យើងត្រូវជជែកបញ្ហានេះឥឡូវ មុនពេលប្រជាជនកម្ពុជាផ្សេងទៀតត្រូវស្លាប់ដោយបញ្ហាស្រដៀងនេះ។ ហេតុការណ៍បាក់រលំអាគារនៅខេត្តព្រះសីហនុក្នុងពេលថ្មីៗដែលបានឆក់យកជីវិតកម្មករសំណង់២៨នាក់បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំណួរនានាពាក់ព័ន្ធការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជានិងទំនាក់ទនងសេដ្ឋកិច្ចរវាងកម្ពុជានិងចិន។
មានអ្នកវិភាគជាច្រើនបានវិភាគទៅលើបញ្ហាប្រឈមនៃអភិបាលកិច្ចនិងនិយ័តកម្មនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបញ្ហាមួយទៀតដែលគួរតែយកមកវិភាគដែរនោះគឺបញ្ហា ស្តង់ដារសំណង់របស់ចិន។ ការព្រងើយកន្តើយនឹងបញ្ហានេះនឹងនាំឱ្យមានការយល់ដឹងមិនពេញលេញអំពី ការពិតខាងក្រោយការបាក់រលំអគារនេះ។ ដូច្នេះហើយការយកចិត្តទុកដាក់នឹងបញ្ហានេះគឺមាន សារសំខាន់។
ប្រាកដណាស់ ត្រឹមរយៈពេលនេះយើងមិនគួរចាប់ផ្តើមទម្លាក់កំហុសទៅលើភាគី ណាមួយបានទេ។ ប៉ុន្តែការស៊ើបអង្កេតមួយដែលមានភាពឯករាជ្យ ច្បាស់លាស់ គួរតែមាន ដើម្បីអាចឲ្យយើងដឹងអំពី មូលហេតុច្បាស់លាស់ដែលនាំឲ្យមានសោកនាដកម្ម ដ៏អាក្រក់បំផុតមួយនេះក្នុងប្រវត្តិសាស្ត្រខ្មែរបច្ចុប្បន្ន។
ជាសំណាងល្អ រាជរដ្ឋាភិបាលបានផ្តោតចំណាប់អារម្មណ៍ជាសំខាន់ទៅលើហេតុការណ៍នេះ។ សម្តេច ហ៊ុន សែន បាននាំមុខក្នុងការឆ្លើយតបទៅនឹងការដួលរលំអគារនៅខេត្ត ព្រះសីហនុ។ យើងសង្ឃឹមថា ការស៊ើបអង្កេតមួយដែលមានភាពឯករាជ្យ ច្បាស់លាស់ ដែលដឹកនាំដោយ អ្នកជំនាញគួរតែត្រូវបានបង្កើតឡើង។ ជាមួយគ្នានេះដែរ ការបោះបង់ចោលនូវវោហាសព្ទដែល គ្មានភាពច្បាស់លាស់គឺចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីផ្តល់ពេលវេលាប្រមូលព័ត៌មានគ្រប់គ្រាន់ដែលអាច កំណត់ពីមូលហេតុពីក្រោយការដួលរលំនិងផ្តល់អោយមានការកែទម្រង់ គោលនយោបាយដែលចាំបាច់ ដើម្បីចៀសវាងហេតុការណ៍ដូចគ្នានេះនៅថ្ងៃអនាគត។ ជាងនេះទៅទៀត ការឆ្លើយតបដែលប្រើប្រាស់ ទិន្នន័យនិងព័ត៌មានច្បាស់លាស់គួរតែមាន ដើម្បីចៀសវាងហេតុការណ៍ដូចគ្នានេះនៅថ្ងៃអនាគត។
ធាតុពិតនៃវិស័យសំណង់ចិននៅកម្ពុជា
ស្របពេលជាមួយគ្នានឹងទំហំវិនិយោគទុនរបស់ចិននៅក្នុងប្រទេសកម្ពុជា និងតួនាទីដ៏ធំរបស់ ការវិនិយោគទុននេះនៅក្នុងវិស័យឧស្សាហកម្មសំណង់ ការជជែកពិភាក្សាអំពីបញ្ហានេះគួរតែត្រូវធ្វើឡើង ដោយមានការយល់ដឹងពីភាពជាក់ស្តែងនិងការអនុវត្តជាក់ស្តែងនៃឧស្សាហកម្មសំណង់នៅចិន។
យើងគួរតែមានការវិភាគបន្ថែមទៀតលើការអនុវត្ត ស្តង់ដារ និងការការពារកម្មករក្នុង វិស័យសំណង់ចិននៅកម្ពុជា ក្នុងខណៈពេលដែលវិស័យសំណង់ចិនកំពុងមាន ឥទ្ធិពលទៅលើវិស័យ សំណង់កម្ពុជា និងប្រជាជនកម្ពុជា។
ប្រវត្តិសាស្ត្រថ្មីៗទាក់ទងនឹងវិស័យសំណង់ចិនមួយចំនួនមានប្រយោជន៍ក្នុងករណីវិភាគលើ បញ្ហានេះ។
កាលពីខែឧសភាឆ្នាំ២០១៨ អគារមួយដែលកំពុងស្ថិតនៅក្នុងដំណើរការជួសជុលនៅក្នុងសង្កាត់ ចាងស៊ីង ទីក្រុងសៀងហៃបានបាក់បានសម្លាប់មនុស្ស ៤ នាក់និងរងរបួស ១៤ នាក់។
ចាប់តាំងពីមួយទសវត្សរ៍មុន ចំនួននៃការដួលរលំអគារកាន់តែរន្ធត់ថែមទៀតដោយសារតែចំនួន អ្នកស្លាប់ដោយសារការដួលរលំអគារនៅទូទាំងប្រទេសចិន នៅយូណាន ហីឡុងជាំង ហឺណាន ខេត្តជាំងស៊ី សានស៊ី និង ខេត្តផ្សេងៗទៀត។
ស្របពេលជាមួយគ្នានឹងការចាប់ផ្តើមទទួលស្គាល់ភាពធ្ងន់ធ្ងរនៃបញ្ហានេះ ទីក្រុងប៉េកាំងបាន អនុវត្តក្របខ័ណ្ឌតឹងរ៉ឹងដើម្បីគ្រប់គ្រងវិស័យសំណង់ រួមមាន "បទបញ្ជាស្តីពីការងាររដ្ឋបាលសុវត្ថិភាព ការងារគម្រោងសំណង់ឆ្នាំ ២០០៤" ហើយនឹងសេចក្តីណែនាំនាពេលថ្មីៗនេះអំពីសុវត្ថិភាពរបស់កម្មករ ពីនាយកដ្ឋានអភិបាលកិច្ចនៃក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននិងការអភិវឌ្ឍន៍ជនបទ ហើយនឹង ច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិន។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិនបានប្រកាសនៅឆ្នាំ ២០១៨ ថាខ្លួននឹងពង្រឹង ការគ្រប់គ្រង សុវត្ថិភាពដើម្បីកែលម្អការគ្រប់គ្រងតំបន់បណ្ដាញដើម្បីពង្រឹងការត្រួតពិនិត្យសុវត្ថិភាពរួមបញ្ចូលទាំងការគ្រប់គ្រងនៅលើទីតាំង និងការខិតខំប្រឹងប្រែងខ្លាំងក្លាដើម្បីលុបបំបាត់គ្រោះថ្នាក់ដែលឆ្លើយតបទៅនឹងការកើនឡើងនៃការស្លាប់ទាក់ទងនឹងសំណង់និងការរិះគន់ពីសាធារណៈ។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ដដែលនេះបានកត់សម្គាល់ថាចំនួនគ្រោះថ្នាក់នៅក្នុង វិស័យសំណង់នៅតែមានចំនួនខ្ពស់បំផុតក្នុងរយៈពេល ៩ ឆ្នាំជាប់គ្នា។ នៅក្នុងឆ្នាំ ២០១៨ ចំនួនគ្រោះថ្នាក់បានកើនឡើងដល់ ៤,៣ ភាគរយ ដែលក្នុងនោះការបាក់រលំអគារត្រូវបាន គូសបញ្ជាក់ថាជាបញ្ហាចំបង។ ខណៈពេលដែលគួរឱ្យសរសើរចំពោះការខិតខំប្រឹងប្រែង ទាំងនេះរបស់ទីក្រុងប៉េកាំង, សកម្មភាពនេះគឺត្រូវបានចាត់ទុកជាការលួងលោមក្រុមគ្រួសារ នៃអ្នកដែលបានស្លាប់នៅសៀងហៃកាលពីដើមឆ្នាំនេះ។
អ្នកវិភាគបរទេសនិងអ្នកវិនិយោគក្នុងស្រុកនៅលើវិស័យសំណង់ចិនបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាពកម្មករនិយោជិត រចនាសម្ព័ន្ធគ្រប់គ្រងសំណង់ គ្មានប្រសិទ្ធភាព និងបំណងប្រាថ្នាសម្រាប់ "ប្រាក់ចំណេញឆាប់រហ័ស" របស់អ្នកវិនិយោគទុនដែល តែងតែ ប្រើសម្ភារៈស្តង់ដារទាបនិងប្រើផ្លូវកាត់ដើម្បីទទួលយក អត្ថប្រយោជន៍របស់ប្រទេសដែលមាន សេដ្ឋកិច្ចកំពុងរីកលូតលាស់នេះមុនពេលចិនផ្ទាល់ជួបការធ្លាក់ចុះនៅក្នុងកំណើនសេដ្ឋកិច្ច។
សំណួរដែលត្រូវសួរ
សម្រាប់ប្រទេសកម្ពុជា សំណួរដែលត្រូវសួរគឺថា តើក្របខណ្ឌគតិយុត្តិបែបណាដែលគួរតែត្រូវបាន អនុវត្ត ដើម្បីធានាថាក្រុមហ៊ុនចិនដែលទទួលខុសត្រូវខ្ពស់និងមានវិជ្ជាជីវៈគឺអ្នកសាងសង់អគារដែល កំពុងតែរីកដូចផ្សិតនៅក្រុងព្រះសីហនុ ទីក្រុងភ្នំពេញ និងទីក្រុងដទៃទៀត?
លើសពីនេះទៀតតើវិស័យនេះអាចធ្វើពិពិធកម្មយ៉ាងដូចម្តេចដើម្បីជំរុញការវិនិយោគសំណង់ ដែល មកពីជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលដល់ ការចែកចាយនូវ ការអនុវត្តល្អ ៗ របស់ឧស្សាហកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយយើងក៏ទទួលស្គាល់ដែរថា ការវិនិយោគរបស់ចិននៅក្នុងវិស័យសំណង់បានផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ប្រទេសកម្ពុជា។
ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជាមិនគួរអនុញ្ញាតឱ្យខ្លួនក្លាយជា "កន្លែងចាក់សោរ" របស់ក្រុមហ៊ុនចិន និងអ្នកអភិវឌ្ឍន៍ចិនដែលចង់តែស្វែងរកប្រាក់ចំណេញ ឆាប់រហ័សនិងរកការទាញប្រយោជន៍ពីវិស័យអចលនទ្រព្យដែលកំពុងតែរីកលូតលាស់យ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលប្រទេសចិនខ្លួនឯងជួបជាមួយក្នុងការធ្លាក់ចុះនៅ ក្នុងកំណើនសេដ្ឋកិច្ច។
ខណៈពេលដែលកំណើនសេដ្ឋកិច្ចរបស់ចិនបន្តធ្លាក់ចុះ ការបន្តទាញយកប្រយោជន៍ពីសេដ្ឋកិច្ចរីកលូតលាស់របស់កម្ពុជាពីសំណាក់ចិន នឹងបន្តបន្ថយគុណភាពការងារនិងបង្កើនចំនួន អ្នកអភិវឌ្ឍន៍ដែលចង់រកប្រាក់ចំណេញឆាប់រហ័សដោយបើកហាងនៅកម្ពុជា។
ដោយឃើញពីការទទួលស្គាល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះបញ្ហានេះ វាជាពេលវេលា ដែលយើងគួរតែចាប់ផ្តើមវិភាគភាពជាក់ស្តែងទៅលើឧស្សាហកម្មសំណង់របស់ប្រទេសចិនដើម្បីធ្វើការកំណត់រកដំណោះស្រាយគោលនយោបាយពិតប្រាកដ។
ដើម្បីអោយប្រជាជនកម្ពុជាមានលទ្ធភាពធ្វើការនិងរស់នៅប្រកបដោយទំនុកចិត្តនិងសុវត្ថិភាពនៅក្នុងគេហដ្ឋាននិងអាជីវកម្មរបស់ពួកគេ យើងគួរចាប់ផ្តើមដោះស្រាយសំណួរទាំងនោះ ដែលបានចោតឡើង។
លោកសាស្ត្រាចារ្យ Bradley J. Murg ជានាយកផ្នែកស្រាវជ្រាវនៃអង្គការវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយឯករាជ្យមួយក្នុងរាជធានីភ្នំពេញ។ អត្ថបទដើមជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៩។