ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​យុត្តិធម៌ ឆ្លើយបំភ្លឺ​ជុំវិញ​ការអនុវត្ត​ការងារ នៅ​ចំពោះមុខ​រដ្ឋសភា​
04, Jul 2019 , 8:23 am        
រូបភាព
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក រដ្ឋសភាជាតិ​កម្ពុជា បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​សួរនាំ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វ​ឌ្ឍ​នា ជុំវិញ​ការអនុវត្ត​ការងារ​របស់​ក្រសួង​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​៤ កក្កដា​នេះ​។



ផ្ដើម​ឃ្លា​ដំបូង​លោក អង្គ វង្ស វ​ឌ្ឍ​នា បាន​លើកយក​ពី​គម្រោង​របស់​ក្រសួង ដែល​គ្រោង​រៀបចំ​សាលាដំបូង និង​សាលាឧទ្ធរណ៍ នៅតាម​បណ្ដាល​ខេត្ត​មួយចំនួនទៀត ដែល​ក្នុងនោះ​រួមមាន​ខេត្ត​កែប កំពត ត្បូងឃ្មុំ​ជាដើម​។ ងាក​ចេញពី​គម្រោង​សាងសង់​អង្គភាព​យុត្តិធម៌​នៅតាម​បណ្ដាខេត្ត​នេះ លោក វ​ឌ្ឍ​នា បាន​លើកយក​ពី​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី និង​បញ្ហា​ផ្សេងទៀត ប្រាប់​ទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាន់​ទាប​។ ដោយ​ក្នុងនោះ​រដ្ឋមន្ត្រីក្រសួង អះអាងថា ក្រសួង​បាន​ដោះស្រាយ​បញ្ហាដីធ្លី បាន​ចំនួន ២,៧៥៣ ​ករណី និង​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ជាង​ ១,៥០០ ​ករណី ​នៅ​ឆ្នាំ​២០១៨​កន្លងមក​។ ចំណែក​នៅ​រយៈពេល​៦​ខែ ឆ្នាំ​២០១៩​នេះ ក្រសួង​បាន​ដោះស្រាយ​​​​វិវាទ​ដីធ្លី ជូន​ពលរដ្ឋ ២,០១០​ ករណី និង​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ ១,០៩០ ​ករណី​។​
 
​បន្ថែមពី​នេះ ​លោក វ​ឌ្ឍ​នា បាន​អះអាងថា ខាង​គណៈមេធាវី ក៏បាន​ជួយផ្ដល់​សេវា​ផ្នែក​ច្បាប់​ ដល់​ជនក្រីក្រ​ដោយ​ឥតគិតថ្លៃ ​ជាង​៣០០​ ករណី ក្នុង​មួយឆ្នាំៗ ស្រប​ពេលដែល​រដ្ឋាភិបាល បាន​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ជូន​ពលរដ្ឋ​ក្រីក្រ នៅ​ឆ្នាំ​២០១៩​នេះ​។​
 
​នៅមាន​កាតព្វកិច្ច និង​នីតិវិធី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត ដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កំពុង​រៀបរាប់​ប្រាប់​រដ្ឋសភា​។​
 
​មាត្រា​៩៦​ នៃ​រដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល ហើយ​ចម្លើយ​អាចធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយរូប ឬ​ច្រើន​រូប អាស្រ័យ​ដោយ​បញ្ហា​ដែល​បាន​ចោទឡើង​។ បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវ​ឆ្លើយ​ផ្ទាល់ខ្លួន​។ មាត្រា​នេះ អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី ឆ្លើយ​ផ្ទាល់មាត់​ក៏បាន ឆ្លើយ​ជា​លាយលក្ខណ៍អក្សរ​ក៏បាន​៕
 
 

Tag:
 ​អង្គ វង្ស វ​ឌ្ឍ​នា​
  យុត្តិធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com