អន្តរជាតិ
សហភាព​អឺរ៉ុប​នឹងមាន​ស្ត្រី​ដល់​ទៅ​២​នាក់​កាន់តំណែង​កំពូល​ជា​លើកដំបូង​បំផុត​
03, Jul 2019 , 10:38 am        
រូបភាព
លោកស្រី គ្រីស្ទីន ឡាហ្កាដ បេក្ខភាពប្រធានធនាគារកណ្ដាលអឺរ៉ុប និងលោកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន បេក្ខភាពប្រធានគណៈកម្មការអឺរ៉ុប។
លោកស្រី គ្រីស្ទីន ឡាហ្កាដ បេក្ខភាពប្រធានធនាគារកណ្ដាលអឺរ៉ុប និងលោកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន បេក្ខភាពប្រធានគណៈកម្មការអឺរ៉ុប។
​ក្រោយ​ការជជែក​តឹងសរសៃក​បី​ថ្ងៃ​មក មេដឹកនាំ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​២ ខែកក្កដា បាន​ឯកភាព​លើ​កញ្ចប់​បេក្ខភាព​សម្រាប់​ក្បាលម៉ាស៊ីន​ដឹកនាំ​អង្គការ​តំបន់​ដ៏​ធំ​មួយ​នេះ​។ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ស្ត្រី​ចំនួន​ពីររូប ត្រូវបានតែងតាំង​ជា​បេក្ខភាព​តំណែង​ជាន់ខ្ពស់​នៅ​សហភាព​អឺរ៉ុប​។ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន (Ursula von der Leyen) ជា​បេក្ខភាព​ប្រធាន​គណៈកម្មការ​អឺរ៉ុប ឯ​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ គ្រីស្ទី​ន ឡា​ហ្កា​ដ (Christine Lagarde) នឹង​ជា​បេក្ខភាព​ប្រធាន​ធនាគារ​អឺរ៉ុប​។​

 
​ទីបំផុត​ទៅ មេដឹកនាំ​សមាជិក​សហភាព​អឺរ៉ុប បាន​បំបែក​ភាពទាល់ច្រក​ក្នុង​ការកំណត់​បេក្ខភាព​សម្រាប់​ក្បាលម៉ាស៊ីន​សំខាន់ៗ​នៅ​ស្ថាប័ន​កំពូល​របស់​អឺរ៉ុប​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មេដឹកនាំ​ទាំង​២៨​ប្រទេស បាន​ឆ្លង​ការជជែក​ដ៏​ខ្លាំងក្លា និង​អូសបន្លាយ​តាំងពី​ចុង​សប្ដាហ៍​មុន​ទម្រាំ​រក​បេក្ខភាព​ដែល​ទទួលបាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ​។ ជា​រឿង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ សហភាព​អឺរ៉ុប​នឹងមាន​មេដឹកនាំ​ជា​ស្ត្រី​។  
 
​ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់​លោកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន ត្រូវបានតែងតាំង​ជា​បេក្ខភាព​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ជំនួស​លោក ហ្ស​ង់​-​ក្លូដ ចាំង​គើ (Jean-Claude Juncker) សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ​។ ប្រសិន​ទទួល​ការយល់ព្រម​ពីស​ភា​អឺរ៉ុប លោកស្រី អឺ​ស៊ុ​ឡា នឹង​ក្លាយជា​ជនជាតិ​អាល្លឺម៉ង់​ទីមួយ​ក្នុង​រយៈពេល​ច្រើនជាង​ប្រាំ​ទសវត្សរ៍​ដែល​កាន់តំណែង​ខ្ពស់​បែបនេះ​នៅ​អឺរ៉ុប​។ ការងារ​សំខាន់ៗ​រួមមាន​បម្រែបម្រួល​អាកាសធាតុ ការ​សាយភាយ​ចលនា​ស្ដាំនិយម​ជ្រុល​នៅ​អឺរ៉ុប និង​ការចាកចេញ​របស់​អង់គ្លេស​ជាដើម​។​
 
​ឈ្មោះ​របស់​លោកស្រី អឺ​ស៊ុ​ឡា បាន​លេចឡើង​ក្នុង​បញ្ជី​បេក្ខភាព បន្ទាប់ពី​សំណើ​តែងតាំង​បេក្ខភាព​មក​ហូ​ឡង់ ហ្វ្រេ​ន ធី​មមើ​មែន (Frans Timmermans) រង​ការជំទាស់​ខ្លាំងពេក​។ ស្ត្រី​ម្នាក់ទៀត​ដែល​នឹង​កាន់តំណែង​សំខាន់​នៅ​អឺរ៉ុប​ដែរនោះ គឺ​លោកស្រី គ្រីស្ទី​ន ឡា​ហ្កា​ដ ដែល​ព្យួរ​តំណែង​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​ដឹកនាំ​ធនាគា​កណ្ដាល​អឺរ៉ុប​។ អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​រូបនេះ នឹងត្រូវ​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុង​ប្លុក​មួយ​នេះ​។​
 
​ក្នុង​កញ្ចប់​ក្បាលម៉ាស៊ីន​ថ្មី​ដែល​មេដឹកនាំ​អឺរ៉ុប​យល់ព្រម​នេះដែរ នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក ឆាល មី​ឈែល (Charles Michel) នឹង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ជំនួស​លោក ដូ​ណា​ល់ ទូ​ស (Donald Tusk) ខណៈ​រដ្ឋមន្ត្រីការបរទេស​អេ​ស្ប៉ា​ញ ចូសេព បូ​រ៉េ​ល (Josep Borrell) ក្លាយជា​ស្នងការ​ទទួលបន្ទុក​កិច្ចការបរទេស និង​សន្តិសុខ​ជំនួស​លោកស្រី ហ្វែ​ដឺ​រី​កា ម៉ូ​ហ្គេ​រី​នី (Federica Mogherini) ។ សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ កំពុង​រង់ចាំ​លោក ចូសេព ។ 
 
​ដូច​លោកស្រី អឺ​ស៊ុ​ឡា ដែរ លោក បូ​រ៉េ​ល ត្រូវបាន​ការយល់ព្រម​ពី​សភា​អឺរ៉ុប​ជាមុនសិន​។ ភ្លាមៗ​ក្រោយ​ការបញ្ចេញ​កញ្ចប់​បេក្ខភាព​នេះ គេ​ឃើញ​មានការ​មិន​ពេញ​ចិត្តបាន​លេចឡើង ពិសេស​ក្នុងចំណោម​អ្នកគាំទ្រ​លោក ធី​មមើ​មែន ។ ប៉ុន្តែ​លោក ចាំង​គើ ដែល​ត្រូវ​ចាកចេញ​អះអាងថា សមាសភាព​ថ្មី​នេះ ជា​ជម្រើស​ល្អ​ហើយ​។ ចំពោះ​អ្នក​ស្នង​តំណែង​របស់ខ្លួន លោក ចាំង​គើ និយាយថា លោកស្រី លៃ​អេ​ន សម្បូរ​បទពិសោធ​ផ្នែក​ការពារជាតិ និង​សង្គម ហើយ​ជឿថា សភា​ក៏​នឹង​យល់ព្រម​ដែរ​៕ 

Tag:
 EU
  អឺរ៉ុប​
  Ursula von der Leyen
  Christine Lagarde
© រក្សាសិទ្ធិដោយ thmeythmey.com