កីឡាជាតិ
ជាតិ
ក្របខណ្ឌ​កំពូល ចាប់ផ្តើម​ជំនួប​ជើង​ទី​ពីរ​នៅ​រសៀល​នេះ ដោយមាន​បី​គូ​
06, Jul 2019 , 12:31 pm        
រូបភាព
កំពង់ចាមបានយកឈ្នះអគ្គិសនីកម្ពុជា ១-០ កាលពីជើងទីមួយ ដែលជាជ័យជម្នះ​តែមួយលើកគត់របស់ក្រុមខេត្តមួយនេះ។
កំពង់ចាមបានយកឈ្នះអគ្គិសនីកម្ពុជា ១-០ កាលពីជើងទីមួយ ដែលជាជ័យជម្នះ​តែមួយលើកគត់របស់ក្រុមខេត្តមួយនេះ។
ដោយ: ថ្មីៗ
ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​ការប្រកួត​ជើង​ទី​២ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​៦ កក្កដា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្នុងចំណោម​ការប្រកួត​ទាំង​៣ ការ​ប៉ះគ្នា​រវាង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​)​នៅលើ​ទឹកដី​ខេត្តសៀមរាប ត្រូវបាន​គេ​រំពឹងថា ជាការ​ប្រកួត​ដ៏​ទាក់ទាញ និង​ស្វិតស្វាញ​បំផុត​។



​ក្រុម​ឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន​ក្នុង​ជើង​ទី​១ អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ភ្ញៀវ​ក្រសួងការពារជាតិ សម្រាប់​ជំនួប​ជើង​ទី​២​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​៦ ខែកក្កដា​នេះ​។ ការ​ប៉ះគ្នា​រវាង​ក្រុម​ទាំងពីរ ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ និង​មានការ​ទាក់ទាញ​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ការ​ឈ្នះ​រៀងៗ​ខ្លួន ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ដណ្តើម​កំពូល​តារាង​។

​លើសពីនេះ វា​ក៏​ជាការ​ប្រកួត​ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ​ចំណូល​របស់​ពួកគេ ដែល​ទើប​នាំចូល​កាលពីពេល​ថ្មីៗ​។ អង្គ​រថា​យ​ហ្គឺ​រ បាន​នាំចូល​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Fernando Cozar Torres ដែល​ជោគជាំ​ដោយ​បទពិសោធ​លេង​បាល់ទាត់​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ និង​ហ្វាំ​ង​ឡង់ ខណៈ​ក្រសួងការពារជាតិ​បាន​នាំចូល​កីឡាករ Na Hyosung និង Khan Mohammed Faeez​។

​នា​ជំនួប​ជើង​ទី​១​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ ដូច្នេះ​សម្រាប់​ការប្រកួត​ជើង​ទី​២ អង្គ​រថា​យ​ហ្គឺ​រ​ទំនង​អាចមាន​ប្រៀប​ជាង​ទ័ព ព្រោះ​ការប្រកួត​ធ្វើឡើង​នៅលើ​ទឹកដី​ពួកគេ ដែល​ល្បី​ថា ជា​ក្រុម​ខ្លាំង​នៅក្នុង​ដី​។​

​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​សៅរ៍​នេះដែរ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម​បាត​តារាង​កំពង់ចាម​ប្រើប្រាស់​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​អគ្គិសនី​កម្ពុជា​។ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​អគ្គិសនី​កម្ពុជា កំពង់ចាម​បាន​យកឈ្នះ​ក្នុង​លទ្ធផល ១-០ ដែលជា​ជ័យជម្នះ​លើកដំបូង​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ​។ ក្រោយ​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ​ក្នុង​ជើង​ទី​១​ក្រុម​ចំណូល​ថ្មី​មកពី​ខេត្តកំពង់ចាម ទើប​នាំចូល​កីឡាករ​៣​រូប​ផងដែរ​។  

​ចំណែក​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ត្រូវ​បើកទ្វារ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​ស្វាគមន៍​ភ្ញៀវ​នៅក្នុង​ខេត្តតាកែវ​ដូចគ្នា គីរីវង់​សុខ​សែន​ជ័យ​។ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​គីរីវង់​សុខ​សែន​ជ័យ U18 បាទី បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៤-១​។ គីរីវង់​ទើប​នាំចូល​កីឡាករ​ជប៉ុន Taku Yanagidate និង​កីឡាករ​កូ​ឌី​វ័រ Coulibaly Major Bangaly នៅ​ជើង​ទី​២​នេះ​៕   


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com