ជាតិ
ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាព រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប
05, Jul 2019 , 10:50 am        
រូបភាព
ដោយ៖ ហួ ឆេងស៊ីម

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាលាខេត្តសៀមរាប, អង្គការ ILO និងសសយក នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាព រយៈពេល២ថ្ងៃ ពីថ្ងៃទី១២-១៣ កក្កដា នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


 
នៅថ្ងៃទី១២-១៣ ខែកក្កដានេះ នាខេត្តសៀមរាប នឹងមានពិព័រណ៍ការងារ និងផលិតភាពដ៏ធំមួយ សម្រាប់សិស្សនិស្សិត អ្នកស្វែងរកការងារធ្វើ។ ពិព័រណ៍ការងារ និងផលិតភាពនេះ រៀបចំដើម្បីបង្កើតជាវេទិកាការងារដ៏ធំនៅមួយកន្លែង ដោយងាយស្រួល សម្រាប់និយោជិក អ្នកផ្ដល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារ ដោយសំដៅតាំងបង្ហាញការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ។ ក្នុងពិព័រណ៍នេះ និយោជក អាចផ្សព្វផ្សាយពីតម្រូវការ ស្តីពីតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគតដើម្បីទាក់ទាញអ្នកស្វែងរកការងារធ្វើដែលមានសមត្ថភាព។
 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ អ្នកស្វែងរកការងារធ្វើ អាចស្វែងរកការងារនៅកន្លែងផ្ទាល់ ព្រមទាំងទទួលបានព័ត៌មានស្តីពីឱកាសការងារនាពេលបច្ចុប្បន្ន និងអនាគតព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនានា។ ជាមួយគ្នានេះ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក៏អាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍន៍ជំនាញគ្រប់ប្រភេទ ជាពិសេស ពង្រីកបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស។
 
សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពនេះ រៀបចំឡើងក្រោមការគាំទ្ររបស់សាលាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាសៀមរាប(សសយក) និងអង្គការអន្តរជាតិខាងការងារ(ILO)។ សម្រាប់អ្នកស្វែងរកការងារ សិស្សនិស្សិត និងសាធារណជន សូមអញ្ជើញចូលទស្សនា និងដាក់ពាក្យការងារឲ្យបានច្រើនកុះករ៕
 

Tag:
 ពិព័រណ៍
  ការងារ
  ផលិត
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com