អន្តរជាតិ
យោធា​ស៊ូដង់ និង​បាតុករ​ព្រមព្រៀង​ចែក​អំណាច​គ្នា​បី​ឆ្នាំ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ
05, Jul 2019 , 10:16 am        
រូបភាព
ការចរចារវាងយោធាស៊ូដង់ និងមេដឹកនាំបាតុករ។ រូបភាព AFP
ការចរចារវាងយោធាស៊ូដង់ និងមេដឹកនាំបាតុករ។ រូបភាព AFP
​វិបត្តិ​នយោបាយ​នៅ​ស៊ូដង់ ដើរ​ដល់ទី​បញ្ចប់​ហើយ​បន្ទាប់ពី​ក្រុម​យោធា​កាន់អំណាច និង​មេដឹកនាំ​បាតុករ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​មួយ​នៅ​ថ្ងៃទី​៥ ខែកក្កដា​នេះ​។ ក្រោម​ការសម្រុះសម្រួលរ​បស់​សហភាព​អាហ្វ្រិក និង​អេ​ត្យូ​ពី យោធា​ស៊ូដង់ និង​បាតុករ​ឯកភាពគ្នា​បង្កើត​ក្រុមប្រឹក្សា​មួយ​ដើម្បី​ដឹកនាំ​ប្រទេស​រយៈពេល​បី​ឆ្នាំ​ដោយ​ឆ្លាស់​វេន​គ្នា​ធ្វើជា​ប្រធាន​។ ជា​ព័ត៌មាន​ដែល​ប្រជាជន​ស៊ូដង់​សាទរ​យ៉ាងខ្លាំង ប៉ុន្តែ​វា​កើតចេញ​ក្រោយ​ការបង្ក្រាប​យ៉ាង​ហិង្សា​លើ​បាតុករ​ផងដែរ​។​

 
​យោធា​ស៊ូដង់​កំពុងកាន់​អំណាច និង​មេដឹកនាំ​បាតុករ បាន​រកឃើញ​ដំណោះស្រាយ​លើ​ការបង្កើត​ក្រុមប្រឹក្សា​មួយ​ដើម្បី​ដឹកនាំ​ប្រទេស និង​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​អូសបន្លាយ​ក្រោយ​ការផ្ដួលរំលំ​មេដឹកនាំ​ផ្ដាច់ការ អូ​ម៉ា អាល់​-​បា​សៀ កាលពី​ខែមេសា​មក​។ ការអបអរ​បាន​ផ្ទុះឡើង​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ខា​ទុំ ដែល​កន្លងមក​ជាទី​ដែល​បាតុករ​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នឹង​ការ​កាន់អំណាច​របស់​យោធា​ដែល​ទម្លាក់​លោក អាល់​-​បា​សៀ ចេញពី​អំណាច​នោះ​។​
 
​សហភាព​អាហ្វ្រិក និង​អេ​ត្យូ​ពី គឺជា​អ្នកដើរតួ​សម្របសម្រួល​រវាង​ភាគី​ទាំងពីរ​នេះ​។ អ្នកចរចា​របស់​សហ​ភាព​អាហ្វ្រិក  Mohamed El Hacen Lebatt បានប្រកាស​នៅ​ថ្ងៃទី​៥ ខែកក្កដា ថា យោធា​ស៊ូដង់ និង​ថ្នាក់ដឹកនាំ​បាតុករ បាន​យល់ព្រម​បង្កើត​ក្រុមប្រឹក្សា​មួយ​ដោយ​យោធា និង​ស៊ីវិល​ដាក់​វេន​គ្នា​ធ្វើជា​ប្រធាន​សម្រាប់​រយៈពេល​បី​ឆ្នាំ​ឬ​យូរ​ជាង​នេះ​បន្តិច​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ យោធា និង​ក្រុម​ស៊ីវិល​ក៏​នឹង​បង្កើត​ស្ថាប័ន​មួយ​ស៊ើបអង្កេត​ការបង្ក្រាប​ហិង្សា​ផងដែរ​។​
 
​ឧ​ត្ត​ម​សេនីយ៍ Mohamed Hamdan Dagalo អនុប្រធាន​ក្រុមប្រឹក្សា​យោធា​ស៊ូដង់​ដ៏​មានអំណាច បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ រួមបញ្ចូល​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​មិន​បោះបង់​អ្នកណា​ចោល​ឡើយ​។ យ៉ាងណាមិញ អ្វីដែល​គេ​រង់​ចាំមើល​នោះ គឺ​សមាសភាព​ក្រុមប្រឹក្សា​ថ្មី​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​។ មេដឹកនាំ​បាតុករ​ម្នាក់​ប្រាប់ AFP ថា ក្រុមប្រឹក្សា​នេះ​នឹងមាន​តំណាង​ស្មើគ្នា​ដោយ​ចលនា​ស៊ីវិល​មាន​៥​នាក់ និង​យោធា​៥​នាក់​។ 
 
​ការចរចា​រវាង​យោធា​ស៊ូដង់ និង​ក្រុមបាតុករ ចាប់ផ្ដើម​ជាថ្មី​នៅ​ថ្ងៃទី​៣ ខែកក្កដា បន្ទាប់ពី​ជាប់គាំង​ជាច្រើន​សប្ដាហ៍​រហូតដល់​មានការ​បង្ក្រាប​បាតុករ​ដែល​សម្លាប់​មនុ​ស្ស​ប្រមាណ​១០០​នាក់​ឯណោះ​។ ក្រោម​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន ក្រុម​យោធា​នឹង​កាន់តំណែង​ប្រធាន​រយៈពេល​១៨​ខែ​ដំបូង ឯ​ក្រុម​ស៊ីវិល​ដឹកនាំ​១៨​ខែ​បន្ទាប់​។ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា បាតុករ​យល់ព្រម​ឲ្យ​យោធា​កាន់តំណែង​មុន​ឬ​យ៉ាងណា​ឡើយ​។​
 
​ទោះ​ត្រូវ​គ្នា​រឿង​បង្កើត​ក្រុមប្រឹក្សា​ដែល​កាន់អំណាច​នីតិប្រតិបត្តិ យោធា​ស៊ូដង់ និង​មេដឹកនាំ​បាតុករ ហាក់​មិនទាន់​មូលមតិ​គ្នា​រឿង​អំណាចនីតិបញ្ញត្តិ​នៅឡើយ​ទេ​។ លោក Lebatt បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ភាគី​ទាំង​ពីរបាន​យល់ព្រម​ពន្យារពេល​បង្កើត​សភា​អន្តរកាល​បណ្ដោះអាសន្ន​សិន​។ មុន​ការ​ដួល​រំលំ​ការចរចា​ក្នុង​ខែឧសភា យោធា និង​ស៊ីវិល​បាន​ឯកភាព​បង្កើត​សភា​ដែលមាន​សមាជិក​៣០០​នាក់ ហើយពីរ​ភាគបី​ជា​ស៊ីវិល​៕ 

Tag:
 ស៊ូដង់​
  អេ​ត្យូ​ពី​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com