ជាតិ
នាយករដ្ឋមន្ត្រី​៖« ភ្នំពេញ​សព្វថ្ងៃ បញ្ហា​ធំ​ពីរ​សំខាន់ ខ្វះ​ចំណតរថយន្ត និង​សំរាម​»
05, Jul 2019 , 11:36 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន លើកឡើងថា រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​ប្រឈម​បញ្ហាសំខាន់​ពីរ គឺ​កង្វះ​ចំណតរថយន្ត និង​បញ្ហា​សំរាម​។ ក្នុងឱកាស​ជួប​សំណេះសំណាល​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​៤​ខែកក្កដា សម្ដេច ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា​៖«​បើ​និយាយ​ពី​ភ្នំពេញ​បច្ចុប្បន្ន​វិញ បញ្ហា​ធំ​ពីរ​សំខាន់ ទី​១ ខ្វះ​ចំណតរថយន្ត ទី​២ សំរាម មួយថ្ងៃ​៣​ពាន់​តោន​ដល់​សម្បូរ​ស៊ី​ពេក​»​។​


 
​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖


 
 
​សម្ដេច​បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យ​បង្កើត​ចំណតរថយន្ត​បន្ថែម ​ពិសេស​ចំណត​ក្រោម​ដី ដើម្បី​បញ្ចៀស​ការប្រើ​ចិញ្ចើមផ្លូវ​សម្រាប់​ចំណត​យានយន្ត​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី អះអាងថា នៅក្នុង​ក្រុងភ្នំពេញ​សព្វថ្ងៃ បើ​មធ្យោបាយ​ធ្វើដំណើរ​ចំនួន​៥០​ភាគរយ​នៃ​ចំនួន​សរុប ចេញ​នៅលើ​ដងផ្លូវ​ព្រម​គ្នា នោះ​នឹងគាំង​ស្ទះ​ភ្នំពេញ​មិន​ខាន​។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គម្រោង​ចំណត​សាធារណៈ​ក្រោម​ដី បាន​លេចចេញ​ឡើង ដោយ​សព្វថ្ងៃនេះ​មាន​គម្រោង​ស្ថិតក្រោម​ការសាងសង់ និង​គម្រោង​ដាក់​ឲ្យ​ដំណើរការ ខ្លះមក​ដែរ​។ គម្រោង​ទាំងនោះ​មានដូចជា ចំណត​ក្រោម​ដី​នៅ​ចន្លោះ​អគារ​វឌ្ឍនៈ និង​អគារ​កាណាឌីយ៉ា ចំណត​​មុខ​ស្ថានទូត​អាមេរិក និង​ចំណត​ក្រោម​ដីដែលត្រូវបានអនុញ្ញាតឲ្យសាងសង់នៅ​ក្បែរ​ផ្សារ​រាត្រី​។ គួរបញ្ជាក់ថា នៅ​រាជធានី​បច្ចុប្បន្ននេះ រថយន្ត​មាន​ចំនួន​ប្រមាណ កន្លះ​លាន​គ្រឿង និង​ម៉ូតូ ១​លាន​៧០​ម៉ឺន​៕

Tag:
 សំរាម​
  ចំណតរថយន្ត​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com