាប់​អ្នកជំនាន់ក្រោយៗ​»​។​
 
​កាលពី​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ​២០១៩​កន្លងទៅនេះ លោក Joseph H. Felter ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ បាន​ផ្ញើលិខិត​ជូន​លោក​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ទៀ បាញ់​។​
 
​ក្នុង​លិខិត​នោះ​លោក Joseph H. Felter បានដាក់​ការសង្ស័យថា ការច្រានចោល​ជំនួយ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ទីកន្លែង​បណ្តុះបណ្តាល និង​ការថែទាំ​កប៉ាល់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ពី​សំណាក់​ប្រទេស​កម្ពុជា​ទំនងជា​មានការ​ទាក់ទង​នឹង​កងទ័ព​ចិន​។​
 
​លោក Joseph H. Felter បាន​រំឭក​ឡើងវិញ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​កាលពី​ខែមករា​។ នៅ​ទីនោះ លោក​បានទទួល​សំណើរ​ពី​មេបញ្ជាការរង​មួយរូប ដែល​ស្នើសុំ​ជំនួយ​សម្រាប់​ជួសជុល និង​ថែទាំ​ទីកន្លែង​បណ្តុះបណ្តាល​ខាងលើ​។​
 
​ក្រោយ​ការច្រានចោល​នេះ​លោក​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក បានស្នើ​ដល់​ភាគី​កម្ពុជា​ផ្តល់នូវ​សេចក្តីពន្យល់​លម្អិត​នៅ​ពីក្រោយ​ការមិន​ទទួលយក​ជំនួយ​របស់​ក្រសួងការពារជាតិ​អាមេរិក និង​ការផ្លាស់ប្តូរ​ភ្លាម​មួយ​រំពេ​ចនៃ​សេចក្តីសម្រេចចិត្ត​របស់​កម្ពុជា​នេះ​។​
 
VOA មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បានទេ ដោយ​ទូរស័ព្ទ​របស់​ពួកលោក​រោទិ៍ តែ​គ្មាន​អ្នកទទួល​។​
 
​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ អ្នកវិភាគ​កិច្ចការ​តំបន់ និង​ជា​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់ VOA តាម​សារ​ឆ្លើយឆ្លង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ថា កម្ពុជា​គ្មាន​មហិច្ឆតា​ទៅ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​ណា​នោះទេ ដូច្នេះ​គ្មាន​ហេតុផល​ណា​មក​បញ្ជាក់ថា កម្ពុជា​ត្រូវការ​មូលដ្ឋាន​កងទ័ព​ចិន​នៅលើ​ទឹកដី​របស់ខ្លួន​។​
 
«​អត់​មាន​ចាំបាច់​ទេ ឥឡូវ​ឧទាហរណ៍​ថា យើង​យក​ទ័ព ដាក់​ទ័ព​ចិន​ដើម្បី​ទៅ​វាយ​ជាមួយ​ពី​ណា ទៅ​វ៉ៃ​ជាមួយ​វៀតណាម ឬមួយ​ក៏​ទៅ​វ៉ៃ​ជាមួយ​ថៃ​? វ៉ៃ​អ៊ីចឹង នរណា​ចំណេញ នរណា​ខាត ហើយ​ទៅ​វ៉ៃ​ដើម្បី​អី​? យើង​វា​មិនមែន​ទៅ ពង្រីក​ទឹកដី​អី​ណា ដើម្បី​យក​ដូចជា​អាណាចក្រ​ខ្មែរ​អី​ទៀត​»​។​
 
​បញ្ហា​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ត្រូវបាន​លើក​ឡើងជា​លើកដំបូង​កាលពី​ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​សិក្សា​ជាន់ខ្ពស់​លើ​កិច្ចការ​ការពារជាតិ (C4ADS) របស់​សហរដ្ឋអាមេរិក​។ មជ្ឈមណ្ឌល​នេះ​បាន​ភ្ជាប់​ក្រុមហ៊ុន Union Development Group ដែលជា​វិនិយោគិន​លើ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាប់មាត់​សមុទ្រ​ក្នុង​ខេត្តកោះកុង​នៃ​ប្រទេស​កម្ពុជា ទៅនឹង​កងទ័ព​រំដោះប្រជាជន​ចិន​។​
 
​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ច្រានចោល​ការលើកឡើង​នេះ​ម្តង​ហើយ​ម្តងទៀត​ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ដែល​ហាម​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com