ជាតិ
លោក នួន ជា កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​
08, Jul 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​មួយ​សប្ដាហ៍​ហើយ ដែល​លោក នួន ជា មេដឹកនាំ​របប​ខ្មែរក្រហម កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ លោក នួន ជា វ័យ​៩៣ ត្រូវបាន​ក្រុមគ្រូពេទ្យ នៃ​សាលាក្តី​ខ្មែរក្រហម (​អ​.​វ​.​ត​.​ក​) បញ្ជូនមក​សង្គ្រោះបន្ទាន់ កាលពី​ថ្ងៃទី​២ កក្កដា​។​


 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម មិនអាច​បញ្ជាក់​លម្អិត​នៃ​ប្រភេទ​ជំងឺ​របស់លោក នួន ជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ឡើយ ដោយ​លោក គ្រាន់តែ​អះអាងថា រង់ចាំ​មើល​ការតាមដាន​ពិនិត្យ​របស់​ក្រុមគ្រូពេទ្យ​។ «​ខ្ញុំ​មិនអាច​បញ្ជាក់បាន​ថា​តើ​គាត់​(​នួន ជា​) មានរឿង​អ្វី​ទេ ដោយសារតែ​ព័ត៌មាន​ទាក់ទង​នឹង​សុខភាព​របស់គាត់ យើង​ចាត់ទុកជា​ព័ត៌មាន​ឯកជន និង​ជា​ព័ត៌មាន​សម្ងាត់​។ (​មកដល់ពេលនេះ​) សុខភាព​របស់គាត់​ដូចជា​មិនមាន​បញ្ហា​អ្វី​ចោទ​ទេ ហើយ​គាត់​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​នោះ​បន្តទៀត រង់ចាំ​ការត្រួតពិនិត្យ​របស់​ក្រុមគ្រូពេទ្យ​»​។ នេះ​ជ​ការបញ្ជាក់​របស់លោក នេត្រ ភក្ត្រា​។​
 
​ប៉ុន្តែ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News បាន​បញ្ជាក់ថា ជន​ជាប់ឃុំ នួន ជា មាន​បញ្ហា​ដំបៅ​ជាំខ្មៅ​នៅ​ផ្នែក​ជើង​ទាំងសងខាង​គឺ ខាងឆ្វេង​ត្រង់​ម្រាមជើង​កណ្តាល និង​ខាងស្តាំ​ត្រង់​ម្រាមជើង​មេ ដែល​តម្រូវ​ឲ្យ​វះកាត់​ជាបន្ទាន់​។​
 
​គួរ​បញ្ជាក់ថា លោក នួន ជា អតីត​មេដឹកនាំរ​ខ្មែរក្រហម​រូបនេះ ត្រូវបាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់ ១ ជីវិត​ក្នុង​សំណុំរឿង ០០២/០២ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ៕

Tag:
 នួន ជា​
  នេត្រ ភក្ត្រា​
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com