កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​គ​៖ ភ្នំពេញ​ក្រោ​ន​ទទួល​បឹងកេត​លើក​ទី​ពីរ និង​ជំនួប​៣​គូ​ទៀត​នៅថ្ងៃនេះ​
07, Jul 2019 , 12:12 pm        
រូបភាព
ចាន់ វឌ្ឍនាកា និង Booysen Shane បង្ហាញសមត្ថភាពឡើង​វិញសម្រាប់ក្លិបចាស់រៀងៗខ្លួននៅជើងទីពីរ។ រូបថត ហ្វេសប៊ុក បឹងកេត និងភ្នំពេញក្រោន
ចាន់ វឌ្ឍនាកា និង Booysen Shane បង្ហាញសមត្ថភាពឡើង​វិញសម្រាប់ក្លិបចាស់រៀងៗខ្លួននៅជើងទីពីរ។ រូបថត ហ្វេសប៊ុក បឹងកេត និងភ្នំពេញក្រោន
ដោយ:
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ ឈានដល់​ការបញ្ចប់​សប្តាហ៍​ទី​១៤​នៅ​ថ្ងៃអាទិត្យ​នេះ​។ កីឡដ្ឋាន អ អេស អិន រៀបចំ​ជំនួប​លើក​ទី​២ នា​រសៀល​នេះ រួមទាំង​ជំនួប​៣​គូ​ទៀត​។​


 
​បឹងកេត ប៉ះ ភ្នំពេញ​ក្រោ​ន វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន R.S.N  
 
​នេះ​ជា​ជំនួប​ដ៏​តានតឹង​និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​ទើប​នាំចូល​កីឡាករ​ថ្មី​ដើម្បី​ត្រៀម​ប្រកួត​ជើង​ទី​២​នេះ​។ បឹងកេត​បាន​នាំចូល​កីឡាករ ចាន់ វឌ្ឍនាកា ដែល​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី PKNS និង​ខ្សែបម្រើ​ជប៉ុន Kenta Yamazaki ដែល​ពួកគេ​ទាំងពីរ​សុទ្ធសឹង​ជា​កីឡាករ​ជោគជាំ​ដោយ​បទពិសោធ​លេង​បាល់ទាត់​។ ខណៈ​ភ្នំពេញ​ក្រោ​ន​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​របស់លោក ស៊ុំ វណ្ណា បាន​ទិញ​ចូល​ខ្សែប្រយុទ្ធ Booysen Shane ដែល​ធ្លាប់​លេង​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, ខ្សែប្រយុទ្ធ Dzarma Bata ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ឲ្យ​ក្លិប​ក្រសួងការពារជាតិ​, ខ្សែបម្រើ​ជម្រើសជាតិ​របស់​អាហ្គានីស្ថាន Mustafa Zazai, សេង សា​រ៉ាវុធ និង សុខ សុវណ្ណ​។​
 
​ក្រៅពី​តេស្ត​សមត្ថភាព​កីឡាករ​ថ្មី ភ្នំពេញ​ក្រោ​ន​ត្រូវការ​ឈ្នះ​បឹងកេត ដើម្បី​សងសឹក ក្រោយ​ពួកគេ​បាន​ចាញ់ ៣-២ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​របស់ខ្លួន ដោយ​ពេលនោះ​ភ្នំពេញ​ក្រោ​ន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Leonardo Vitorino ដែល​ក្លិប​បានបញ្ចប់​កិច្ចសន្យា​មុនពេល​កំណត់​។ ក្រោយ​ចប់​ជើង​ទី​១ បឹងកេត​ឈរ​លេខ​រៀង​ទី​៤​មាន​២៦​ពិន្ទុ រីឯ​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​៦​មាន​២៤​ពិន្ទុ​។ 
 
​ណាហ្គា​វើ​ល ប៉ះ អាស៊ី​អឺរ៉ុប វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
 
​វា​ជា​ជំនួប​សងសឹក​សម្រាប់​អាស៊ី​អឺរ៉ុប ដែល​ពួកគេ​ចាញ់​ណាហ្គា​វើ​ល ១-០ នៅ​ជើង​ទី​១​។ ដើម្បី​ត្រៀម​ការប្រកួត​ជើង​ទី​២​អាស៊ី​អឺរ៉ុប​បាន​ផ្លាស់ប្តូរ​សមាសភាព​កីឡាករ​បរទេស​មួយចំនួន ដោយ​ទិញ​ចូល​កីឡាករ Julien William, Ndoumene Yannick Francois, Tjutomu Hasegawa និង​កីឡាករ សុក ចាន់​រស្មី ខណៈ​ណាហ្គា​វើ​ល​នាំចូល​កីឡាករ Kawabata Yugo​។​
 
​បើ​មើ​លពី​ការប្រកួត​៣​លើកចុងក្រោយ​របស់​ពួកគេ ក្រុម​ឈរ​លេខ​រៀង​ទី​៣​ណាហ្គា​វើ​ល​បាន​យកឈ្នះ​យុវជន​បាទី ៣-០ ចាញ់​វិសាខា ៣-២ និង​ស្មើ ០-០ ជា​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​អាស៊ី​អឺរ៉ុប ដែល​ឈរ​លេខ​រៀង​ទី​៩ បាន​យកឈ្នះ​វិសាខា ៣-១ ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ២-០ និង​ចាញ់​ក្រសួងការពារជាតិ ៤-១​។ ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​នៅថ្ងៃនេះ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​។ 
 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន EDC 
 
​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ត្រូវ​ធ្វើការ​ធ្ងន់​នៅថ្ងៃនេះ ព្រោះ​ព្រះខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​ខ្លាំង​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​សម្រាប់​១៣​ប្រកួត​កន្លងមកនេះ​។ ចំណែក​១៣​ប្រកួត​របស់​ក្រុម​ឈរ​លេខ​រៀង​ទី​១១​មួយ​នេះ ស្គាល់​ជ័យជម្នះ​៤​លើក ស្មើ​១ និង​ចាញ់​៨​។ ទោះបី​ព្រះខ័ន​រាជ​ស្វាយរៀង នឹង​បន្ត​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​នេះ​ក៏ដោយ តែ​ពួកគេ​ត្រូវការ​ឈ្នះ​នៅ​រសៀល​នេះ ដើម្បី​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​ពី​ការ​ប្រជែង​របស់​ណាហ្គា​វើ​ល និង​អង្គ​រថា​យ​ហ្គឺ​រ​។ កាល​ជើង​ទី​១​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្នុង​លទ្ធផល ២-០​។ 
 
​ណាហ្គា​វើ​ល ប៉ះ សូល​ទី​ឡូ​អង្គរ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
 
​ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​សូល​ទី​ឡូ​អង្គរ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២ ដែល​អង្គ​រថា​យ​ហ្គឺ​របា​ន​ដណ្តើមយក​កាលពី​ថ្ងៃ​សៅរ៍​។ បច្ចុប្បន្ន​ក្រុម​ដែល​ទើប​នាំចូល​កីឡាករ​ជប៉ុន​១​រូប​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​២៨​ពិន្ទុ ក្រោម​អង្គ​រថា​យ​ហ្គឺ​រ​២​ពិន្ទុ និង​មាន​គម្លាត​ជាមួយ​ក្រុម​កំពូល​តារាង​៥​ពិន្ទុ​។ កាល​ជើង​ទី​១​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ 
 
​ចំណែក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ​ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​២១​ពិន្ទុ​។ ចង់​មិន​ចង់ ក្រុម​គ្មាន​ការដោះដូរ​កីឡាករ​ក្នុង​ជើង​ទី​២​មួយ​នេះ ក៏ត្រូវ​ការ​ឈ្នះ​ណាហ្គា​វើ​ល​វិញ​ផងដែរ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​។ តែបើ​ពួកគេ​ចាញ់​នៅថ្ងៃនេះ នឹងធ្វើ​ក្រុម​នេះ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង ខណៈ​បច្ចុប្បន្ន​ពួកគេ​មាន​គម្លាត​១២​ពិន្ទុ​៕  
 

Tag:
 បាល់ទាត់​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com