អន្តរជាតិ
តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ទៅដល់​លើ​ភព​ព្រះ​ចន្ទ​?
20, Jul 2019 , 12:42 pm        
រូបភាព
​ព្រះ​ចន្ទ​ គឺជា​ភព​រណប​តូច​មួយ ​ដែលមាន​គន្លង​របស់ខ្លួន​ដាល​ជុំវិញ​ភពផែនដី​។ ភព​ព្រះ​អង្គារ​ក៏មាន​កូន​ភព​រណប​ពីរ​ដាល​ជុំវិញខ្លួន​វា​ដែរ​។ ជា​មធ្យម ភព​ព្រះ​ចន្ទ​មាន​ចម្ងាយ​ប្រមាណ ៣៨៤,៤០០​គីឡូម៉ែត្រ​។ តើ​មកដល់​បច្ចុប្បន្ន មនុស្ស​ប៉ុន្មាន​នាក់​ហើយ​បាន​ជាន់​ភព​ព្រះ​ចន្ទ​?

 
​កា​រប​ញ្ចូ​ន​អវកាសយានិក​ទៅ​ស្រាវជ្រាវ និង​សិក្សា​ក្នុង​រយៈពេល​ខ្លី​នៅលើ​ភព​ព្រះ​ចន្ទ​ជា​រឿង​ដែល​ពិសេស និង​មាន​មោទកភាព​បំផុត​សម្រាប់​ជាតិ​សាសន៍​នីមួយៗ​។ 
 
​ដូច​បានឃើញ​ស្រាប់ បេស​កកម្ម​ទៅកាន់​ភព​ព្រះ​ចន្ទ​ដោយ​អាមេរិក ដើម្បី​ប្រជែង​នឹង​សហភាពសូវៀត (​សព្វថ្ងៃ​រុស្សី​)​ ក្នុង​វិស័យ​បច្ចេកវិទ្យា ​ក្នុង​លំហ​អាកាស​ក្នុងសម័យ​សង្គ្រាមត្រជាក់​។ 
 
​បេសកកម្ម​អា​ប៉ូ​ឡូ (Apollo Missions) គឺជា​ក្រុម​បេសកកម្ម​តែមួយគត់ ​របស់​សហរ​ដ្ឋ​អាមេរិក​ ដែល​មានប​ញ្ចូ​ន​អវកាសយានិក​ ទៅកាន់​ដី​នៃ​ភព​ព្រះ​ចន្ទ​។ 
 
​គេហទំព័រ universetoday.com បាន​ពន្យល់ថា​នៅក្នុង​ឆ្នាំ​១៩៦៩ បេសកកម្ម អា​ប៉ូ​ឡូ​ទី​១១ បានទទួល​ជោគជ័យ ​ក្នុងការ​ចុះចត​នៅលើ​ភព​រណប​មួយ​នេះ​។ មនុស្ស​ពីរ​នាក់​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​បានដាក់​ជំហាន​របស់ខ្លួន​នៅលើ​សណ្ឋាន​ដី​របស់​ព្រះ​ចន្ទ​ គឺ​លោក Neil Armstrong និង​លោក Buzz Aldrin ។ អ្នក​ទាំងពីរ​ បាន​នៅលើ​ទីនោះ​ អស់​រយៈពេល​ប្រមាណ​ជាង​២១​ម៉ោង​ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៦៩។
 
​ជា​រួម មាន​បេសកកម្ម​អា​ប៉ូ​ឡូ​របស់​អង្គការ NASA ចំនួន​៧​ ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​ការ​បង្ហោះ​អវកាសយានិក ​ទៅកាន់​ភព​ព្រះ​ចន្ទ​។ បេសកកម្ម​ទាំង​៧​នោះ​ មាន អា​ប៉ូ​ឡូ​ទី​១១, ១២, ១៣ ,១៤, ១៥ ,១៦ និង ១៧​។ ក្នុង​បេសកកម្ម​នីមួយៗ អ្នក​ដែល​ត្រូវបាន​ដើរ​លើ​ភព​ព្រះ​ចន្ទ​ មាន​ចំនួន​ពីរ​នាក់ និង​ម្នាក់ទៀត​ មាន​តួនាទី​ក្នុងការ​រង់ចាំ​ នៅឯ​យានអវកាស​ដែល​ដាល​ជុំវិញ​ភព​ព្រះ​ចន្ទ ចាំ​ទទួល​អ្នក​ទាំងពីរ​នោះមក​វិញ​។ ប៉ុន្តែ​ចៃដន្យ យាន​អា​ប៉ូ​ឡូ​ទី​១៣ បាន​ទទួលរង​បញ្ហា​នៅពេល​ធ្វើដំណើរ ទើប​បង្ខំ​ឲ្យ​អវកាសយានិក​ត្រឡប់មក​ផែនដី​វិញ​ជាបន្ទាន់​។ 
 
​សរុបមក ​មាន​អវកាសយានិក​សរុប ​១២​នាក់ ដែល​បាន​ដើរ​លើ​ភព​ព្រះ​ចន្ទ​។ អ្នក​ទាំង​១២​នោះ សុទ្ធសឹងតែ​ជា​បុរស គ្មាន​នារី​ទេ​។ បេសកកម្ម​ចុងក្រោយ​ រប​ស់អា​ប៉ូ​ឡូ​គឺ អា​ប៉ូ​ឡូ​ទី​១៧ ក្នុង​ឆ្នាំ​១៩៧២ ក្នុងនោះ​មាន​លោក Eugene Cernan និង​លោក Harrison Schmitt ដែល​បាន​ដើរ​លើ​ភព​ព្រះ​ចន្ទ​៕ 

Tag:
 ភព​ព្រះ​ចន្ទ​
  ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com