អន្តរជាតិ
ប្រមុខ​ការទូត​អង់គ្លេស ព្រមាន​ដាក់ទណ្ឌកម្ម​លើ​ចិន​ជុំវិញ​បាតុកម្ម​នៅ​ហុងកុង
05, Jul 2019 , 8:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Jeremy Hunt ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Jeremy Hunt ។ រូបភាព AFP
​សង្គ្រាមពាក្យសម្ដី​រវាង​ចិន​និង​អង់គ្លេស កំពុងពុះ​កញ្ជ្រោល​ខ្លាំង​ឡើង​មិន​ថមថយ​ជុំវិញ​បាតុកម្ម​នៅ​ហុងកុង​។ ទីក្រុង​ឡុង​ដ៍ មិនបាន​ស្ដាប់​សម្ដី​ព្រមាន​ម្ដង​ហើយ​ឲ្យ​ម្ដងទៀត​របស់​ប៉េកាំង​ដែល​ប្រាប់​ឲ្យ​ឈប់​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ឡើយ​។ ប្រមុខ​ការទូត​អង់គ្លេស ជេ​រេ​មី ហាន់ នៅ​ថ្ងៃទី​៤ ខែកក្កដា បាន​ប្រាប់​ចិន​ជាថ្មី​ពី​ផលវិបាក​ធ្ងន់ធ្ងរ ឬក៏​ទណ្ឌកម្ម បើ​ស្ថានការណ៍​នៅ​ហុងកុង​មិនល្អ​ប្រសើរ ហើយ​សិទ្ធិសេរីភាព​ប្រជាជន​នៅតែ​រង​គំនាប​នោះ​។​

 
​ការឆ្លើយ​ឆ្លង​ពាក្យសម្ដី​រវាង​ប៉េកាំង និង​ឡុង​ដ៍​នាពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​លើ​បញ្ហា​ហុងកុង ស្ថិត​ត្រឹម​ការព្រមាន​គ្នា​ទៅវិញទៅមក និង​ការកោះហៅ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​ឡុង​ដ៍​ទៅ​សួរនាំ​ប៉ុណ្ណោះ​។ ចិន​មិន​ពេញចិត្ត​ឡើយ​ចំពោះ​ការអធិប្បាយ​មិន​ឈប់ឈរ​របស​អង់គ្លេស​ទៅលើ​ការធ្វើ​បាតុកម្ម​តវ៉ា​នៅឯ​ហុងកុង ហើយ​ប្រាប់​ឲ្យ​អង់គ្លេស​ដោះដៃ​ចេញពី​ទីក្រុង​ទៀតផង ព្រោះ​សព្វថ្ងៃ​ហុងកុង​ជា​កម្មសិទ្ធិ​ចិន មិនមែន​អាណានិគម​អង់គ្លេស​ទៀតឡើយ​។​
 
​យ៉ាងណាមិញ សម្ដី​របស់​ចិន​មិន​ចូល​ត្រចៀក​អង់គ្លេស​ឡើយ​។ នៅ​ថ្ងៃទី​៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ជេ​រេ​មី ហាន់ បន្ត​វាយប្រហារ​ចិន និង​ព្រមាន​មហាអំណាច​អាស៊ី​មួយ​នេះ​ពី​ផលវិបាក​ទៀតផង ប្រសិន​ចិន​ហ៊ាន​បំពាន​ការប្ដេជ្ញាចិត្ត​ខ្លួន​ជុំវិញ​ការរក្សា​សិទ្ធិសេរីភាព​ប្រជាជន​ពេល​ទទួលយក​ហុងកុង​ពី​អង់គ្លេស​នោះ​។ កាន់តែ​ធ្ងន់​នោះ លោក ហាន់ បញ្ជាក់ថា អង់គ្លេស​បើកចំហ​ដល់​ការដាក់ទណ្ឌកម្ម​លើ​ចិន​ផង​។​
 
​ក្នុង​កម្មវិធី​មួយ​របស់​ទូរទស្សន៍ BBC លោក ហាន់ សង្កត់ធ្ងន់ថា អង់គ្លេស​ចា​ត​ទុក​រឿង​ហុងកុង​នេះ ជា​បញ្ហាសំខាន់ ហើយ​អង់គ្លេស ក៏​មិន​នៅ​ស្ងៀម​ដែរ បើ​បង្ក្រាប​បាតុកម្ម​នៅ​ហុងកុង​។ យ៉ាងណាក៏ដោយ ប្រមុខ​ការទូត​អង់គ្លេស​រូបនេះ​បញ្ជាក់ថា លោក​ថ្កោលទោស​សកម្មភាព​របស់​បាតុករ​ដែល​ឈានដល់​ការ​លុកលុយ​អាគារ​សភា​ហុងកុង​ផង ប៉ុន្តែ​ក៏​ឆ្លៀត​ព្រមាន​ដែរ​ថា ចិន​មិនត្រូវ​ឆ្លើយតប​នឹង​បាតុកម្ម​នេះ​ដោយ​ការ​រឹតត្បិត​ឡើយ​។   
 
​សូមបញ្ជាក់ថា អង់គ្លេស​ធ្លាប់​គ្រប់គ្រង​ហុងកុង​ច្រើនជាង​១៥០​ឆ្នាំមុន​ប្រគល់​ឲ្យ​ចិន​នៅ​ឆ្នាំ​១៩៩៧ ។ កាលពី​ឆ្នាំ​១៩៨៤ អង់គ្លេស និង​ចិន​បាន​ចុះហត្ថលេខា​មួយ​ដែល​បាន​ធានា​ស្វ័យភាព​សេដ្ឋកិច្ច និង​សេរីភាព​របស់​ប្រជាជន​ហុងកុង​ដែល​ជនជាតិ​ចិន​មិន​ធ្លាប់​ទទួលបាន​។ លោក ហាន់ ប្រាប់​ឲ្យ​ចិន​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ​ឲ្យ​ម៉ត់ចត់ និង​ធានាថា សេរីភាព​ប្រមូលផ្ដុំ​របស់​ពលរដ្ឋ​ហុងកុង ត្រូវបាន​ធានា​ឲ្យ​បាន​ដាច់ខាត​។​
 
​ក្រោម​រូបមន្ត «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ហុងកុង ជា​ទឹកដី​ចិន​ដែល​ការប្រមូលផ្ដុំ​តវ៉ា​អាចធ្វើ​ឡើង​ដោយ​ស្រួល​។ ប៉ុន្តែ​ការធ្វើ​បាតុកម្ម​ចុងក្រោយ ធ្វើឡើង​ដោយ​ហិង្សា ខណៈ​បាតុករ​វ័យក្មេង​សម្រុកចូល​អាគារ​សភា ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​។ នេះ​ជា​មូលហេតុ​ដែល​ចិន​មិន​សប្បាយ​ចិត្តនឹង​អង់គ្លេស ព្រោះ​អង់គ្លេស​មិនបាន​ថ្កោលទោស​ខ្លាំងក្លា​ចំពោះ​ទង្វើ​បែបនេះ​ឡើយ តែ​បែរជា​ព្រមាន​ចិន​មិន​ឲ្យ​បង្ក្រាប​ទៅវិញ​៕   

Tag:
 អង់គ្លេស​
  ចិន​
  ហុងកុង​
  Jeremy Hunt
© រក្សាសិទ្ធិដោយ thmeythmey.com