លោក វ័​ន្ត សំបូរ អ្នក​អភិរក្ស​និង​មគ្គុទ្ទេសក៍​សត្វ​ស្លាប​ប្រាថ្នា​ចង់ឃើញ​មានការ​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក វ័​ន្ត សំបូរ អ្នក​អភិរក្ស​និង​មគ្គុទ្ទេសក៍​សត្វ​ស្លាប​ប្រាថ្នា​ចង់ឃើញ​មានការ​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​
06, Jul 2019 , 10:29 pm        
រូបភាព
​សៀមរាប​៖ ជា​អ្នក​ស្រឡាញ់​និង​ចូលចិត្ត​សត្វ​ស្លាប​មួយរូប លោក វ័​ន្ត សំបូរ តែង​ធ្វើ​ការងារ​ជាច្រើន​ដែល​ទាក់ទង​នឹង​សត្វ​ស្លាប​បំណង​ដើម្បី​ការការពារ​និង​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​នៅ​ប្រទេស​កម្ពុជា​។ ជា​អ្នក​អភិរក្ស​និង​មគ្គុទ្ទេសក៍​សត្វ​ស្លាប​រូប​ផង​នោះ ក្រៅពី​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​តម្លៃ​នៃ​សត្វ​ស្លាប​ហើយ​នោះ ជារឿយៗ​លោក​តែង​ចុះ​ផ្ដិតរូប​សត្វ​ស្លាប​នៅតាម​តំបន់​នានា​ក្នុងប្រទេស​កម្ពុជា​ដើម្បី​ចងក្រង​ជា​ឯកសារ​ឬ​ចែកចាយ​ឱ្យ​សាធារណជន​បាន​ស្គាល់​នៅតាម​បណ្ដាញ​សង្គម​។ សម្រាប់​មគ្គុទ្ទេសក៍​រូប​នេះ សត្វ​ស្លាប​មានតម្លៃ​យ៉ាងខ្លាំង​ដល់​សហគមន៍​ហើយ​លោក​ចង់ឃើញ​ឱ្យ​សហគមន៍​ទាំងនោះ​យល់ដឹង​និង​រួមចំណែក​ដើម្បី​ការពារ​អភិរក្ស​សត្វ​ស្លាប​ទាំងនោះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 


 
​មាន​និស្ស័យ​និង​ចូលចិត្ត​សត្វ​ស្លាប​មួយរូប លោក វ័​ន្ត សំបូរ បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ក្នុងការ​ការពារ​និង​អភិរក្ស​សត្វ​ស្លាប ក៏ដូចជា​បានរួម​ចំណែក​បង្កើត​អង្គការ​អភិរក្ស​សត្វ​ស្លាប​ដំបូង​នៅ​កម្ពុជា​។ លោក​បានចាប់ផ្តើម​ការ​ងារ​នេះ​នៅ​ឆ្នាំ​១៩៩៥ ពេលដែល​កម្ពុជា​មិនទាន់មាន​ការអភិរក្ស​សត្វ​ស្លាប​នៅឡើយ​។ លោក សំបូរ រំ​ឮ​កថា អំឡុង​ពេលនោះ​សកម្មភាព​សម្លាប់សត្វ​ស្លាបមាន​សភាព​ធ្ងន់ធ្ងរ​ដោយ​មានការ​ថ្នាក់​ថ្នាំ​បំពុល​សម្លាប់សត្វ​យ៉ាង​អនាធិបតេយ្យ​។ ពេលនោះ​ហើយ​ដែល​ទឹកចិត្ត​ស្រឡាញ់​និង​ចង់​អភិរក្ស​សត្វ​ស្លាប​បាន​ផុស​ក្នុង​ខួរក្បាល​លោក សំបូរ​។​


 
​ការងារ​របស់លោក សំបូរ កើតឡើង​ពី​ទឹកចិត្ត​ស្រឡាញ់​ចង់ឱ្យ​សត្វ​ស្លាប​ក៏ដូចជា​សត្វព្រៃ​មាន​ភាព​គង់វង្ស​នៅ​កម្ពុជា​។ ក្រៅពីនេះ លោក​យល់ថា​នៅពេល​មាន​សត្វ​ស្លាប​នៅ​តំបន់​ណា នោះ​នឹងមាន​ការអភិវឌ្ឍ​ផ្នែក​ទេសចរណ៍​នៅ​តំបន់​នោះ​ផងដែរ​។ 
 
​ការចុះ​អប់រំ​និង​ផ្សព្វផ្សាយ​ដល់​សហគមន៍​ឱ្យ​យល់​ពី​បញ្ហា​សត្វ​ស្លាប​របស់លោក សំបូរ គឺ​ខុសពី​ស្ថាប័ន​អង្គការ​មួយចំនួន​ដែល​កំពុងតែ​ធ្វើ​។ លោក សំបូរ ប្រាប់ថា ពេលទំនេរ​ពី​ការងារ​លោក​តែង​ឆ្លៀត​ចុះទៅ​តាម​តំបន់​ផ្សេងៗ​ដើម្បី​ផ្តិត​រូបភាព​សត្វ​ស្លាប និង​អប់រំ​ក្មេងៗ​ដោយផ្ទាល់​ពេល​ជួប​ពួកគេ​កំពុង​បរបាញ់​សត្វ​ជាដើម​។ រូបថត​ដែល​លោក​ថត​បាន លោក សំបូរ តែង​យក​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ចែករំលែក​ចំណេះដឹង​ឬ​ឈ្មោះ​សត្វ​ស្លាប​ដែល​លោក​បាន​ស្គាល់​។ យ៉ាងណា លោក សំបូរ ទទួលស្គាល់ថា​ការងារ​នេះ​មិនមែនជា​រឿង​ងាយស្រួល​ទេ ដោយ​ត្រូវ​ប្រឈម​នឹង​ក្រុមមនុស្ស​មួយចំនួន​ដែល​មិន​ព្រម​យល់​ពី​បញ្ហា​នេះ​។ ការណ៍​នេះ ធ្វើឱ្យ​លោក សំបូរ ប្រឈម​នឹង​ការមិន​ពេញចិត្ត​ពី​សំណាក់​អ្នករកស៊ី​សត្វព្រៃ​ផងដែរ ដែល​លោក​ប្រាប់ថា​មានការ​បារម្ភ​ពី​សុវត្ថិភាព​ខ្លួនឯង​ដែរ​ពេលខ្លះ​។ 


 
​ទាក់ទង​នឹង​ការចុះ​ថតរូប​សត្វ​ស្លាប លោក សំបូរ ប្រាប់ថា លោក​ចង់​មាន​រូបថត​សត្វ​ស្លាប​ដោយ​ខ្លួនឯង ហើយ​មាន​ពេល​ចុះ​អប់រំ​ប្រជាពលរដ្ឋ​បណ្ដើរ​កុំឱ្យ​មានការ​បរបាញ់​សត្វ​ដោយ​សេរី​។ សម្រាប់​អ្នក​ស្រឡាញ់​សត្វ​ស្លាប​រូបនេះ គឺ​ចង់ឱ្យមាន​ការអភិរក្ស​សត្វ​ស្លាប​ឱ្យបាន​គង់វង្ស​តទៅ​កូនចៅ​ទៅមុខទៀត​។​
 
​បើ​ធៀប​នឹង​វត្តមាន​សត្វ​ស្លាប​កាលពី​ឆ្នាំ​១៩៩៥​មកទល់នឹង​បច្ចុប្បន្ននេះ លោក សំបូរ យល់ថា មានការ​កើនឡើង​នៃ​ចំនួន​សត្វ​ស្លាប​ប្រមាណ​៧០​ភាគរយ​ឯណោះ​។ យ៉ាងណា លោក​សង្កេតឃើញថា នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​បន្ត​ប្រព្រឹត្តិ​បទល្មើស​សត្វ​ស្លាប ដែល​ការណ៍​នេះ​លោក​បារម្ភ​ថា​វា​នឹង​អាច​ត្រឡប់​ទៅ​អតីតកាល​វិញ ដែល​នឹង​អាចឱ្យ​ប្រភេទ​សត្វ​ស្លាប​កម្រ​មួយចំនួន​បាត់បង់​ក៏​ថា​បាន​ប្រសិនបើ​គ្មាន​ការ​ទប់ស្កាត់បាន​ត្រឹមត្រូវ​។​


 
​សម្រាប់​ជំនាញ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​សត្វ​ស្លាប លោក វ័​ន្ត សំបូរ ស្គាល់​ប្រភេទ​សត្វ​ជាង ៣០០​ប្រភេទ​។ ការងារ​នេះ លោក​បាន​នាំ​ភ្ញៀវទេសចរ​ជាតិ​និង​អន្ដរជាតិ​ជាច្រើន​ទៅ​ទស្សនា​តំបន់​សត្វ​ស្លាប​នានា​ក្នុងប្រទេស​កម្ពុជា​ដូចជា​នៅ​តំបន់​ព្រែក​ទាល់ បឹង​ពារាំង និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​មានកំ​ពង់​ធំ រតនគិរី​ជាដើម​។  
 
​ក្នុងនាម​ជា​អ្នក​ស្រឡាញ់​សត្វ​ស្លាប​មួយរូប លោក សំបូរ សុំឱ្យ​ពលរដ្ឋ​ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​សត្វ​ស្លាប​នេះ ដើម្បី​ថែរក្សា​ប្រភេទ​សត្វ​ស្លាប​ឱ្យមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា​បន្តទៀត​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​បានឃើញ​និង​បាន​ស្គាល់​។ នៅពេល​មានការ​អភិរក្ស​បាន​ហើយ នោះ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សហគមន៍​នៅ​ទីនោះ ដូចជា​សម្រាប់​គោលដៅ​ទេសចរណ៍​មួយ​ជាដើម​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com