ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ហាម​ដាច់ខាត​មិន​ឲ្យ​យក​កងកម្លាំង​ទៅ​បម្រើ​ក្រុមហ៊ុន​ឯកជន និង បុគ្គល​
06, Jul 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ហាម​គ្រប់​អង្គភាព​ថា ដាច់ខាត​មិនត្រូវ​ឆ្លៀត​យក​កងកម្លាំង​ទៅ​បម្រើ​ការងារ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ​ជា​លក្ខណៈ​បុគ្គល​ឯកជន ដោយ​គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ឡើយ​។ សម្តេច ស ខេង ដាក់​បម្រាម​នេះ តាមរយៈ​សេចក្តីណែនាំ​ថ្មី​មួយ ស្តីពី​ការគ្រប់គ្រង​មន្ត្រី​នគរបាលជាតិ និង​ការគ្រប់គ្រង​អាវុធ ដែល​ចេញ​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​។


 
​បើតាម​សេចក្តីណែនាំ សម្តេច​រដ្ឋមន្ត្រី ក៏បាន​ហាម​មិន​ឲ្យ​យក​កងកម្លាំង​ទៅ​ប្រចាំការ ឬ​ការពារ​នៅ​កន្លែង​កម្សាន្ត​ផ្សេងៗ​ផងដែរ ដូចជា  ក្លិប ខារ៉ាអូខេ និង កាស៊ីណូ ជាដើម​។ លើសពីនេះ សម្តេច បាន​ណែនាំ​គ្រប់​អង្គភាព ឲ្យ​គ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ ឲ្យ​បាន​ត្រឹមត្រូវ តាម​សេចក្តីកំណត់​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​។ 
 
​ម្យ៉ាងទៀត រដ្ឋមន្ត្រី​មហាផ្ទៃ នៅ​ហាម​គ្រប់​អង្គភាព​មិន​ឲ្យ​យក​ម៉ូតូ​បើកផ្លូវ និង​រថយន្ត​សា​រ៉ែ​ន​របស់​អង្គភាព ទៅ​បើក​ការពារ ឬ​ហែ​អម​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ណា​ឡើយ​។ រដ្ឋមន្ត្រី​រូបនេះ ដាស់តឿន​ដូច្នេះ​ថា​៖«​ប្រធាន​អង្គភាព​គ្រប់​ឋានានុក្រម មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ក្នុងការ​អនុវត្ត​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ក្នុងករណី​ប្រព្រឹត្ត​ផ្ទុយ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ក្រសួងមហាផ្ទៃ និង​ច្បាប់​»៕ 

Tag:
 ​ស ខេង​
  នគរបាល​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com