អន្តរជាតិ
រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​៖ ទូក​នេសាទ​បរទេស​១​ម៉ឺន​គ្រឿង ត្រូវបាន​បណ្តេញ​ចេញពី​ដែនទឹក​ឥណ្ឌូណេស៊ី​
07, Jul 2019 , 5:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ឲ្យ​ដឹងថា ក្រោម​រដ្ឋបាល​របស់ខ្លួន មាន​ទូក​នេសាទ​ប្រមាណ ១​ម៉ឺន​គ្រឿង​ត្រូវបាន​បណ្តេញ​ចេញពី​ទឹក​ឥណ្ឌូណេស៊ី​។ ក្រុង​ហ្សា​ការ​តា អះអាងថា ចំណាត់ការ​នេះ បានផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ជាតិ​មកវិញ​។​

 
​តាមរយៈ​កិច្ចប្រជុំ​ពិនិត្យ​ការងារ​ប្រចាំឆមាស​នៅ​ថ្ងៃ​៤ កក្កដា រដ្ឋមន្ត្រី​នេសាទ និង​កិច្ចការ​ដែនសមុទ្រ​លោកស្រី Susi Pudjiastuti បាន​អះអាងថា កន្លងមក​រដ្ឋាភិបាល បាន​បណ្តេញ​ទូក​នេសាទ​ខុសច្បាប់​ប្រមាណ​១០,០០០ គ្រឿង​ពី​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post​។ 
 
​លោកស្រី​រដ្ឋមន្ត្រី បាន​បន្ថែមថា នាវា​និង​ទូក​នេសាទ​បរទេស ដែល​ភាគច្រើន​មាន​ទំហំ​ធំ​ជាង​ទូក​នេសាទ​របស់​ពលរ​ដ្ឋ​ឥណ្ឌូណេស៊ី និង​សុទ្ធតែ​បំពាក់​ជាមួយនឹង​សម្ភារ​នេសាទ​ច្រងេងច្រងាង​ផង​នោះ បាន​បំពាន​លើ​ធនធាន​ដែនសមុទ្រ​របស់​ឥណ្ឌូណេស៊ី​ហួសហេតុ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវអនុវត្ត​គោលនយោបាយ​ម៉ឺងម៉ាត់ និង​ធ្ងន់ធ្ងរ​បំផុត​។ 
 
​ខណៈ​បដិសេធ​ការប្រកាន់​ដែលថា គោលនយោបាយ​បង្ក្រាប​នេះ ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេសាទ​ក្នុងស្រុក​នៅ​ទ្រឹង លោកស្រី​រដ្ឋមន្ត្រី បាន​អះអាងថា ចំណាត់ការ​នេះ បាន​ចូលរួមចំណែក​មួយ​ភាគ​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។ តាម​លោកស្រី គិត​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩​នេះ ឧស្សាហកម្ម​នេសាទ បាន​ចូល​ចំណែក​ក្នុង​កំណើន​ក្នុង​ទំហំ ៤,៤១  ពាន់​លាន​ដុល្លារ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា គោលនយោបាយ​បង្ក្រាប​ទូក​នេសាទ​បរទេស​ខុសច្បាប់​របស់​ឥណ្ឌូណេស៊ី ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០១៥ ពោលគឺ​នៅក្នុង​អាណត្តិ​ទី​១​របស់លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​។ កន្លងមក រដ្ឋាភិបាល​ឥណ្ឌូណេស៊ី មិន​ត្រឹមតែ​បណ្តេញ​ទូក​នេសាទ​ប៉ុណ្ណោះ​នោះទេ តែ​ក៏បាន​ឃាត់ទុក និង​បំផ្លាញ​ទូក​នេសាទ​បរទេស​ខុសច្បាប់​រាប់រយ​គ្រឿង​ផងដែរ​៕  
 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com