អន្តរជាតិ
តើ​មូល​ហេតុអ្វី​បានជា​លិខិតឆ្លងដែន​មាន​ពណ៌​ខុសៗ​គ្នា​?
06, Jul 2019 , 9:59 pm        
រូបភាព
​វា​មិនមែនជា​រឿង​ចម្លែក​ប៉ុន្មាន​ទេ​នៅពេលដែល​ធ្វើដំណើរ​ឆ្លងដែន​នៅតាម​អាកាសយានដ្ឋាន ឬ​នៅតាម​ព្រំដែន​គោក អ្នក​អាច​សង្កេតឃើញ​ប្រភេទ​លិខិតឆ្លងដែន​មាន​ពណ៌​ផ្សេងគ្នា​អាស្រ័យ​តាម​ប្រទេស​នីមួយៗ​។ ប៉ុន្តែ​ភាគច្រើន​នៃ​លិខិតឆ្លងដែន​ទាំងនោះ​មាន​បួន​ពណ៌​ប៉ុណ្ណោះ​។

 
​សារព័ត៌មាន Telegraph របស់​អង់គ្លេស​បាន​ពន្យល់ថា បួន​ពណ៌​ចម្បង​នៃ​លិខិតឆ្លងដែន​នានា​ជុំវិញ​ពិភពលោក​នោះ​មានដូចជា ក្រហម ខៀវ បៃតង និង ខ្មៅ ឬ​ពេលខ្លះ​វា​គ្រាន់​តែមាន​កម្រិត​ពណ៌​ក្រ​ម៉ៅ ឬ​ថ្លា​បន្តិចបន្តួច​ប៉ុណ្ណោះ​។ 
 
​ចំណែក​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (International Civil Aviation Organization) ឬ ICAO គឺជា​ស្ថាប័ន​មួយ​ដែល​ជួយ​ជ្រុំ​ជ្រែង​ក្នុងការ​កំណត់​លក្ខ​ខ​ណ្ខ​មួយចំនួន​ក្នុង​ការផលិត ឬ​ការធ្វើ​បច្ចុប្បន្នភាព​នៃ​លិខិតឆ្លងដែន​។​
 
 លិខិតឆ្លងដែន​នៅតាម​បណ្តា​ប្រទេស​ដែលមាន​វត្តមាន​ក្នុង​សហភាព​អឺរ៉ុប (EU) ភាគច្រើន​មាន​ពណ៌​បែប​ក្រហម​ឈាមជ្រូក ឬ​ក្រហម​ក្រ​ម៉ៅ ដែល​ភាសា​អង់គ្លេស​ហៅថា ពណ៌ Burgundy ។ មូលហេតុ​មួយចំនួន​ត្រូវបាន​គេ​សំដៅ​ទៅលើ​ប្រវត្តិសាស្ត្រ​នៃ​របប​កុម្មុយនីស្ត​។ 
 
​ចំណែកឯ​ប្រទេស​នៅតាម​បណ្តា​ទ្វីបអាមេរិក តំបន់​កា​រ៉ា​អ៊ី​ប ឬ​ទ្វីបអូសេអានី មាន​បោះ​ពុ​ម្ភ​លិខិត​ឆ្ង​ន​ដែន​ដែលមាន​គម្រប​ពណ៌​ខៀវ​។ មូលហេតុ​គឺ​ប្រទេស​ទាំងអស់នោះ​ភាគច្រើន​ត្រូវបាន​គេ​សំដៅថា ទឹកដី​ថ្មី ឬ​ដែនដី​ថ្មី ក្រោយពី​អាណានិគម ឬ​ការរុករក​ស្រាវជ្រាវ​របស់​ប្រទេស​មហាអំណាច​ក្នុងប្រទេស​អឺរ៉ុប​។​
 
 ចំណែកឯ​ប្រទេស​ខ្លះទៀត​វិញ ការ​រើសយក​ពណ៌​គឺ​មិនមែន​ដោយសារ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នោះទេ ពេលខ្លះ​វា​ជា​លំនាំ​នៃ​ការលើកតម្កើង​លទ្ធិ​សាសនា​របស់​ជាតិ​ខ្លួន​។ ប្រទេស​ដែល​កាន់សាសនា​ឥស្លាម ជាពិសេស​នៅតាម​តំបន់​អាស៊ី​កណ្តាល ភាគច្រើន​ប្រើប្រាស់​ពណ៌​បៃតង​។ 
​គេ​មានជំនឿថា ពណ៌​បៃតង​គឺជា​ពណ៌​ដែល​ព្យា​ការី Muhammad ចូលចិត្ត​ស្រឡាញ់​ជាងគេ​។​
 
 ចំណែកឯ​ពេលខ្លះ​ពណ៌​ខ្មៅ​ត្រូវបាន​គេ​ប្រើ ដោយសារ​មាន​មិន​ងាយ​ប្រឡាក់ ឬ​ពេលខ្លះ​វា​ជា​ពណ៌​ដែល​មើលទៅ​បង្ហាញ​ពី​ភាព​ផ្លូវការ ឬ​ចាស់ទុំ​ជាដើម​។ ពណ៌​ក្រហម​ឆៅ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ងាយស្រួល​ឲ្យ​គេ​ចាប់អារម្មណ៍​ឬ​ពិនិត្យ​។ 
 
​ចំណែកឯ​ប្រទេស​ខ្លះ​វិញ ពណ៌ ស គឺ​សម្រាប់​អ្នកដំណើរ​ឆ្លង​ប្រទេស​ណា​ដែល​ត្រូវការ​ការឆ្លង​ដែន​ក្នុងករណី​អាសន្ន ឬ​ករណី​ពិសេស​ណាមួយ​។ សរុបមក គ្មាន​ច្បាប់​កំណត់​ច្បាស់លាស់​ឡើង​ក្នុងការ​រើស​ពណ៌​នៃ​លិខិតឆ្លងដែន​។ វា​គ្រាន់តែ​ជាការ​និយម​ប្រើប្រាស់​របស់​ប្រទេស​ក្នុង​តំបន់​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ​៕ 

Tag:
 លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com