កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធ​វៀតណាម Cong Phuong ទៅលេង​នៅ​ក្លិប​កំពូល​បែលហ្ស៊ិក Sint-Truiden
05, Jul 2019 , 1:57 pm        
រូបភាព
Cong Phuong បានស៊ុត​បាល់បញ្ចូលទី១គ្រាប់​លើ​កម្ពុជា ខណៈវៀតណាមឈ្នះ ៥-០ នាវគ្គជម្រុះ Asian Cup កាលពី​ឆ្នាំ​២០១៧
Cong Phuong បានស៊ុត​បាល់បញ្ចូលទី១គ្រាប់​លើ​កម្ពុជា ខណៈវៀតណាមឈ្នះ ៥-០ នាវគ្គជម្រុះ Asian Cup កាលពី​ឆ្នាំ​២០១៧
ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម Nguyen Cong Phuong បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ក្នុង​លី​គ​លំដាប់​កំពូល​បែលហ្ស៊ិក Sint-Truidense V.V (Sint-Truiden) ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាលពី​ក្លិប Hoang Anh Gia Lai (HAGL)​។​



​ក្លិប Hoang Anh Gia Lai នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​វៀតណាម នៅ​ថ្ងៃទី​៥ ខែកក្កដា បាន​បញ្ជាក់ថា​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​វ័យ​២៤​ឆ្នាំនេះ​គឺ​បានបញ្ចប់​តាំងពី​២​ថ្ងៃមុន​ម្លេះ ពោល​មុនពេល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ពួ​កគេ​ទៅទៀត​។​

 Nguyen Cong Phuong ដែល​នឹងត្រូវ​ពាក់​លេខ​១៥ សម្រាប់​ក្លិប​ថ្មី​នេះ​បានបង្ហាញ​អារម្មណ៍​រំភើប​ក្រោយ​បាន​ចូលរួម​ជាមួយ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​អឺរ៉ុប​នេះ​។​

«​ខ្ញុំ​ពិតជា​មាន​មោទកភាព​ខ្លាំងណាស់ និង​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ Sint-Truidense VV ក្នុង​ក្របខណ្ឌ First Division A របស់​បែលហ្ស៊ិក​។ នេះ​គឺជា​ចំណុច​ចាប់ផ្តើម​ថ្មី និងដ៏​សំខាន់​មួយ​នៅក្នុង​អាជីព​កីឡាបាល់ទាត់​របស់ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​ដល់​លោក Doan Nguyen Duc ដែលជា​គ្រូ​របស់ HAGL ក៏ដូចជា​មន្ត្រី​កីឡាបាល់ទាត់​វៀតណាម​ទាំងអស់​។ ខ្ញុំ​នឹង​ព្យាយាម​ហ្វឹកហាត់ និង​លេង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​»​។ នេះ​ការអះអាង​របស់ Cong Phuong​។​

មុន​ទៅកាន់​ទឹកដី​អឺរ៉ុប​នេះ Cong Phuong ដែល​បង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ឲ្យ​ជម្រើសជាតិ​វៀតណាម​ក្នុង​យុទ្ធនាការ AFC Asian Cup ឆ្នាំ​២០១៩ ក៏​ធ្លាប់​ក្លិប​នៅ​ជប៉ុន និង​កូរ៉េខាងត្បូង​ខ្ចី​ជើង​ផងដែរ​។ កាលពី​ឆ្នាំ​២០១៦ រូបគេ​បាន​ទៅ​ចូលរួម​ជាមួយ​  Mito HollyHock នៃ​លី​គ​លំដាប់​ទី​២​ជប៉ុន (J2 League) ដោយ​បង្ហាញខ្លួន​៧​ប្រកួត មុនពេល​ទៅ​ចូលរួម​ជាមួយ Incheon United នៃ​លី​គ​កំពូល​កូរ៉េខាងត្បូង (K League 1)៕


Tag:
 Nguyen Cong Phuong
  Sint-Truidense V.V
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com