អន្តរជាតិ
ចិន ព្រមាន​អាមេរិក​និង​អង់គ្លេស​ដែល​លូកលាន់​កិច្ចការ​ហុងកុង​
03, Jul 2019 , 8:39 pm        
រូបភាព
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទសារព័ត៌មានថ្ងៃទី២ ខែកក្កដា។ រូបភាពវេបសាយក្រសួងការបរទេសចិន
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទសារព័ត៌មានថ្ងៃទី២ ខែកក្កដា។ រូបភាពវេបសាយក្រសួងការបរទេសចិន
​ជាថ្មី​ម្ដងទៀត ចិន បាន​ព្រមាន​អាមេរិក និង​អង់គ្លេស​ដែល​បាន​គាំទ្រ​ការធ្វើ​បាតុកម្ម​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន ខណៈ​បាតុកម្ម​បាន​ប្រែ​ទៅ​ហិង្សា​នៅ​យប់​ថ្ងៃទី​១ ខែកក្កដា ដោយ​ក្រុមបាតុករ​បាន​សម្រុកចូល​លុកលុយ​អាគារ​សភា​ហុងកុង​តែម្ដង​។ ចិន​ប្រាប់​ឲ្យ​ប្រទេស​ទាំងពីរ​បញ្ឈប់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ហុងកុង ព្រោះ​វា​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន​ដែរ ហើយ​ត្រូវ​ឈប់​គាំទ្រ​សកម្មភាព​រំលោភបំពាន​ច្បាប់​ទៀត​។​

 
​ការអធិប្បាយ​របស់​អា​មេ​រិ​ក និង​អង់គ្លេស​ជុំវិញ​ការ​បាតុកម្ម​ថ្មីៗ​នេះ​នៅ​ទីក្រុង​រដ្ឋបាល​ពិសេស​ហុងកុង ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​។ ចិន​ចាត់ទុក​សកម្មភាព​ទាំងនេះ ជា​រឿង​មិនអាច​ទទួល​បានឡើយ ហើយ​ជាការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ចិន​ជា​ចំហ​ទៀតផង​។ 
 
​ជា​រឿង​មិន​ធ្លាប់មាន បាតុករ​ហុងកុង​វ័យក្មេង បាន​ចូល​អុកឡុក​អាគារ​សភា​ទីក្រុង​នេះ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន ខណៈ​ប៉ូលិស​បាន​ដកចេញ ហើយ​បណ្ដោយ​បាតុករ​ធ្វើតាម​ចិត្ត​ពួកគេ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ទើប​ជួប​សម​ភាគី​ចិន ស៊ី ជិន​ភីង នៅ​ជប៉ុន​នោះ និយាយថា ក្រុមបាតុករ​ចង់បាន​ប្រជាធិបតេយ្យ តែ​រដ្ឋាភិបាល​ខ្លះ​មិន​ចង់​បានឡើយ​។ អង់គ្លេស​ដែលជា​អតីត​ម្ចាស់​អាណានិគម​ហុងកុង ប្រើ​សម្ដី​ខ្លាំង​ជាង​អាមេរិក​។​

អាគារសសភាហុងកុងដែលរងការបំផ្លាញដោយបាតុកម្មថ្ងៃទី១ ខែកក្កដា។ រូបភាព AFP 

​ប្រមុខ​ការទូត​អង់គ្លេស ជេ​រេ​មី ហាន់ បាន​សរសេរ​តាម Twitter ថា អង់គ្លេស​បន្ត​គាំទ្រ​ហុងកុង និង​សេរីភាព​ក្នុង​ទីក្រុង​នេះ​ដោយ​ឥត​ងាករេ ហើយ​ការតវ៉ា​ដោយ​សន្តិវិធី​ត្រូវតែ​ធានា​ឲ្យ​បាន​ដូចដែល​បាតុករ​បានបង្ហាញ​នៅ​ថ្ងៃទី​១ ខែកក្កដា​។ ជាមួយគ្នា​នោះ លោក ហាន់ ក៏​ថ្លែង​ពី​យុទ្ធនាការ​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ទៀតថា ចិន​នឹង​ប្រឈមមុខ​ផលវិបាក​ធ្ងន់ធ្ងរ បើ​មិន​អនុវត្តតាម​សេចក្ដីថ្លែងការណ៍​រួម​ឆ្នាំ​១៩៨៤ ដែល​តម្រូវ​ឲ្យ​ចិន​ធានា​ពី​សិទ្ធិ និង​សេរីភាព​របស់​ហុងកុង​នោះ​។​
 
​ឆ្លើយតប​ការលើកឡើង​ខាងលើនេះ ប៉េកាំង​បាន​ប្រើពាក្យ​មួយ​ឃ្លា​ដូចគ្នា គឺ​ទាំង​អាមេរិក ទាំង​អង់គ្លេស ត្រូវ​ឈប់​កកូរកកាយ​ផ្ទៃក្នុង​ចិន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២ ខែកក្កដា លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា ហុងកុង​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន ហើយ​កិច្ចការ​ហុងកុង ជា​រឿង​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ​។ ចិន សូម​ប្រឆាំង​ដាច់ខាត​ទង្វើ​ប្រទេស​ខ្លះ​ដែល​លូកដៃ​ចូល​បញ្ហា​នៅ​ហុងកុង​។ 
 
​អំឡុង​សន្និសីទ​សារព័ត៌មាន​ដដែល អ្នកកាសែត​ក៏​សួរ​ពី​ជំហរ​របស់​ប៉េកាំង​ជុំវិញ​ជំហរ​របស់​វ៉ាស៊ីនតោន និង​ឡុង​ដ៍​ដែលថា ប្រជាជន​ហុងកុង​មាន​សិទ្ធិ​ធ្វើបាតុកម្ម​សន្តិវិធី តែ​អំពើហិង្សា​ត្រូវតែ​ចៀស​ដាច់ខាត​។ អ្នកនាំពាក្យ​ដដែល​នេះ ក៏​សួរ​វិញ​៖ «​ប្រសិនបើ​មាន​ករណី​អុកឡុក​អាគារ​សភា​កើតឡើង​នៅ​អាមេរិក ឬ​អឺរ៉ុប តែ​មិនមែន​ហុងកុង​នោះ តើ​បាតុករ​នឹងត្រូវ​ដោះស្រាយ​តាមផ្លូវ​ណា​?» លោក​បន្តថា ដូច​ធ្លាប់​ឃើញ​តាម​ទូរទស្សន៍​ពី​របៀប​ដែល​ប៉ូលិស​អាមេរិក និង​អឺរ៉ុប​ចាត់ការ​បាតុករ​នោះ​។​
 
​ត្រង់ចំណុច​នេះ មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល ក៏​រិះគន់​ប្រទេស​ទាំងនេះ និង​ចោទថា អនុវត្ត​ស្តង់ដា​ពីរ​ជាន់​។ លោក​បន្ថែមថា ពេល​ហិង្សា​កើត​នៅ​ហុងកុង ប្រទេស​ទាំងនោះ មិនបាន​ថ្កោលទោស​ឡើយ តែ​មក​បង្ហាត់បង្រៀន​ចិន​ពី​សិទ្ធិ​តវ៉ា​ដោយ​សន្តិភាព និង​អហិង្សា​ទៅវិញ ហើយ​ចាត់ទុក​ខ្លួនឯង​ជា​អ្នក​រិះគន់​មិន​លំអៀង​៕  

Tag:
 ចិន​
  ហុងកុង​
  អង់គ្លេស​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com